កីឡាជាតិ
ជាតិ
ក្រុម​កីឡាករ​គុន​ល្បុក្កតោ​ម្ចាស់​ជ័យលាភី​នៅ​កូរ៉េ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​ប្រធាន​សហព័ន្ធ​
25, Sep 2019 , 5:15 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​គុន​ល្បុក្កតោ ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត Pre-Sea Games លើ​វិញ្ញាសា​ដំបង​ខ្លី Arnis និង​ការប្រកួត​ក្បាច់គុន​អន្តរជាតិ International Martial Arts Contest នៅ​សាធារណៈរដ្ឋ​កូរ៉េ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។



​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ឧបត្ថម្ភ​ដល់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​ចំនួន​៩​រូប ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​តបស្នង​ដល់​ពួកគេ​។ ការផ្តល់​ថវិកា​លើកទឹកចិត្ត​នេះ ធ្វើឡើង​ក្រោយ​ពួកគេ​បាន​សាង​ស្នាដៃ​យ៉ាង​ត្រចះត្រចង់ តាមរយៈ​ដណ្តើមបាន​មេដាយមាស​៦ និង​សំរឹទ្ធ​១​ក្នុងការ​ប្រកួត Pre-Sea Games លើ​វិញ្ញាសា Arnis និង​ការប្រកួត​ក្បាច់គុន​អន្តរជាតិ International Martial Arts Contest នៅ​សាធារណៈរដ្ឋ​កូរ៉េ​។



​ក្រៅពី​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន​, យស់ សញ្ច​នា​, ពេជ្រ ពន្លឺ​, សុខ ប៊ុន​យ៉ុង​, មឿ​ន ប៊ុនលី និង ឈឹម សីលា ដែលជា​ម្ចាស់​មេដាយមាស​ក្នុងការ​ប្រកួត Pre-Sea Games លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ប្រធាន​ប្រតិភូ និង​លោក អ៊ុង ដា​រិ​ទ្ធ ជា​គ្រូបង្វឹក ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ផងដែរ​។

​ក្នុងឱកាស​ប្រគល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាករ ទាំង​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ លោក វ៉ា​ត់ ចំរើន អនុប្រធាន​សហព័ន្ធ និង​លោក កែវ រ៉េមី ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ សុទ្ធតែ​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​ត្រៀម​ដណ្តើម​មេដាយ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។



​សម្រាប់​លោក ច័ន្ទ សារុន ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​លើ​វិញ្ញាសា​ដំបង​ខ្លី Arnis ជា​ឱកាស​របស់​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ ក៏ដូចជា​សក្តានុពលរ​ប​ស់គុន​ល្បុក្កតោ ដែល​ក្បាច់គុន​កេរ​តំ​ណែ​ក​របស់​បុរស​ខ្មែរ ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ស្គាល់​កាន់តែច្បាស់​។ លោក បាន​ចាត់ទុកជា​ជោគជ័យ​ផ្ទួនៗ បើ​គុន​ល្បុក្កតោ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​។

​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ភាព​រីកចម្រើន​របស់​កីឡាករ​កីឡាការិនី​។ ទន្ទឹមនឹង​កោតសរសើរ​ពី​ស្នាដៃ អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ បាន​ឆ្លៀត​ផ្តាំ​កីឡាករ​កុំ​ឲ្យ​ផ្តេកផ្តួល​ជា​ជោគជ័យ​និង​មាន​មោទកភាព​លើ​ខ្លួនឯង​ខ្លាំងពេក​។   

​ការប្រគល់​ថវិកា​នៅ​ទីស្នាក់ការ NOCC នា​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ លោក កែវ រ៉េមី ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ លោក វ៉ា​ត់ ចំរើន អនុប្រធាន​សហព័ន្ធ និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​៕
















Tag:
 គុន​ល្បុក្កតោ​
  ច័ន្ទ សារុន
© រក្សាសិទ្ធិដោយ thmeythmey.com