ជាតិ
បុណ្យភ្ជុំបិណ្ឌ
ខ្មែរក្រោម ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ខ្លីជាងពលរដ្ឋពលខ្មែរកណ្ដាល រូបភាពពីលោក ប៊ុន មុនី
× ខ្មែរក្រោមតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងខ្ជាប់ខ្ជួន ដូចខ្មែរកណ្តាលដែរ។ ប៉ុន្តែមានភាពខុសគ្នា នៅត្រង់ថា ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោម មានរយៈពេលខ្លី ដោយសារតែពួកគេ មិនមានពេលគ្រប់គ្រាន់ ហើយមិនមែនជាថ្ងៃឈប់សម្រាករបស់ប្រទេសវៀតណាម។
ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមវត្តខ្មែរខ្លះ នៅកម្ពុជាក្រោម មានត្រឹមតែង៣ថ្ងៃ ឬមួយសប្ដាហ៍។ ទោះយ៉ាងណាក៏ដោយ ក៏មានវត្តតិចតួចខ្លះ ដែលប្រារព្ធដល់១៥ថ្ងៃ។ វត្តអារាមដែលអាចរៀបចំ១៥ថ្ងៃ គឺដោយសារតែ មានការរៀបចំដោយកិច្ចសហការគ្នារវាងវត្ត និងពលរដ្ឋ។
វត្តនៅកន្លែងខ្លះមានពលរដ្ឋកាន់បិណ្ឌច្រើនក៏បានប្រារព្ធច្រើនថ្ងៃ ដោយឡែកវត្តខ្លះមានពលរដ្ឋកាន់បិណ្ឌត្រឹម៣ទៅ៧ថ្ងៃ។ នេះតាមថេរដីការបស់ព្រះអង្គ ហា សំអាង ដែលជាអតីតព្រះចៅអធិការវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹងមានជ័យខ័ណ្ឌមានជ័យ ជាវត្តខ្មែរកម្ពុជាក្រោមនៅភ្នំពេញ។
«វត្តខ្លះមានបងប្អូនពលរដ្ឋខ្មែរមានជីវភាពធូរធា ក៏ប្រារព្ធបានច្រើនថ្ងៃហើយវត្តមួយចំនួនទៀតមិនសូវមានពលរដ្ឋចូលរួម ដោយជាប់រវល់ការងារមិនមានឈប់សម្រាក។»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ព្រះតេជគុណ ហា សំអាង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ប៊ុន មុន្នី ប្រធានមិត្តសមាគមខែ្មរកម្ពុជាក្រោម បានឲ្យដឹងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលមានការងារមិនបានចូលរួមច្រើននោះទេ ដោយសារមិនមានពេលឈប់សម្រាក ព្រោះបុណ្យប្រពៃណីខ្មែរក្នុងប្រទេសវៀតណាម។
«ពលរដ្ឋខ្មែរកម្ពុជាក្រោមមិនសូវមានការជួយជ្រោមជ្រែង កន្លែងខ្លះពលរដ្ឋមិនសូវធូរធា និងមិនមានពេលគ្រប់គ្រាន់ព្រោះគ្មានពេលឈប់សម្រាក។ វត្តដែលប្រារព្ធពិធីកាន់បិណ្ឌបានច្រើនថ្ងៃឬ១៥ថ្ងៃមាននៅតែខេត្តមាត់ជ្រូកប៉ុណ្ណោះ។ ចំពោះការទៅវត្ត កាន់បិណ្ឌ និងបោះបាយបិណ្ឌ គឺមានលក្ខណៈដូចខ្មែរកណ្ដាលដែរ។»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានសមាគមខ្មែរកម្ពុជាក្រោម៕
Tag:
ខ្មែរកម្ពុជាក្រោម
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com