ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ធ្វើនំអន្សមលក់ជាង២០ឆ្នាំ ក្រៅពីចំណូល អ្នកស្រី សុខងួន រួមចំណែកអភិរក្សនំខ្មែរ
× ភ្នំពេញ៖ មុខរបរធ្វើនំអន្សម និងប្រភេទនំខ្មែរផ្សេងៗ ក្រៅពីជួយលើកស្ទួយជីវភាពគ្រួសាររបស់អ្នកស្រី ញឹក សុខងួន ឱ្យល្អប្រសើរ ថែមទាំងមានលទ្ធភាពឱ្យកូនស្រី៤នាក់ បានរៀនចប់កម្រិតថ្នាក់បរិញ្ញាបត្រលើជំនាញរៀងខ្លួនផងដែរ។ ស្ត្រីវ័យ៦០រូបនេះ បានអះអាងថា លទ្ធផលដែលគ្រួសារអ្នកស្រី ទទួលបាននាពេលបច្ចុប្បន្ន ពីការធ្វើនំលក់អស់រយៈពេល២២ឆ្នាំមកនេះ គឺកើតចេញពីគំនិតអភិរក្សនំខ្មែរ ជាមួយស្វាមី ដោយធ្វើរួមគ្នា ទាំងក្តីស្រលាញ់ និងយកចិត្តទុកដាក់ទាំងរសជាតិ និងគុណភាព។
ក្នុងបរិវេណផ្ទះដីឡូត៍មួយកន្លែង ស្ថិតនៅភូមិក្បាលទំបន់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានហាលស្លឹកចេកជាច្រើនលើស្នួដែកខាងនៅមុខផ្ទះរបស់ អ្នកស្រី សុខងួន សម្រាប់វេចនំអន្សមជ្រូក អន្សមចេក អន្សមខ្នុរ នំគម នំបត់ និងនំខ្មែរជាច្រើនមុខទៀត ដើម្បីយកទៅលក់នៅទីផ្សារ និងតាមការបញ្ជាទិញរបស់អតិថិជននៅតាមតំបន់ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ អ្នកស្រីក៏បានធ្វើនំខ្មែរបន្ថែម ពិសេសនំអន្សមជ្រូក អន្សមចេក សម្រាប់លក់នារដូវភ្ជុំបិណ្ឌនេះផងដែរ។
បើតាមស្ត្រីដែលមានស្រុកកំណើតនៅភ្នំពេញរូបនេះ ក្រៅពីមុខរបរធ្វើនំខ្មែរលក់តាំងឆ្នាំ១៩៩៧មក គឺគ្មានមុខរបរផ្សេងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារឡើយ។ អ្នកស្រី សុខងួន បាននិយាយប្រាប់សារព័ត៌ThmeyThmey ដូច្នេះថា៖«បានជាខ្ញុំសម្រេចចិត្តប្រកបមុខរបរនេះ មិនព្រមរកមុខរបរថ្មី ដោយសារខ្ញុំស្រលាញ់ ខ្ញុំចង់រក្សានិងបង្រៀនពីរបៀបធ្វើនំខ្មែរយើងទៅកូនចៅនិងក្មេងជំនាន់ក្រោយ។ ជាពិសេសក្រៅពីបានចូលរួមអភិរក្សនំខ្មែរហើយ ខ្ញុំក៏អាចទទួលប្រាក់ចំណេញបានល្អប្រសើរ ពីការលក់នំប្រចាំថ្ងៃ ផងដែរ»។
រយៈពេលជាង២០ឆ្នាំកន្លងមកនេះ ថ្វីការដ្បិត អ្នកស្រីមានឆន្ទៈ ក្នុងការរក្សានំខ្មែរ ក៏ពិតមែន ប៉ុន្តែប្រសិនបើគ្មានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាននោះទេ ក៏អ្នកស្រីមិនអាចឈរជើងបានរហូតដល់បច្ចុប្បន្នបានដែរ។ ក្នុងមួយថ្ងៃ អ្នកស្រី សុខងួន អាចលក់នំអន្សមជ្រូក អន្សមចេក បាន១០០ទៅ២០០នំ។ អ្នកធ្វើនំខ្មែររូបនេះ បានបញ្ជាក់ថា ក្រៅពីការលក់នំប្រចាំថ្ងៃ អ្នកស្រីក៏បានទទួលការបញ្ជាទិញពីអ្នករៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យទាន និងពិធីផ្សេងៗជាច្រើនផងដែរ។
សម្រាប់កម្មវិធីនីមួយៗ អ្នកស្រី អាចទទួលធ្វើនំអន្សមជ្រូក អន្សមចេក បានជាង១០០០នំ ផងដែរ។ នំទាំងនេះ ពីក្រៅអ្នកស្រី ធ្វើជាមួយស្វាមី ក៏មានកូនៗអ្នកស្រីជួយធ្វើផងដែរ បន្ទាប់ពីពួកគេទំនេរពីការងាររៀងៗខ្លួន។
អ្នកស្រី ញឹក សុខងួន បានអះអាងថា៖«តាមរយៈមុខរបរមួយនេះ ថ្វីដ្បិតខ្ញុំគ្មានឱកាសបង្រៀនដល់ក្មេងៗច្រើនក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំបានបង្រៀនដល់កូនចៅរបស់ខ្ញុំឱ្យពួកកាត់បានស្គាល់ និងចេះពីរបៀបធ្វើនំខ្មែរទៅតាមប្រភេទនំនីមួយៗ ផងដែរ។ ហើយខ្ញុំ ពេញចិត្តជានិច្ច ក្នុងការណែនាំ និងការបង្រៀនធ្វើនំខ្មែរ នូវអ្វីដែលខ្ញុំចេះ ផ្តល់ជូនយុវជនគ្រប់រូប ដែលមានបំណងចង់ចេះពីរបៀបធ្វើនំខ្មែរយើង ទៅតាមសមត្ថដែលខ្ញុំអាចធ្វើទៅបាន»៕
© រក្សាសិទ្ធិដោយ thmeythmey.com