អន្តរជាតិ
បច្ចេកវិទ្យា
តើ AK-47 មានន័យដូចម្តេច? បង្កើតដោយនរណា?
× សម្រាប់ប្រភេទអាវុធ លោកអ្នកអាចនិយាយបានថា AK-47 ជាប្រភេទអាវុធមួយដែលមានមនុស្សស្គាល់បានច្រើនជាងគេ។ មិនថានៅក្នុងរឿងភាពយន្ត ឬក្នុងហ្គេមអាវុធបែបកម្សាន្តតាមប្រព័ន្ធកុំព្យូទ័រនោះទេ AK-47 ភាគត្រូវបានគេលើកយកមកនិយាយ ឬបង្ហាញជានិច្ច។
កាំភ្លើងមួយនេះត្រូវបានបង្កើតឡើងដោយលោក Mikhail Kalashnikov ដែលជាអតីតទាហានជនជាតិរុស្ស៊ីម្នាក់កាលពីសម័យសង្គ្រាមលោកលើកទី២។ លោក Mikhail កើតនៅក្នុងឆ្នាំ១៩១៩ ក្នុងត្រកូលគ្រួសារកសិករ។ លោកដំបូងឡើយចង់ក្លាយជាអ្នកនិពន្ធកំណាព្យទេ តែដោយសារប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រាម លោកជាមួយនឹងក្មេងប្រុសៗដទៃទៀតត្រូវបានគេយកទៅបង្វឹកធ្វើជាទាហាន។
ក្រោយមកលោកបានក្លាយទៅជានាយបញ្ជាររថក្រោះ តែត្រូវរងគ្រោះរាង្គកាយក្នុងសង្គ្រាម ឯឆ្នាំ១៩៤១ នៅពេលដែលលោកប្រយុទ្ធជាមួយទ័ពណាស៊ី អាល្លឺម៉ង់។ ក្រោយមក លោកក៏បានយកពេលវេលាមួយចំនួនដើម្បីសិក្សាពីលក្ខណៈនៃកាំភ្លើង។ មិត្តរបស់លោកបានសួរលោកថា ហេតុអ្វីបានជាទាហានរុស្ស៊ី មិនមានកាំភ្លើងមួយដែលល្អសម្រាប់ប្រើប្រាស់ និងការពារខ្លួនដូចទាហានណាស៊ីអ៊ីចឹង។ លោក Kalashnikov បានប្រើប្រាស់ពេលរបស់លោកក្នុងការច្នៃប្រឌិតផលិតកាំភ្លើងមួយប្រភេទសម្រាប់ប្រជាជនជនរុស្ស៊ីក្នុងការការពារទឹកដី។
ក្នុងឆ្នាំ១៩៤៧ លោកបានបង្កើតកាំភ្លើង AK-47 ជាលើកដំបូង។ ឈ្មោះជាផ្លូវការរបស់វាគឺ Avtomat Kalashnikova ក្នុងភាសារុស្ស៊ី ឬ Automatic Kalashnikov សម្រាប់ភាសាអង់គ្លេស។ អក្សរ «AK» គឺជាអក្សរកាត់សម្រាប់ឈ្មោះជាភាសារុស្ស៊ីខាងលើ ចំណែកឯលេខ ៤៧ គឺជាឆ្នាំ១៩៤៧ ដែលលោកបានបង្កើតវាដំបូង។ AK-47 ត្រូវបានគេផលិតសម្រាប់ការបាញ់ក្នុងចម្ងាយជិតៗតែប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺលក្ខណៈសាមញ្ញនៃគ្រឿងរបស់វា។
ងាយស្រួលប្រើប្រាស់ ងាយស្រួលជួសជុល និងអាចទុកចិត្តបាន ទោះបីជាប្រើប្រាស់ក្នុងកន្លែងកខ្វក់ សម្បូរទៅដោយកម្ទេចដី ឬនៅក្នុងដៃទាហានដែលមិនសូវចេះថែទាំកាំភ្លើងក៏ដោយ ក៏ AK-47 អាចបាញ់មិនងាយគាំងដោយស្រួលៗដែរ។ វាមានអាយុប្រើប្រាស់រហូតទៅដល់៤០ឆ្នាំ។ ក្នុងចំណោមកាំភ្លើងដៃទាំង៥០០លានគ្រឿងក្នុងពិភពលោក ដែលគេប្រើប្រាស់សព្វថ្ងៃ ក្នុងនោះ១០០លានគឺជាកាំភ្លើង AK-47 ឬកាំភ្លើងជំនាន់ក្រោយដែលមានម៉ាកស្រដៀងគ្នានិង AK-47 ដែរ។
ដោយសារតែវាមានតម្លៃធូរថ្លៃ ទើបកាំភ្លើងមួយនេះត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សខុសច្បាប់មួយចំនួនដូចជាក្រុមភេរវជន ឬក្រុមជួញដូរគ្រឿងញៀន។ នៅក្នុងពិធីខួបកំណើតទី៩០របស់លោក ក្រោយពីពេលដែលមតិជាច្រើនបាននិយាយថា AK-47 បានក្លាយជាកាំភ្លើងដែលភេរវជនជាច្រើនប្រើប្រាស់លោក Mikhail បានឆ្លើយតបទៅវិញថា វាមិនមែនជាកំហុសរបស់លោកទេ បើលោកបានបង្កើតកាំភ្លើងសម្រាប់ការពារមាតុភូមិរបស់លោក តែបែរជាត្រូវបានធ្លាក់ទៅកាន់ដៃជនអាក្រក់វិញនោះ។ លោក Mikhail Kalashnikov បានទទួលមរណភាពក្នុងឆ្នាំ២០១៣ ឯទីក្រុង Izhevsk ប្រទេសរុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com