ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ​៖ អាជ្ញាធរ​បន្ថែមចំនួន​រថយន្តក្រុង​នៅ​ផ្លូវជាតិ​លេខ​៥
26, Sep 2019 , 10:37 am        
រូបភាព
ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ នៃ​ការចាប់ផ្ដើម​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ពិសេស​ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ និង​ខេត្តស្វាយរៀង​។ បើតាម​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង មកដល់​ម៉ោង​នេះ រដ្ឋាករ​ស្វយ័ត​បាន​បន្ថែម​រថយន្ត​ដល់​ទៅ ៥៤​គ្រឿង សម្រាប់​គោលដៅ​ផ្លូវជាតិ​លេខ​៥ ខណៈ​ចំនួន​កំណត់​ត្រឹម ៤៥​គ្រឿង​ប៉ុណ្ណោះ​។


​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង លោក អ៊ា​ន សុ​ឃីម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ត្រឹម​៩​ព្រឹក​នេះ រថយន្តក្រុង​បានចេញ​ដំណើរ​អស់​ចំនួន ១១៤​គ្រឿង​។ លោក អ៊ា​ន សុ​ឃីម បន្ថែមថា គោលដៅ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ច្រើនជាងគេ គឺ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដោយ​រដ្ឋាករ​ស្វយ័ត​បាន​បន្ថែម​រថយន្ត​ដល់​៥៤​គ្រឿង ខណៈ​ចំនួន​កំណត់​ត្រឹម​៤៥​គ្រឿង​ប៉ុណ្ណោះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក អ៊ា​ន សុ​ឃីម បន្តថា ខេត្ត​មួយចំនួន ដូច​ខេត្តតាកែវ ព្រៃវែង ក្រចេះ និង​ស្ទឹងត្រែង មិនសូវមាន​អ្នកដំណើរ ដូច្នេះ​រដ្ឋាករ​ស្វយ័ត​បាន​ផ្លាស់ប្ដូរ មក​ដឹក​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​វិញ សម្រាប់​ថ្ងៃទី​១​នេះ​។ សូមបញ្ជាក់ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​ចំនួន ១២០ គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត និង​ពី​តាម​បណ្ដា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​២៦​ដល់​៣០ កញ្ញា​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖ 














Tag:
 រថយន្តក្រុង​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com