ភ្នំពេញ៖ យុវជនដែលមកធ្វើការនៅរាជធានីភ្នំពេញ កាន់តែមានអារម្មណ៍អន្ទះសាទន្ទឹងចាំថ្ងៃសម្រាក ដើម្បីបានទៅស្រុកកំណើតជួបអ្នកមានគុណឆាប់ៗ នាឱកាសភ្ជុំបិណ្ឌនេះ។ ពួកគេបានរៀបចំគម្រោងរួចជាស្រេច ថានឹងធ្វើអ្វីខ្លះនៅពេលដែលពួកគេបានទៅជួបគ្រួសារ។
ដើម្បីដឹងពីអារម្មណ៍និងគម្រោងរបស់យុវជន ពេលទៅលេងស្រុកកំណើតនៅថ្ងៃភ្ជុំបិណ្ឌ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ឮចម្រៀងពីរដូវភ្ជុំបិណ្ឌ ធ្វើឱ្យយុវជនដែលទៅធ្វើការឆ្ងាយពីស្រុកកំណើត កាន់តែនឹករឭកដល់ញាតិជាពិសេសម្ដាយឪពុករបស់ពួកគេដែលកំពុងរង់ចាំនៅឯផ្ទះ។ អង្គុយលេងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីសម្រាកពីការងារនាម៉ោងជាង៥ល្ងាច នារីសម្បុរស្រអែមស្រស់ រ៉ាំ ឌឿន ដែលធ្វើការជាអ្នកសម្អាតបានប្រាប់ពីអារម្មណ៍ដែលខ្លួនទន្ទឹងរង់ចាំថ្ងៃឈប់សម្រាក ទៅលេងស្រុកកំណើតនាឱការភ្ជុំបិណ្ឌនេះ៖«នឹកម៉ែខ្លាំងណាស់ ពេលខ្លះដេកមិនលក់ទៀត។ បើកទូរសព្ទមើលពេលណា ឃើញបងប្អូនគេបានទៅស្រុកមុន គេសប្បាយជាមួយគ្នា ខ្ញុំមានអារម្មណ៍ថាខ្លួនឯងក៏នៅទីនោះដែរ។ ខ្ញុំចង់ដល់ថ្ងៃទៅផ្ទះឆាប់ៗ នឹកផ្ទះ នឹកម៉ែ»។
ចំណែកយុវជនមួយរូបទៀតដែលឃ្លាតចាកស្រុកកំណើតពីកំពង់សោម មកធ្វើការជាចុងភៅនៅរាជធានីភ្នំពេញនោះគឺលោក សូ ធី។ ដោយសារការងារចុងភៅមានការរវល់ច្រើន ដូច្នេះ ធី នៅមិនទាន់ប្រាកដចិត្តឡើយ ថានឹងបានឈប់សម្រាកទៅតាមលិខិតដែលលោកបានសុំច្បាប់នោះ។ លោកបញ្ជាក់ទាំងទឹកមុខស្រងូត៖«ខ្ញុំបានសុំច្បាប់នៅកន្លែងការងាររួចហើយ ប៉ុន្តែនៅមិនទាន់ច្បាស់ថាមេឱ្យឈប់ឬអត់ទេ។ ភាគច្រើននៅពេលដែលខ្ញុំដាក់ច្បាប់ឈប់បានហើយ ប៉ុន្តែនៅពេលជិតដល់ថ្ងៃឈប់ គាត់បែរជាមិនឱ្យខ្ញុំឈប់វិញ។ ដូច្នេះមានការកែប្រែរហូត»។
ចេញពីអ្នកធ្វើការជាចុងភៅ យើងមកចាប់អារម្មណ៍យុវជនមួយរូបទៀត ដែលធ្វើការជាអ្នកកាសែតវិញម្ដងនោះគឺលោក ជាវ សំណាង។ អង្គុយក្នុងការិយាល័យរបស់ខ្លួន សំណាង បានប្រាប់ពីអ្វីដែលលោកនឹងធ្វើនៅពេលបានទៅដល់ស្រុកកំណើត៖«ខ្ញុំនឹងជួយការងារផ្ទះ យ៉ាងហោចណាស់ក៏ខ្ញុំបានធ្វើម្ហូបជូនម៉ែពុកទៅវត្តដែរ។ បន្ទាប់មកខ្ញុំទៅជួបមិត្តភ័ក្តិនិងបងប្អូនដែលនៅភូមិក្បែរគ្នា»។
អង្គុយក្នុងផ្ទះនៅម្ដុំវត្តសន្សំកុសលនាម៉ោងជិត៩យប់ ខណៈពេលដែលទើបតែចេញពីធ្វើការមកដល់ផ្ទះ បុរសវ័យ២២ឆ្នាំ សូ ធី គ្រោងជូនប្រាក់ម្ដាយឪពុក ដើម្បីឱ្យលោកយកទៅធ្វើបុណ្យ៖«បើសិនជាខ្ញុំបានទៅលេងផ្ទះថ្ងៃភ្ជុំធំ ខ្ញុំនឹងជូនប្រាក់ពុកម៉ែបន្តិចបន្ទួចដើម្បីឱ្យគាត់បានធ្វើបុណ្យ»។
ងាកបន្តិចទៅមើលតារាងបាល់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រួចក៏បែរមុខមករកខ្ញុំវិញស្របពេលមនុស្សម្នាដើរហាត់ប្រាណអ្នកស្រី ឌឿន ដែលមានវ័យ៣៥ឆ្នាំ ថាអ្នកស្រីនឹងរៀបចំអាហារនំចំណីជូនអ្នកមានគុណរបស់ខ្លួន៖«ទៅស្រុកថ្ងៃទី១ខ្ញុំជូនបាយឪពុកម្ដាយ និងរបស់របរបន្តិចបន្ទួចដែលខ្ញុំសន្សំប្រាក់ទិញបាន។ ថ្ងៃទី២ជុំគ្រួសារទៅធ្វើបុណ្យនៅវត្តទាំងអស់គ្នា ជាលក្ខណៈគ្រួសារ»។
អ្នកស្រីបន្ថែម៖«យើងមានឱកាសមួយឆ្នាំជួបគាត់តែ២ដងទេគឺចូលឆ្នាំនិងភ្ជុំ យើងត្រូវធ្វើម្ហូបបាយលើកជូនគាត់។ យើងប្រឹងធ្វើឱ្យល្អបំផុត ដើម្បីឱ្យគាត់សប្បាយចិត្ត។ គាត់ប្រឹងចិញ្ចឹមយើងតាំងពីបាតជើងក្រហម រហូតយើងមានកូនគាត់ចិញ្ចឹមកូនរបស់យើងទៀត គុណគាត់ច្រើនណាស់ យើងមិនអាចសងអស់ទេ»។
ការបានទៅស្រុកកំណើតនៅរដូវភ្ជុំសម្រាប់យុវជន ក្រៅពីជូនប្រាក់ឬជូនបាយម្ហូបដល់មាតាបិតា ពួកគេក៏មានការជួបជុំមិត្តចាស់ដែរ។ លោក ធី ដែលមានម្ដាយឈឺនៅផ្ទះ ហើយឪពុកជាជាងសំណង់នោះ បានប្រាប់ថាលោកតែងទទួលទានស្រាពេលទៅស្រុកជួបមិត្តចាស់។ តែទោះជាយ៉ាងណាលោកមិនទទួលទានច្រើនឡើយ។ ធី ប្រាប់ពីអ្វីដែលម្ដាយបានទូន្មាន៖«គាត់មិនធ្លាប់ស្ដីបន្ទោសខ្ញុំទេ ប៉ុន្តែគាត់ណែនាំខ្ញុំថាគ្រឿងស្រវឹងមិនល្អសម្រាប់សុខភាពទេ»។
ជាការសង្កេតទូទៅរបស់លោក ជាវ សំណាង ដែលមកពីខេត្តកំពង់ស្ពឺ បានមើលឃើញថានៅរដូវបុណ្យទាន យុវជនមួយចំនួនបានចំណាយពេលច្រើនជាមួយមិត្ត ជាងនៅជាមួយគ្រួសារ៖«ពេលខ្លះគាត់ជួបជុំមិត្តហើយមានស្រាផង អាចអូសបន្លាយពេលពេញមួយថ្ងៃ ធ្វើឱ្យម្ដាយឪពុកដើររកក៏មាន។ ជាក់ស្ដែងខ្ញុំខ្លួនឯងក៏ធ្លាប់ជួបមិត្តភ្លេចគ្រួសារដែរកាលពីឆ្នាំមុនៗ»។
មានពេលឈប់សម្រាកពីថ្ងៃទី២៧ដល់ថ្ងៃទី៣០កញ្ញា ដើម្បីទៅលេងស្រុកកំណើតអ្នកស្រី ឌឿន មានគម្រោងរៀបចំពិធីជួបជុំតូចមួយជាលក្ខណៈគ្រួសារ ដើម្បីរឹតចំណងមិត្តភាពរវាងញាតិជិតឆ្ងាយ៖«ក្នុងពេលបុណ្យនេះ គ្រួសារគាត់ហូបស្រាខ្ញុំមិនប្រកាន់ទេ ហើយខ្ញុំអង្គុយហូបទឹកក្រូចកំដរគាត់ដែរ។ វាដូចជាគ្រួសារមួយដែលកក់ក្ដៅ ព្រោះយូរៗយើងបានជួបគ្នាម្ដង»។
ទោះជាយ៉ាណាលោក សំណាង ដែលមានពេលទៅលេងស្រុកកំណើត ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ដែរនោះ ថាយុវជនដែលបានចេញពីស្រុកកំណើតមកធ្វើការឆ្ងាយ គួរចំណាយពេលឱ្យបានច្រើនជាមួយគ្រួសារនិងម្ដាយឪពុក។ ប៉ុន្តែលោកថាការរក្សាទំនាក់ទំនងជាមួយមិត្ត ក៏នៅតែបន្តក្នុងកម្រិតណាមួយ។
លោកពន្យល់៖«អ្នកខ្លះបែកពីឪពុកម្ដាយកន្លះឆ្នាំឬមួយឆ្នាំទើបបានទៅលេងស្រុកម្ដង បែរជាចំណាយពេលវេលាជាមួយមិត្តច្រើនជាងឪពុកម្ដាយ រូបភាពបែបនេះគឺមិនសមទេ។ ឪពុកនិងម្ដាយដែលគាត់ទន្ទឹងចាំផ្លូវពួកយើងជាកូនទៅលេងស្រុក គាត់គិតថាយ៉ាងហោចណាស់ក៏បានជជែកលេងជាមួយកូន សួរនាំពីការរៀនសូត្រនិងការងារជាដើមដែរ។ យើងត្រូវបំពេញភារកិច្ចជាកូនឱ្យបានល្អ រៀបចំផ្ទះ ជូនគាត់ទៅវត្តឱ្យហើយ ចាំយើងសុំគាត់ទៅជួបមិត្តមួយព្រឹកឬមួយល្ងាចវិញ៕