ជាតិ
បាក់ឌុប
ក្រសួងអប់រំ៖ ក្រោយកោសល្យវិច័យ លទ្ធផលបាក់ឌុបមិនប្រែប្រួលឡើយ
× ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ កញ្ញានេះ ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសព័ត៌មានចំនួន ៤ទំព័រ ស្ដីពីសុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។ ក្រសួងអប់រំ អះអាងថា លទ្ធផលប្រឡងដែលប្រកាសនៅថ្ងៃទី៩-១០ កញ្ញា ជាលទ្ធផលស្របទៅនឹងគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលយកបាន ជាពិសេសលទ្ធផលមិនមានការប្រែប្រួលឡើយ។
គ្មានឡើយការប្រកាសលទ្ធផលលើកទី២ នៃដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្រោយប្រកាសលទ្ធផលនៅថ្ងៃទី៩-១០ កញ្ញា មានបេក្ខជនមួយចំនួន បានដាក់ពាក្យតវ៉ាទៅកាន់ក្រសួងអប់រំ ទាក់ទងនឹងលទ្ធផលប្រឡងនាសម័យប្រឡង ១៩ សីហា ២០១៩។ បន្ទាប់ពីទទួលពាក្យតវ៉ារបស់បេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ដើម្បីពិនិត្យ និងដោះស្រាយករណីមួយចំនួន ដែលបេក្ខជនមិនសុខចិត្ត។
បើតាមក្រសួងអប់រំ នីតិវិធីនៃការកោសល្យវិច័យ គណៈកម្មការពិនិត្យ និងដោះស្រាយ បានធ្វើចំណាត់ថ្នាក់ពាក្យតវ៉ារួមមាន បេក្ខជនប្រឡងជាប់ តែមិនពេញចិត្តនឹងនិទ្ទេសតាមមុខវិជ្ជា, បេក្ខជនប្រឡងជាប់ តែមិនពេញចិត្តនឹងនិទ្ទេសរួម, បេក្ខជនប្រឡងធ្លាក់ ទាមទារឲ្យពិនិត្យមួយចំនួន និងបេក្ខជនប្រឡងធ្លាក់ ទាមទារឲ្យពិនិត្យគ្រប់មុខវិជ្ជាឡើងវិញ។
ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យ ក្រសួង អប់រំ បញ្ជាក់យ៉ាងដូច្ន៖ «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន បានរកឃើញថា លទ្ធផលនៃការប្រឡងបាក់ឌុប សម័យប្រឡង ១៩ សីហា ២០១៩ មិនមានការប្រែប្រួលទេ។ លទ្ធផលដែលប្រកាសនៅថ្ងៃទី៩-១០ កញ្ញា គឺជាលទ្ធផល ឆ្លើយតបនឹងគោលការណ៍ទាំងបួននៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
បន្ថែមលើនេះ ក្រសួងអប់រំ ក៏បានប្រកាសឈប់ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាផងដែរ។ សូមបញ្ជាក់ថា លទ្ធផលបាក់ឌុបឆ្នាំ២០១៩ សិស្សដែលប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ ក្នុងនោះនុងនោះ និទ្ទេស A មានចំនួន៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com