ជាតិ
បុណ្យភ្ជុំបិណ្ឌ
យុវវ័យ​ណាត់គ្នា​ទៅធ្វើ​បុណ្យ ដើម្បី​សន្សំ​កុសល​ទាន់​ខ្លួន​នៅ​ក្មេង​
27, Sep 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​អាយុ​ក្រោម​២០​ឆ្នាំ​មួយចំនួន បាន​ណាត់គ្នា​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ក្នុង​វ​ដូ​វ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​សន្សំ​បុណ្យ​កុសល​ទាន់​ខ្លួន​នៅ​ក្មេង​។ ការធ្វើ​បុណ្យ​រួមគ្នា​សម្រាប់​សិស្ស​វិទ្យាល័យ​នេះ ពួកគេ​ក៏មាន​បំណង​រឹតចំណង​មិត្តភាពរ​វា​ង​គ្នា​និង​គ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ដែរ​។​



​ម៉ូតូ​កង់​បី​ប្រភេទ​ឥណ្ឌា​មួយគ្រឿង​បាន​បើក​ចូលក្នុង​វត្ត​ទួល​ទំពូង នា​ម៉ោង​ប្រមាណ​៩​ព្រឹក ដោយមាន​ផ្ទុក​យុវវ័យ​អាយុប្រមាណ​១៦​ឆ្នាំ​ចំនួន​៥​រូប ដែល​ពាក់អាវ​សរ​ខោ​ខ្មៅ​ដូចៗ​គ្នា​នៅលើ​នោះ​។ ចុះ​ពីលើ​ម៉ូតូ​កង់​បី យុវជន​ខ្លះ​ទាញយក​សាដក​មកកាន់ ហើយ​ខ្លះទៀត​លើក​មី​មួយ​កេស​ចេញពី​ម៉ូតូ​យកមក​ឱប​ជាប់​នឹង​ខ្លួន​។




​ដៃ​ឆ្វេង​កាន់​សាដក ហើយ​ដៃស្ដាំ​លើក​ទូរ​សព្ទ​ឡើង​ដើម្បី​ទាក់ទង​ទៅ​មិត្ត​ដទៃទៀត ដែល​មិនទាន់​មកដល់​វត្ត នោះ​គឺ​យុវជន ឆាយ ហួត ដែលមាន​វ័យ​១៦​ឆ្នាំ​។ រៀន​ថ្នាក់​ទី​១១​យុវ​សិស្ស​ដែលមាន​សម្បុរ​សរាង​ខ្ពស់​សង្ហា​រូបនេះ ជា​អ្នកផ្ដើមគំនិត​ក្នុង​ការប្រមូល​មិត្តភក្តិ​រួម​ថ្នាក់​មក​ធ្វើបុណ្យ​ជុំគ្នា​នៅ​វត្ត​ទួល​ទំពូង​នេះ ជាមួយ​មិត្ត​មួយរូប​ទៀត​។



​កាលពី​ឆ្នាំមុន ហួត បាន​ទៅធ្វើ​បុណ្យ​ក្នុង​វត្ត​ជាមួយ​ម្ដាយ​ឪពុក​។ ដោយឡែក​ឆ្នាំនេះ​យុវជន​ដែល​ពាក់អាវ​ស​ដៃ​វែង​រូបនេះ មក​ធ្វើបុណ្យ​ជាមួយ​មិត្ត​រួម​ថ្នាក់ ដើម្បី​សន្សំ​បុណ្យទាន់​ខ្លួន​នៅ​ក្មេង​។ លោក ហួត បញ្ជាក់បន្ថែម​៖«​ខ្ញុំ​ប្រមូលប្រាក់​ពី​មិត្ត​ជិត​១០​រូប បាន​ប្រាក់​ប្រហែល​២០​ម៉ឺន​រៀល​។ ខ្ញុំ​ទិញ​សាដក​និង​មី​យកមក​ធ្វើបុណ្យ​នៅថ្ងៃនេះ​»​។​

​នេះ​ជា​លើកដំបូង​ដែល​យុវជន ហួត កៀងគរ​មិត្ត​មក​ធ្វើបុណ្យ​រួមគ្នា​។ ជា​គម្រោង យុវជន​ដែលមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​រូបនេះ នឹង​ទៅធ្វើ​បុណ្យ​ជុំ​ជាមួយ​មិត្ត​ភ័ក្ដិ​ម្ដងទៀត នៅ​វត្ត​ស្ទឹងមានជ័យ​មុន​ថ្ងៃ​ភ្ជុំ​ធំ​។ យុវជន ហួត និយាយ​បញ្ជាក់​ទាំង​ភ្នែក​មើលទៅ​មិត្ត​ដែល​នៅក្បែរ​ខ្លួន ខណៈ​បរិស័ទ​ដទៃទៀត​កំពុង​ដើរ​ឆ្លងកាត់​៖«​ខ្ញុំ​ចង់​ធ្វើបុណ្យ​ឱ្យបាន​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង​។ ម្យ៉ាង​បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ប្រពៃណី​ខ្មែរ​ផង ដូច្នេះ​យើង​គួរតែ​មក​ធ្វើបុណ្យ​ឱ្យបាន​ច្រើន ដើម្បី​ថែរក្សា​ប្រពៃណី​ផង និង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ផង​»​។



​ចេញពី​យុវជន ហួត ខ្ញុំ​បាន​ទៅ​ជួប​សម្ភាសន៍​ជាមួយ​យុវជន​មួយរូប​ទៀត​ឈ្មោះ សាន ថាវ​ត្តិ​។ មាន​សម្បុរ​ស្រអែម​ស្គម​ខ្ពស់ ថាវ​ត្តិ កាន់​សាដក​នៅក្នុង​ដៃ កំពុង​រង់ចាំ​មិត្ត​ដទៃទៀត​នៅ​ជិត​ខ្លោងទ្វារវត្ត​ប៉ែក​ខាងជើង​។ ឈរ​នៅមុខ​ទីធ្លា​សាលាបឋមសិក្សា​ទួល​ទំពូង យុវជន​វ័យ​១៦​ឆ្នាំ​រូបនេះ បាន​ប្រមូល​មិត្ត​រួម​ថ្នាក់​ចំនួន​១០​នាក់ ដែលមាន​នារី​៣​រូប​ផង​នោះមក​ធ្វើបុណ្យ​រួមគ្នា​។

​និយាយ​បណ្ដើរ​ញញឹម​បណ្ដើរ ថាវ​ត្តិ ថា​លោក​ពិតជា​សប្បាយចិត្ត ពេលដែល​បានមក​ធ្វើបុណ្យ​នៅ​វត្ត ជាពិសេស​បានធ្វើ​បុណ្យ​ជុំ​ជាមួយ​មិត្ត​រួម​ថ្នាក់​។ សិស្ស​ថ្នាក់​ទី​១១​រូបនេះ ចង់ឱ្យ​យុវជន​ដទៃទៀត ទៅធ្វើ​បុណ្យ​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ​ឱ្យបាន​ច្រើន ទោះ​ទៅធ្វើ​បុណ្យ​ជាមួយ​មិត្ត ឬ​ជាមួយ​គ្រួសារ​ក្ដី​។



«​ពេលដែល​ខ្ញុំ​បានធ្វើ​បុណ្យ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​ថា​សប្បាយ​ចេញពី​ក្នុង​ចិត្ត​។ បើ​នៅផ្ទះ​ខ្ញុំ​មិនមាន​អារម្មណ៍​បែបនេះ​ទេ​។ ខ្ញុំ​ចង់ឱ្យ​យុវជន​ដទៃទៀត​មក​ធ្វើបុណ្យ​ទាន់​ខ្លួន​នៅ​ក្មេង ដើម្បី​សន្សំ​ឧបនិស្ស័យ​ល្អ ហើយ​ថែមទាំង​បាន​ឧទ្ទិស​បុណ្យ​ជូន​ដល់​ជីដូន​ជីតា​របស់​យើង​ថែ​ទៀតផង​»​។ នេះ​ជាការ​ពន្យល់​របស់​យុវជន សាន ថាវ​ត្តិ​។

​ចេញពី​វត្ត​ទួល​ទំពូង​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​វត្ត​មហាមន្ត្រី ដើម្បី​ស្វែងរក​យុវជន​វ័យក្មេង​ផ្សេងៗ​ទៀត​។ មកដល់​វត្ត​មហាមន្ត្រី​ខ្ញុំ​បានឃើញ​យុវនារី​វ័យក្មេង​ចំនួន​៣​រូប​និង​ក្មេងប្រុស​មួយរូប​ទៀត កំពុង​ឈរ​ជុំគ្នា​លើកដៃ​សំពះ​ទៅ​ព្រះសង្ឃ​ដែល​កំពុង​ឱ្យ​ពរ​ដល់​ពួកគេ​។​

​ក្នុង​សម្លៀកបំពាក់​អាវ​ស​សំពត់​ខៀវ សក់​កាត់​ខ្លី​ត្រឹម​កក​ញ្ញា ស ស្រី​ណុ​ច ទើបតែ​រៀន​ថ្នាក់​ទី​៨ បាន​ណាត់​មិត្តស្រី​របស់ខ្លួន​មក​ធ្វើបុណ្យ​នៅក្នុង​វត្ត​មហាមន្ត្រី​។ មាន​វ័យ​ត្រឹម​១៥​ឆ្នាំ យុវនារី​រូបនេះ មក​ធ្វើបុណ្យ​រួមជាមួយ​មិត្ត​ដើម្បី​បង្កើត​អនុស្សាវរីយ៍​រួមគ្នា​។ នេះ​ជា​លើកទីមួយ ដែល ស្រី​ណុ​ច មក​ធ្វើបុណ្យ​រួមជាមួយ​មិត្ត ហើយ​នៅ​ថ្ងៃ​បន្ទាប់​នាង​មាន​គម្រោង​ទៅ​វត្ត​នៅ​ឧត្ដុង្គ​។



​ស្រី​ណុ​ច ញញឹម​ទៅរក​មិត្ត​ដែល​នៅក្បែរ​ខ្លួន​មុន​ឆ្លើយ​បញ្ជាក់ ទាំង​ដែល​ដៃ​ទាំងពីរ​កាន់​ផ្កាឈូក​ពណ៌​ស​៖«​ខ្ញុំ​មក​វត្ត​ធ្វើបុណ្យ គឺជា​ឱកាសល្អ​ក្នុងការ​បង្កើត​អនុស្សាវរីយ៍​ជាមួយ​មិត្ត​របស់ខ្ញុំ នៅមុន​ពេលដែល​យើង​បែក​គ្នា ព្រោះ​ឆ្នាំក្រោយ​ខ្ញុំ​មិនដឹងថា​បាន​រៀន​ជាមួយគ្នា​ទៀត​ឬក៏​អត់​ទេ​»​។

​ដៃ​កាន់​ចានស្រាក់​ពណ៌​ខៀវ​កញ្ញា ចាន់ ឆ​ស៊ីម ដែលមាន​អាយុ​១៥​ឆ្នាំ​ដែរនោះ គឺជា​មិត្ត​របស់​កញ្ញា ស្រី​ណុ​ច​។ ការ​រឹតចំណង​មិត្តភាព​តាមរយៈ​ការធ្វើ​បុណ្យ​គឺជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់​សម្រាប់ ឆ​ស៊ីម គឺ​នាង​ចង់​ទម្លាប់ខ្លួន​ពី​ក្មេង ក្នុងការ​ប្រមូល​មិត្ត​មក​ធ្វើបុណ្យ​រួមគ្នា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដូនតា​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅនោះ​។



«​យើង​នៅ​ក្មេង ហើយ​យើង​ណាត់គ្នា​មក​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដូនតា គឺជា​រឿង​ល្អ​ដែល​យុវវ័យ​ដូចជា​ខ្ញុំ​គួរ​ធ្វើ​។ ហើយ​ម្ដាយ​ឪពុក​របស់​យើង ក៏​គាត់​សប្បាយចិត្ត​ដែរ ពេល​គាត់​ឃើញ​កូន​ចេះ​មានគំនិត​ធ្វើបុណ្យ​បែបនេះ​។ វា​ល្អ​ជាង​យក​ពេលនេះ​ទៅធ្វើ​អ្វី​ផ្សេង ឬ​ទៅ​ដើរ​ផ្លូវខុស ដូចជា​ទៅ​ជក់​គ្រឿងញៀន​ជាដើម​នោះ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់ក​ញ្ញា ចាន់ ឆ​ស៊ីម​៕




Tag:
 សិស្ស​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com