ជាតិ
បុណ្យភ្ជុំបិណ្ឌ
វត្ត​អារាម សមាគម ជា​កន្លែង​កាត់បន្ថយ​ការ​នឹក​ស្រុកកំណើត​របស់​និស្សិត​ខ្មែរ​នៅ​បរទេស
27, Sep 2019 , 4:59 pm        
រូបភាព
ពលរដ្ឋដែលរស់នៅប្រទេសឥណ្ឌា ទៅវត្តញូដែល្លី ក្នុងទីក្រុងញូដែល្លី​ប្រទេសឥណ្ឌ។ រូបថតផ្តល់ដោយលោក វណ្ណ ប៊ុនណា។
ពលរដ្ឋដែលរស់នៅប្រទេសឥណ្ឌា ទៅវត្តញូដែល្លី ក្នុងទីក្រុងញូដែល្លី​ប្រទេសឥណ្ឌ។ រូបថតផ្តល់ដោយលោក វណ្ណ ប៊ុនណា។
​ភ្នំពេញ​៖ និស្សិត​ខ្មែរ​ដែល​ចំណាកស្រុក​បន្ត​ការសិក្សា​នៅ​បរទេស បាន​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​នៅតាម​ទីវ​ត្ត​អារាម និង​សមាគម​ខ្មែរ​នានា ដែល​បានរៀបចំ​ពិធីបុណ្យ​ប្រពៃណី​នេះ​ឡើង​ក្នុងប្រទេស​ផ្សេងៗ​ពីគ្នា ដែល​ពួកគេ​កំពុង​រស់នៅ​។ បើតាម​ក្រុមនិស្សិត​ខ្មែរ​ទាំងនោះ  ថ្វី​ដ្បិត​ការចូលរួម​នេះ មិនមាន​លក្ខណៈ​ពេញលេញ ដូច​នៅ​ប្រទេស​កំណើត​របស់ខ្លួន​ក៏ពិតមែន ប៉ុន្តែ​វា​បានធ្វើឱ្យ​ពួកគាត់​កាត់បន្ថយ​ក្តី​នឹករលឹក​ដល់​ឪពុកម្តាយ សាច់ញាតិ និង​មិត្តភក្តិ បាន​មួយចំនួនធំ​ផងដែរ​។



​លោក វណ្ណ ប៊ុន​ណា ជា​និស្សិត​ដែល​កំពុង​សិក្សា​លើ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ នៅ​ប្រទេស​ឥណ្ឌា​។ និស្សិត​អាហារូបករណ៍​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ ទើបតែ​ចាក​ចេញពី​កម្ពុជា​បាន​ជិត​២​ខែ​ប៉ុណ្ណោះ ដោយ​លោក​បាន​និយាយថា​រដូវ​ភ្ជុំបិណ្ឌ​បានមក​ដល់​ហើយ​ដែល​ធ្វើឱ្យ​លោក​កាន់​តែមាន​ក្តីរ​លឹក​ដល់​ការជួបជុំ​ជាមួយ ឪពុកម្តាយ បងប្អូន និង​មិត្តភក្តិ​ជាដើម ពិសេស​គឺ​នឹក​ជាខ្លាំង​ពន់ពេក​នាពេល​វេលា​ដែល​នាំគ្នា​កាន់​ចង្ហាន់​ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​តែម្តង​។


 
​រយៈ​ពេលដែល​និស្សិត​ខេត្តកំពង់ស្ពឺ​រូបនេះ ទៅ​សិក្សា​នៅ​បរទេស​នេះ ការ​នឹក​ដល់​ស្រុកកំណើត​មិនទាន់​ស្រាកស្រាន្ត​ផង  ស្រាប់តែ​រដូវ​ភ្ជុំបិណ្ឌ​បាន​ឈាន​មកដល់​ទៀត​ធ្វើឱ្យ ប៊ុន​ណា កាន់តែ​អារម្មណ៍​អាឡោះ​អា​ឡៅ នឹក​ស្រុកកំណើត​ទ្វេដង​។ លោក វណ្ណ ប៊ុន​ណា បាន​រៀប​រាប់ទាំង​សម្លេង​បង្អង់​ដូច្នេះ​៖« ភ្ជុំបិណ្ឌ គឺជា​បុណ្យប្រពៃណី​ធំ​របស់​ខ្មែរ​យើង ហើយ​ពេលវេលា​នោះ គឺ​ការជួប​ជុំគ្នា​រវាង​គ្រួសារ​...​បងប្អូន​...​សាច់ញាតិ​យើង​»​។

​បន្ទាប់ពី​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey បែបនេះ​រួច ហើយ​បាត់​សំឡេង​ឆ្លើយតប​របស់ ប៊ុន​ណា បាន​មួយសន្ទុះ ភា្ល​មៗ​នោះ លោក​បាន​បន្ត​និយាយថា រូបលោក​នឹងចូលរួម​ពិធី​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​២៨​កញ្ញា ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ នៅ​វត្ត​ញ្ញូវដែល្លី ជា​វត្ត​ខ្មែរ ក្នុង​ទីក្រុង​ញ្ញូវដែល្លី សាធារណរដ្ឋ​ឥណ្ឌា​។ និស្សិត​វ័យ​២៤​ឆ្នាំ​រូបនេះ ជឿជាក់ថា​ការ​ទៅ​វត្ត​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ធំៗ ពិសេស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺជា​វិធីសាស្ត្រ​ដ៏​ល្អប្រសើរ​មួយ​ដែល​ជួយ​ឱ្យ​លោក​មិនសូវ​នឹក​ស្រណោះ​ស្រុកកំណើត​របស់ខ្លួន​។

«​ជាការ​ពិត​ការ​ទៅ​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​នៅ​ស្រុក​គេ វា​មិន​ជួយ​ឱ្យ​យើង​កាត់បន្ថយ​ការ​នឹក​ស្រុក នឹក​ក្រុមគ្រួសារ បាន​ច្រើន​នោះទេ​។ ប៉ុន្តែ​វា​បាន​ជួយ​យើង​មួយចំណែក​ផងដែរ គឺ​តាមរយៈ​ការជួបជុំ​និស្សិត​ខ្មែរ​យើង ជួប​មន្ត្រី​ទូត ដែល​កំពុង​បំពេញភារៈកិច្ច​រៀងៗ​ខ្លួន​ក្នុងប្រទេស​ជាមួយគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក វណ្ណ ប៊ុន​ណា​។ លោក​បាន​បន្ថែមថា ៖«​ការ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នេះ ក្រៅពី​បាន​ជួបជុំ​និស្សិត​ខ្មែរ​គ្នាឯង និង​មន្ត្រី​ទូត​ជជែក​គ្នា​លេង​ហើយ ក៏បាន​ជួប​ព្រះសង្ឃ​ខ្មែរ​នៅ​ទីនោះ​ថែមទៀត ដែលជា​ផ្នែក​មួយ​ជួយ​យើង​បន្ថែម​ក្នុងការ​កាត់បន្ថយ​ការ​នឹករលឹក​ស្រុកកំណើត ពិសេស​គ្រួសារ និង​មិត្តភក្តិ​»​។​

​និស្សិត​ខ្មែរ​ម្នាក់ទៀត ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កូ​រ៉​ខា​ត្បូង ក៏​បញ្ជាក់​ពី​ការចូលរួម​របស់ខ្លួន​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កូរ៉េ ហើយ​ឆ្នាំនេះ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២៩​​។  និស្សិត ញៀន សុគន្ធា បាន​រៀបរាប់​ដូច្នេះ​៖ «​រៀងរាល់ឆ្នាំ ខាង​សមាគមនិស្សិត ក៏ដូចជា​និស្សិត​ខ្មែរ​ទាំងអស់​ចូលរួម​កម្មវិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ដែល​ស្ថិតនៅ​ចន្លោះពេល​នៅ​ស្រុក​ខ្មែរ​យើង​ធ្វើ​ពិធី​ភ្ជុំបិណ្ឌ​នេះ​ឡើង​ក្នុង​រយៈពេល​១៥​ថ្ងៃ​»​។​



​មែនទែនទៅ​និស្សិត​អនុបណ្ឌិត ដែល​ជិត​បញ្ចប់​ការសិក្សា​លើ​ជំនាញ ធនធាន​ជីវៈ និង​វិទ្យាសាស្ត្រ​រូបនេះ  ធា្ល​ប់​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​នៅ​ប្រទេស​កូរ៉េ​នេះ​ម្តង​រួចមកហើយ កាល​ឆ្នាំ​២០១៨ ហើយ​កញ្ញា​នឹងចូលរួម​ពិធីបុណ្យ​ប្រពៃណី​សារជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៨​កញ្ញា​ខាងមុខនេះ​។

​និស្សិត​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​និយាយ​ដូ​ច្ន​៖« នៅ​នេះ​(​កូ​រ៉​) មានកម្ម​វិធី​ច្រើន ក្នុង​ការជួប​ជាមួយ​បងប្អូន​ខ្មែរ​យើង ទាំង​អ្នក​មក​រៀន អ្នកធ្វើការងារ និង​អ្នក​មក​រស់នៅ ដែល​ជួយ​ធ្វើឱ្យ​យើង​កាត់បន្ថយ​ការ​នឹក​ស្រុកកំណើត នឹក​គ្រួ​សារបាន​មួយផ្នែក នៅក្នុង​ឱកាស​ពិធី​បុណ្យទាន​ធំៗ ពិសេស​បុណ្យ   ភ្ជុំបិណ្ឌ​នេះ​តែម្តង​»​។  បើតាម​កញ្ញា សុគន្ធា ពិធី​ភ្ជុំបិណ្ឌ ដែល​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កូរ៉េ​​រៀ​ប​ចំ​ឡើង​មាន​លក្ខណៈ​ដូច​នៅ​ពិធី​ភ្ជុំបិណ្ឌ​នៅ​ស្រុក​ខ្មែរ​ផងដែរ ដោយ​ការរាប់​បាត ការ​វេរចង្ហាន់​ព្រះសង្ឃ ការសូត្រ​ធម៌​ជាដើម​។ លើសពីនេះទៅទៀត ក្រោយ​ចប់​ពិធី​ភ្ជុំបិណ្ឌ​នេះ ក៏មាន​ការដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ក្នុង​រដូវ​ភ្ជុំបិណ្ឌ និង​ការបង្កើត​កម្ម​ពិធី​ប្រពៃណី​ផ្សេងៗ​ទៀត​។​

​រីឯ កញ្ញា ស៊ិន សុ​មាល័យ ជា​និស្សិត​ខ្មែរ​ដែល​ទើបនឹង​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​កូរ៉េ បាន​រយៈពេល​ជិត​មួយខែ ក៏បាន​ត្រៀមលក្ខណៈ​ជាស្រេច​ក្នុងការ​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​នៅ​កូរ៉េ ដែល​រៀបចំ​ដោយ​សមាគមនិស្សិត​ខ្មែរ​នៅ​ទីនោះ​ផងដែរ​។ និស្សិត​អាហារូបករណ៍​លើ​ជំនាញ​សេដ្ឋកិច្ចសង្គម​(MBA in Social Economy)​រូបនេះ  សង្ឃឹមថា ការចូលរួម​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​ជាមួយ​បងប្អូន សិស្ស និស្សិត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​នឹង​ជា​ផ្នែក​មួយ​យ៉ាង​ធំ ក្នុង​ការជួយ​កាត់បន្ថយ​ការ​នឹក​ដល់​ស្រុកកំណើត នឹក​ជីដូន ឪពុកម្តាយ សាច់ញាតិ និង​មិត្តភក្តិ​ជាដើម ស្រប​ពេលដែល​កញ្ញា​កំពុង​នឹក​ស្រុកកំណើត​។ ជាមួយគ្នានេះ កញ្ញា ស៊ិន សុ​មាល័យ  ក៏មាន​អារម្មណ៍​សោកស្ដាយ​ផងដែរ ដែល​កញ្ញា​ពុំបាន​ជួបជុំ​ក្រុមគ្រួសារ មិត្តភក្ដិ បងប្អូន នៅឯ​ស្រុក​កំ​ណើ​នា​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​៕


Tag:
 វត្ត​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com