អន្តរជាតិ
មូលហេតុ​អ្វី​បានជា​មេឃ​មាន​ពណ៌​ខៀវ​?
27, Sep 2019 , 7:59 pm        
រូបភាព
​វា​ជា​ចម្ងល់​ដែល​ក្មេង​តូចៗ​ឧស្សាហ៍​សួរ​ជាងគេ ហើយ​វា​ក៏​ជា​សំណួរ​ដែល​មនុស្សពេញវ័យ​មួយចំនួន​ពិបាក​ក្នុងការ​ឆ្លើយតប​ដែរ​។ មេឃ​ជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​ដែល​យើង​មើលឃើញ​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​វា​តែង​បញ្ចេញ​ពណ៌​ខៀវ​ថ្លា ឬ​ពណ៌​ទឹកសមុទ្រ​មកកាន់​ភ្នែក​មនុស្ស​។ តើ​វា​មកពី​មូលហេតុ​អ្វី​?​សម្រាប់​ប្រធានបទ​មួយ​នេះ លោកអ្នក​គួរ​យល់ដឹង​ពីរ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​មួយចំនួន​អំពី​រូបវិទ្យា ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងយល់​។ ខាងក្រោម​នេះ គឺជា​ការ​ប្រែ​សម្រួល​ខ្លីៗ​ពី​គេហទំព័រ scientificamerican.com៖



​ដំបូង​ឡើយ វា​ចាប់ផ្តើម​ឡើង​ពី​ពន្លឺព្រះអាទិត្យ ដែល​ចាំង​ដោយ​ព្រះអាទិត្យ​នៅពេល​ថ្ងៃ​។ បើតាម​ការបកស្រាយ​បែប​បច្ចេកទេស ពន្លឺព្រះអាទិត្យ​គឺជា​បណ្តុំ​នៃ​ពណ៌​ជាច្រើន​ប្រភេទ ដែលមាន​តាំងពី​ក្រហម លឿង បៃតង ខៀវ និង ស្វាយ​។ តែ​នៅពេលដែល​ពណ៌​ទាំងអស់​នៅ​លាយ​បញ្ចូល​គ្នា ភ្នែក​របស់​មនុស្ស​មើល​ឃើញថា ពន្លឺព្រះអាទិត្យ​ហាក់បីដូចជា​គ្មាន​ពណ៌ ឬ​ថ្លា​។

​ប៉ុន្តែ​នៅពេលដែល​ពន្លឺព្រះអាទិត្យ​ចាំង​ចូលមក​កាន់​បរិយាកាស​ផែនដី ពេលនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ភាពប្រែប្រួល​។ បរិយាកាស​ផែនដី​ពោរពេញ​ទៅដោយ​ខ្យល់ ដំណក់ទឹក និង​ឧស្ម័ន​ជាច្រើន​ប្រភេទ​ជាពិសេស​ឧស្ម័ន អុកស៊ីសែន និង​អាសូត​។ ឧស្ម័ន​ចម្បង​ទាំងពីរ​ប្រភេទ​នេះ ជា​អ្នក​ញែក​ពណ៌​នៃ​បន្លឺ​ឲ្យ​ចេញ​ដាច់ពីគ្នា​។ តើ​វា​ញែក​ដោយ​ដូចម្តេច​?

​ដោយបាន​និយាយ​ពី​ខាងលើ បន្លឺ​គឺជា​បណ្តុំ​ពណ៌​ជាច្រើន​លាយ​ចូលគ្នា តែ​លក្ខណៈ​ធម្មជាតិ​របស់​វា​ខុសៗ​គ្នា​។ លក្ខណៈ​ធម្មជាតិ​របស់​វា​គឺ​ប្រេកង់ (Frequency) ដែល​ត្រូវបាន​គេ​បកស្រាយ​ក្នុង​តារាង អេ​ឡិច​ត្រូ​ម៉ាញេ​ទិច (Electromagnetic Spectrum) ។ ពណ៌​ដែលមាន​ប្រេកង់​ខ្ពស់​ជាងគេ​គឺ​ពណ៌​ស្វាយ បន្ទាប់មក​គឺ​ពណ៌​ខៀវ​។ ចំណែក​ពណ៌​ដែលមាន​ប្រេកង់​ទាប​ជាងគេ​គឺ​ពណ៌​ក្រហម​។

​នៅពេលដែល​ពន្លឺ​ចូលមក​កាន់​បរិយាកាស ម៉ូលេគុល​អុកស៊ីសែន និង​អាសូត ចាប់យក​ពន្លឺ​ដែលមាន​ប្រេកង់​ទាប ដូចជា​ពណ៌​ក្រហម ចំណែកឯ​ពន្លឺ​ដែលមាន​ប្រេកង់​ខ្ពស់ ដូចជា​ពណ៌​ស្វាយ និង​ពណ៌​ខៀវ​ត្រូវបាន​ផ្លាត​ចេញទៅ​ក្រៅ​វិញ​។

​នេះ​ជា​បាតុភូត​រូបវិទ្យា​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា «Rayleigh Scattering»​។ ចុះបើ​ពណ៌​ស្វាយ​មាន​ប្រេកង់​ខ្ពស់​ជា​ពណ៌​ខៀវ ហេតុអ្វី​បានជា​មេឃ​មិនមាន​ពណ៌​ស្វាយ​ទៅវិញ​ទៅ​? វា​អាចមកពី​កត្តា​ធម្មជាតិ​របស់​មនុស្ស​ផ្ទាល់​។ ពណ៌​ស្វាយ​ពិត​ជាមាន​វត្តមាន​ច្រើនជាង​ពណ៌​ខៀវ​មែន តែ​ចក្ខុវិញ្ញាណ​របស់​មនុស្ស​ត្រូវបាន​វិ​វត្ត​មក ក្នុងការ​ទទួលយក​ព​ណ៌​ខៀវ ច្រើនជាង​ពណ៌​ស្វាយ​។ ហេតុ​ដូចនេះហើយ ទើប​មនុស្ស​មើលឃើញ​មេឃ​ពណ៌​ខៀវ​។ ជារួម​មក កត្តា​ធំៗ​មាន​បី​គឺ​ពន្លឺព្រះអាទិត្យ បរិយាកាស​ភពផែនដី និង​
​ធម្មជាតិ​នៃ​ផ្នែក​មនុស្ស​៕


© រក្សាសិទ្ធិដោយ thmeythmey.com