ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដូវ​ភ្ជុំ អតីត​សិស្ស​ហាក់​ភ្លេច​ចាប់អារម្មណ៍​ដល់​គុណគ្រូ​
27, Sep 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អតីត​សិស្ស​មួយចំនួន​ទំនងជា​ភ្លេច ឬ​មិនបាន​ចាប់អារម្មណ៍​នឹក​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​ប្រឹងប្រែង​បង្ហាត់បង្រៀន​ខ្លួន​តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​ចប់​បរិ​ញ្ញា​ឡើយ​។ សិស្ស​ខ្លះ​ក្រោយពី​បញ្ចប់​ការសិក្សា ក៏បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្រូ​ទាំងស្រុង​។ ប៉ុន្តែ​ក៏មាន​សិស្ស​មួយចំនួន នៅតែ​នឹករឭក​ដល់​គ្រូ ទៅសួរសុខទុក្ខ​គ្រូ និង​ជូន​របស់របរ​មួយចំនួន​ដល់​លោក​ដែរ​។ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​មាន​គ្រូ​មួយចំនួន បានទទួល​ជំនូន​ខ្លះ​ដែលជា​ទឹកចិត្ត​របស់​សិស្ស ហើយក៏​មាន​គ្រូ​ខ្លះទៀត​មិនត្រូវ​បាន​សិស្ស​នឹកឃើញ​ដែរ​។



​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​ភ្ជុំបិណ្ឌ​ជា​រដូវ​ធ្វើបុណ្យ​ទាន​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រជាជន​ខ្មែរ​មានឱកាស​បានធ្វើ​បុណ្យ​រួមគ្នា ជូន​ចំពោះ​អ្នកមាន​សីល​និង​អ្នកមានគុណ​មកលើ​ខ្លួន​ពេញ​១៥​ថ្ងៃ​។ មាតាបិតា​គឺជា​បុគ្គល​ដែលមាន​គុណ​ដ៏​វិសេស​ចំពោះ​កូន ការ​តបគុណ​ដល់​លោក​គឺជា​រឿង​សំខាន់បំផុត ដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ ដោយ​មិន​ប្រកាន់​រដូវ​បុណ្យទាន​។ ព្រះសង្ឃ​ជា​បុគ្គល​ទ្រទ្រង់​នូវ​សីល ក៏​មនុស្ស​ផងទាំងពួង តែង​បាន​នឹករឭក​ដល់​ដែរ​។ ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ ជា​អ្នកមានគុណ​ដល់​សិស្ស​គ្រប់​រូបនោះ ហាក់​ត្រូវបាន​សិស្ស​និង​អតីត​សិស្ស​មួយចំនួន​មិនបាន​ចាប់ភ្លឹក​នឹក​ដល់​លោក​ឡើយ​។ លោកអ្នក​សាក​ស្រមៃ​ថយ​ទៅក្រោយ​បន្តិច តើ​លោកអ្នក​បានធ្វើ​អ្វីខ្លះ​ដល់​អតីត​គ្រូ​របស់​លោកអ្នក តាំងពី​នៅ​រៀន​រហូតដល់​បញ្ចប់​ការសិក្សា​មាន​ការងារ​សមរម្យ​ធ្វើ​គ្រប់រូប​។


​ខាងក្រោម​នេះ​ខ្ញុំ​នឹង​លើកយក​ស្ថានភាព​គ្រូ​៣​រូប​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ដែលមាន​វ័យ​ចំណាស់​ឆ្លងកាត់​ការបង្រៀន​សិស្ស​រាប់ពាន់​រាប់ម៉ឺន​នាក់មក​ជម្រាប់ជូន​លោកអ្នក​។​
​មាន​សម្បុរ​ស្រអែម​ស្បែក​ជ្រួញ​ដោយ​អន្លើ សក់អ៊ុត​រួញ​ត្រឹម​ក​សម​នឹង​ផ្ទៃមុខ​ញញឹម​ស្រស់ ពាក់អាវ​ពណ៌​ខ្មៅ​លាយ​ពណ៌​រមៀត អង្គុយ​លើ​កៅអី​ជ័រ​ពណ៌​ផ្កាឈូក ក្នុង​បរិវេណ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នោះ​គឺ​អ្នកស្រី អ៊ុយ លតា​វណ្ណ ដែលជា​គ្រូបង្ហាត់​ទម្រង់​ល្ខោន​យីកេ​។​

​រាល់​ឆ្នាំ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ គ្រូបង្ហាត់​បង្រៀន​ទម្រង់​ល្ខោន​យីកេ​អ្នកស្រី អ៊ុ​ល លតា​វណ្ណ មិនសូវមាន​សិស្ស​និង​អតីត​សិស្ស​ទៅលេង​ឬ​ទៅសួរសុខទុក្ខ​អ្នកស្រី​ឡើយ​។ ទោះជា​យ៉ាងណា​ស្ត្រី​វ័យ​៦៨​ឆ្នាំ​រូបនេះ ក៏​ធ្លាប់មាន​សិស្ស​នាំយក​ផ្លែឈើ​នំនែក​ទៅជូន​ដែរ​។ អង្គុយ​ក្នុង​ឥរិយាបថ​សុភាព អ្នកស្រី​បញ្ជាក់​ដោយ​សម្ដី​រួសរាយ ក្នុង​ទឹកមុខ​ហាក់​បង្កប់​នូវ​ក្ដីកង្វល់​ខ្លះ ដែល​សម្គាល់​ឱ្យឃើញថា​ជា​មនុស្ស​គិត​ច្រើន​ជាប្រចាំ​៖«​កាលពី​ឆ្នាំ​ទៅមួយ​ឃើញ​មាន​សិស្ស​ប្រុសៗ​៤​នាក់​ដែរ បាន​យក​ផ្លែឈើ​និង​ប្រាក់​មួយចំនួន​តូច​មក​ជូន​ខ្ញុំ​។ ពួកគាត់​ជា​សិស្ស​ដែល​ខ្ញុំ​បង្ហាត់​ផ្ទាល់​។ ឆ្នាំនេះ​មិនទាន់​ឃើញ​មាន​សិស្ស​មក​ទេ​»​។ 



​បើទោះបីជា​មិនសូវមាន​សិស្ស​នឹករឭក​ដល់ ក៏​គ្រូសិល្បៈ​រូបនេះ​មិនបាន​តូចចិត្ត​អ្វី​ឡើយ​៖«​សម្រាប់​ខ្លួន​ខ្ញុំ​ធម្មតា​ទេ​។ សិស្ស​ដែល​មិនបាន​ទៅមក​ហុច​នេះ​ហុច​នោះ ខ្ញុំ​មិនបាន​គិត​អ្វី​ទេ​។ នេះ​ជា​សទ្ធា​របស់​ពួកគាត់​។ ចំពោះ​សិស្ស​ដែល​បាន​យកនំ​ឬ​ផ្លែឈើ​មក​ជូន ខ្ញុំ​ក៏​សប្បាយចិត្ត​។ មិនមែន​សប្បាយចិត្ត​ព្រោះ​ឃើញ​ប្រាក់​គេ​យកមក​ជូន​ទេ តែ​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​គិតថា​សិស្ស​នៅ​ដឹងគុណ​ខ្ញុំ​ជា​គ្រូ ដែល​ធ្លាប់​បានផ្ដល់​ចំណេះដឹង​ដល់​ពួកគេ​»​។​

​ចេញពី​គ្រូបង្រៀន​សិល្បៈ​ខ្ញុំ​បាន​ទៅ​ជួប​គ្រូបង្រៀន​ភាសាបាលី​និង​សំស្ក្រឹត​។ ពាក់អាវ​ពណ៌​ស​អង្គុយ​លើ​គ្រែ​ដែល​ធ្វើ​ពី​ឈើខ្លឹម​ក្នុងផ្ទះ​ល្វែង​មួយ​ខ្នង នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​លោក ជិត ជន គឺជា​គ្រូបង្រៀន​ភាសាបាលី ដែលមាន​បទពិសោធ​ជាង​៤០​ឆ្នាំ​មកហើយ​។ មាន​វ័យ​៨៦​ឆ្នាំ គ្រូបង្រៀន​រូបនេះ​មាន​សិស្ស​ស្ទើរតែ​ទូទាំងប្រទេស​កម្ពុជា ហើយ​ជាពិសេស​មាន​សិស្ស​ជា​ព្រះសង្ឃ​៖«​ម្សិលមិញ​មាន​មួយអង្គ លោក​នៅ​កៀនស្វាយ បាន​យក​របស់​ទាំងនេះ​មក​។ មិនសូវមាន​កូនសិស្ស​ណា​មក​ទេ​។ កូនសិស្ស​នៅ​ច្រើន​វត្ត​ណាស់ ភាគច្រើន​ជា​ព្រះសង្ឃ មាន​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​។ មានកូន​សិស្ស​ខ្លះ​នៅ​អាមេរិក នៅ​កាណាដា បាន​ផ្ញើ​ប្រាក់​មក​ជូន​ខ្លះ​ដែរ​»​។



​សក់ស​ជ្រុះ​ស្ទើរ​អស់ពី​សីសៈ ព្រោះតែ​វ័យ​កាន់តែ​ជ្រែ​ដូច​ដំណើរ​ព្រះ​សុរិយា ឆ្ពោះ​ទី​ទិស​ខាងលិច​នាពេល​រសៀល​ទៅហើយ​ក្ដី ក៏​គ្រូ​ភាសាបាលី​រូបនេះ​នៅតែ​បន្ត​បង្ហាត់បង្រៀន​សិស្ស​ដល់​សព្វថ្ងៃនេះ​។ មាន​មាឌធំ​ដំបង​លោក ជិត ជន នៅមាន​ការចងចាំ​បាន​ល្អ ហើយ​ភ្នែក​ក៏​នៅ​មើលឃើញ​ច្បាស់​ដែរ​។ គ្រូ​រូបនេះ​ច្រើន​ទទួលបាន​ជំនូន​ពី​សិស្ស​ដែលជា​ព្រះសង្ឃ នៅពេលដែល​លោក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​។ មរតក​មនុស្សរ​ស់លោ​ក ជិត ជន បញ្ជាក់​ទាំង​សំឡេង​មិនសូវ​លះ ខណៈ​នៅផ្ទះ​តែម្នាក់ឯង​ព្រោះ​កូន​និង​ចៅ​ទៅ​ធ្វើការ​អស់​៖«​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ធ្វើ​សារ​ណា ច្រើន​មកដល់​ផ្ទះ​ញឹក​ដើម្បី​សាកសួរ​និង​សុំ​យោបល់​ពី​ខ្ញុំ ក្រៅពីនោះ​មិនមាន​អង្គណា​មក​ទេ​។ រៀងរាល់ឆ្នាំ​ពេលដែល​ខ្ញុំ​ទៅ​បុណ្យ​នៅ​វត្ត សិស្ស​ដែល​នៅ​វត្ត​នោះ មាន​យក​ជា​អង្ករ ទឹកក្រូច តែ ស្ករ ជា​ហូរហែរ មក​ជូន​ខ្ញុំ​ដែរ​»​។​

​ឥឡូវ​យើង​មក​ចាប់អារម្មណ៍​គ្រូបង្ហាត់​បង្រៀន​ភ្លេង​វិញ​ម្ដង​។ លោក ស្វាយ សរ ដែល​រស់នៅ​ជិត​វត្ត​វាល​ស្បូវ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​កំពុង​បង្រៀន​សិស្ស​ប្រុសៗ មាន​ទាំង​ក្មេង​តូច​និង​វ័យ​ជំទង់​ចំនួន​៧​នាក់​។ ពាក់អាវ​ពណ៌​កាក​អំពៅ​ឆ្នូត​ខ្មៅ ហើយ​មុខ​ត្រូវ​បិទបាំង​ដោយ​ម៉ាស​ដើម្បី​ការពារ​ការចម្លង​ជំងឺ​ផ្ដាសាយ​ទៅកាន់​សិស្ស គ្រូបង្រៀន​ភ្លេង​តាំងពី​ទសវត្សរ៍​ឆ្នាំ​៦០​រូបនេះ ថា​ជា​រៀងរាល់​រដូវ​បុណ្យទាន សិស្ស​របស់លោក​តែងតែ​យកនំ​ចំណី​និង​ផ្លែឈើ​ជាដើម​មក​ជូន​លោក​៖«​នៅពេល​ចុងឆ្នាំ ខែ​បុណ្យទាន​ដូចជា​ភ្ជុំបិណ្ឌ សិស្ស​ដែល​ចេញទៅ​ប្រកប​អាជីព គេ​ដឹង​គុណគ្រូ គេ​យក​ផ្លែឈើ​អ្វី​ផ្សេងៗ​មក​ជូន​ខ្ញុំ​ដែរ​។ ឆ្នាំនេះ​ទើបតែ​បិណ្ឌ​ទី​៤ កូនសិស្ស​នៅជាប់​រវល់ ខ្លះ​នៅ​ខេត្ត មិនទាន់​អាចម​កបាន​»​។



​ដ្បិត​ជា​គ្រូបង្រៀន​ឧបករណ៍​ភ្លេងបរទេស​ក៏ពិតមែន តែ​លោក ស្វាយ សរ ជារឿយៗ​តែង​អប់រំ សិស្ស​ឱ្យ​ចេះ​តបគុណ​ទៅ​មាតាបិតា និង​អប់រំ​ពី​ចរិយា​ធម៌​ឱ្យ​ពួកគេ​ដើរ​លើផ្លូវ​ល្អជា​និច្ច​៖«​ខ្ញុំ​ចេះតែ​ផ្ដាំ​ថា​កូន​ឯង​ចៅ​ឯង បាន​ប្រាក់កាស​ត្រូវ​ផ្ញើឱ្យ​ម៉ែឪ​ផង ពួកគាត់​ធ្វើតាម​ខ្ញុំ​ទាំងអស់​។ ជួនកាល​សិស្ស​ខ្លះ​ផ្ញើ​ប្រាក់​តាម​ម្ដាយ​របស់​វា​មកឱ្យ​ខ្ញុំ​ក៏មាន​។ មិនមែន​ខ្ញុំ​ចង់បាន​លុយ​គេ​ទេ ប៉ុន្តែ​សិស្ស​គេ​នឹកឃើញ​»​។



​មាន​វ័យ​ជាង​៨០​ឆ្នាំ​លោក ស្វាយ សរ ថា​លោក​តែងតែ​រឭក​នឹក​ដល់​គ្រូ ដែល​បានធ្វើ​គុណ​មកលើ​លោក​មិនដែល​ភ្លេច​។ លោ​កថា​ចំណេះ​និង​ជំនាញ​ដែល​លោក​មាន​ជាប់​ខ្លួន អាច​ចិញ្ចឹម​ម្ដាយ​ឪពុក​និង​គ្រួសារ​រហូតដល់​សព្វថ្ងៃ​នេះ ក៏​បានមក​ដោយសារ​គ្រូ​ដែរ ដូច្នេះ​លោក​មិនដែល​បំភ្លេច​ឡើយ​៖«​ថ្វីដ្បិតតែ​ខ្ញុំ​និង​គ្រូ​របស់ខ្ញុំ​បែក​គ្នា​នៅ​ជំនាន់​ប៉ុលពត​មែន ប៉ុន្តែ​ខ្ញុំ​នៅតែ​នឹក​គុណ​គាត់​។ គាត់​បង្រៀន​ខ្ញុំ​ហើយ ទើប​ខ្ញុំ​ជាប់​ទៅ​រៀន​ជាមួយ​គ្រូ​បារាំង​»៕


Tag:
 គ្រូ​
  សិស្ស​
  ភ្ជុំបិណ្ឌ​
  គុណគ្រូ​
  កតញ្ញូ​
© រក្សាសិទ្ធិដោយ thmeythmey.com