អន្តរជាតិ
មហា​ធៀ​៖ ពិភពលោក​មិនអាច​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បានទេ​
27, Sep 2019 , 6:29 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២៥ ខែកញ្ញា​បាន​គូសបញ្ជាក់ថា ប្រព័ន្ធ​ពិភពលោក​បច្ចុប្បន្ន មិនមាន​ឥទ្ធិពល​អ្វី​ទាល់តែសោះ  ក្នុងការ​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី  ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ផលប៉ះពាល់​នៅក្នុង​តំបន់ ។​



«​អ្នក​អាច​បន្ទោស​ឥណ្ឌូណេស៊ី អ្នក​អាច​រិះគន់​ពួកគេ ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​ឲ្យ​មាន​វត្តមាន​ភ្លើង​ឆេះ​ព្រៃ​»​។ នេះ​ជាស​ម្តី​របស់លោក​មហា​ធៀ មហាម៉ាត់ នៅក្នុង​វេទិកា​អ្នកដឹកនាំ​ពិភពលោក​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​។​

​បន្ថែម​ពីលើ​នេះ​ទៅទៀត លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​គេ​សួរថា តើ​មាន​វិធានការ ឬ​ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជា​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​អ្វី ទើប​អាច​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី​គិតគូរ​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​បាន​? ជា​ចម្លើយ លោក​មហា​ធៀ បាន​ទាញ​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ជា​ឧទាហរណ៍​ជំនួស​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​។ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤​ឆ្នាំ បាន​លើកឡើងថា ប្រធានាធិបតី​ប្រេ​ស៊ី​ល​ជឿថា ការដុត​ព្រៃ​អាច​ទទួលផល​កសិកម្ម​កាន់តែច្រើន ហើយ​មកដល់ពេលនេះ មិន​ទៀត​មាន​ប្រទេស​ណា​បញ្ឈប់​គាត់​ទេ​។ ដូចនេះ​វា​ជា​ចម្លើយ​បង្ហាញថា ប្រព័ន្ធ​ពិភពលោក​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេង​ចេះដឹង​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ​។​

​យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅតែ​ជឿថា វា​នឹងមាន​ពេលវេលា​ជាក់លាក់​ណាមួយ​សម្រាប់​ឲ្យ​ពិភពលោក ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​។ ពោលគឺ វា​ជា​ពេល ដែល​អង្គការសហប្រជាជាតិ​គិតថា វា​មិនមែនជា​បញ្ហា​ជាតិ ឬ​បញ្ហា​ក្នុងស្រុក​នោះទេ តែ​ជា​បញ្ហា​ពិភពលោក ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​ត្រូវតែ​ប្រើ​សិទ្ធិ ដើម្បី​ចាប់បង្ខំ​ប្រទេស​ណាមួយ​។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន អង្គការ​មួយ​នេះ មិនមាន​ឥទ្ធិពល​អ្វី​ទេ ដូច្នោះ​ប្រទេស​ទាំងអស់​មានតែ​វិធី​តែមួយគត់ គឺ​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​ឥណ្ឌូណេស៊ី​ចាត់វិធានការ​ការការពា​រ​ភ្លើង​ឆេះ​ព្រៃ​។​

​សូមបញ្ជាក់ថា​ផ្សែង ដែល​កើត​ពី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​ហុយ​ទៅដល់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​គឺ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ ប្រទេសទាំងពីរនេះ បានស្នើ​សុំ​ឥណ្ឌូណេស៊ី​ក្នុង​ការជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ ប៉ុន្តែ​សំណើ​មួយ​នេះ​ត្រូវបាន​ឥណ្ឌូណេស៊ី​បដិសេធ​៕


Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
  មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com