អន្តរជាតិ
សៀវភៅ​ស​៖​ចិន​ត្រូវការ​ភាព​ដឹកនាំ​ដ៏​រឹងមាំ​ក្នុងការ​គ្រប់គ្រង​ប្រទេស​
27, Sep 2019 , 4:44 pm        
រូបភាព
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង  នៅ​ថ្ងៃទី ២៧ ខែកញ្ញា  បានចេញ​ផ្សាយ​សៀវភៅ​ស​មួយ​ក្បាល មុន​គម្រប់​ខួប​លើក​ទី​៧ ០ នៃ​សាធារណរដ្ឋ​ប្រជាមានិត​របស់ខ្លួន​។ ខ្លឹមសារ​នៃ​សៀវភៅ​មួយ​នេះ បាន​លើកឡើងថា ចិន​ត្រូវតែ​ខ្លាំង និង​រួបរួមគ្នា​ក្នុង​បក្ស​កុំម្មុយនិស្ត បើ​មិន​ចង់​ទទួលរង​នូវ​ភាព​បាក់បែក​ក្នុងប្រទេស​។​



​សារព័ត៌មាន​គណៈរដ្ឋមន្ត្រី​ចិន បាន​គូសបញ្ជាក់ថា សៀវភៅ​ស ដែល​បានធ្វើ​ឲ្យ​បក្ស​កុំម្មុយនិស្ត​បាន​កាន់អំណាច​កាលពី ៧០​ឆ្នាំ គឺ​ស្ថិតនៅក្រោម​ភាពជា​អ្នកដឹកនាំ​របស់​បក្ស​។  ដើម្បី​ឲ្យ​ប្រទេស​ចិន​អាច​រីកចម្រើន​ទៅបាន រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ត្រូវតែ​រួបរួម និង​រឹងមាំ ដើម្បី​កុំ​ឲ្យ​ប្រទេស​ទទួលរង​នូវ​ការ​បាក់បែក និង​នាំ​គ្រោះមហន្តរាយ​ដល់​ពិភពលោក​។ មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ទាំងនេះ​គឺ ចិន​ជា​ប្រទេស​ធំ លក្ខខណ្ឌ​ប្រទេស​ស្មុគស្មាញ និង​បញ្ហាលំបាក​នៅក្នុង​រដ្ឋបាល​របស់ខ្លួន​។ នេះ​បើ​ផ្អែក​ទៅតាម​ខ្លឹមសារ​សៀវភៅ​ស​របស់​ចិន​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ សារព័ត៌មាន Reuters ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ អាជ្ញាធរ​ចិន​ក៏បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ផងដែរ ដូចជា​ការបង្ក្រាប​នៅមុខ​ទីលាន ធាន អាន​មេន​ជាដើម ក្នុង​គោលបំណង​ពង្រឹង​ស្ថិរភាព​ប្រទេស​។  បើទោះបីជា ការបោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​នេះ ស្របពេល​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក៏ដោយ សៀវភៅ​សរ​បស់​ចិន បាន​បញ្ជាក់ថា ចិន​មិន​មានបំណង​យក​គំរូ​ដឹកនាំ​តាម​ប្រទេស​ណា​ឡើយ ហើយ​ថែមទាំង​មិន​ចង់​នាំយក​ការដឹកនាំ​របស់ខ្លួន​ទៅ​ប្រទេស​ផ្សេងទៀត​ដែរ​។ ចិន​ចង់​បានតែ​សន្តិភាព​តែប៉ុណ្ណោះ ហើយក៏​មិន​ត្រូវការ​អនុត្តរភាព​និយម​ដូច​ប្រទេស​គេ​ដែរ​។ បានន័យថា ចិន​មិន​ចង់​ដឹកនាំ​ប្រទេស​ណា​ផ្សេង​ឡើយ ព្រោះ​តាំងពីដើម​មក ចិន​មិន​ធ្លាប់​ឈ្លានពាន​ប្រទេស​ណា​ឡើយ ប៉ុន្តែ​មានតែ​បរទេស​ទេ ដែល​គ្រប់គ្រង​ចិន​។​ដូចនេះ​ចិន មិន​ចង់​សាបព្រោះ​នូវ​ការឈឺចាប់​របស់​ប្រជាជន​ចិន ទៅ​ប្រជាជាតិ​ផ្សេង​ឡើយ​។​

​ក្នុងន័យ​បញ្ឈឺ​អាមេរិក សៀវភៅ​ដដែល​បាន​និយាយថា សង្គ្រាម​ពាណិជ្ជកម្ម​មិនអាច​ធ្វើ​អ្វី​ចិន​បានដែរ ព្រោះ​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​មាន​ភាពរឹងមាំ នៅក្នុង​ប្រព័ន្ធ​ឧស្សាហកម្ម ចង្វាក់​ផលិតកម្ម ទំហំ​ទីផ្សារ​ធំ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ក៏​ខ្លាំង​ដែរ​។ ទាំងនេះហើយ​សុទ្ធតែជា​សក្តានុពល​រប​ស់​ចិន  ក្នុងការ​ប្រឈម​មុខជា​មួយ​អាមេរិក​។ ដូចនេះ​ចិន សង្ឃឹមថា​អាមេរិក​នឹង​ទទួលស្គាល់​នូវ​ការអភិវឌ្ឍ​របស់​ចិន​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មិនមាន​បំណង់​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ឡើយ ហើយក៏​មិន​ចង់​ក្លាយជា​មេដឹកនាំ​ពិភពលោក ជំនួស​អាមេរិក​ដែរ​។ ការដាក់​សម្ពាធ​លើ​ប្រទេស​ផ្សេង ការ​រឹតត្បិត មិនអាច​ធ្វើ​ឲ្យ​អាមេរិក​ខ្លាំង​ឡើយ​។​

​សូមបញ្ជាក់ថា ការចេញ​សៀវភៅ​ស​មួយ​នេះ គឺ​មិន​ដល់​រយៈពេល ៥​ថ្ងៃ​ទេ ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​ប្រារព្ធ​ខួប​លើក​ទី ៧០​ដ៏​អធិកអធម​របស់ខ្លួន​។ ជាពិសេស​ព្រឹត្តិការណ៍​មួយ​នេះ ត្រូវបាន​គេ​រំពឹងថា គឺជា​ការដំឡើង​សាច់ដុំ​របស់​ចិន​ដាក់​បស្ចិម​លោក​៕


Tag:
 ចិន​
  សៀវភៅ​ស
© រក្សាសិទ្ធិដោយ thmeythmey.com