អន្តរជាតិ
បើ​មនុស្ស​វិ​វត្ត​ពី​ស្វា ហេតុអ្វី​បានជា​នៅតែមាន​ស្វា​? ​
29, Sep 2019 , 4:39 pm        
រូបភាព
ឃ្លា​ខាងលើនេះ​ជា​សំណួរ​មួយ​ដែល​មនុស្ស​មួយចំនួន​បាន​សួរ ហើយក៏​ជា​សំណួរ​មួយ​ពិបាក​ក្នុង​ការរក​ចម្លើយ​ឲ្យ​បាន​ពិតប្រាកដ​ល្អប្រសើរ​ដែរ​។ សៀវភៅ​ចំណេះដឹង​ទូទៅ​ជាច្រើន​បាន​រៀបរាប់​អំពី​ការវិវត្តន៍​របស់​មនុស្ស ហើយ​លោក​អ្នកអាន​ភាគច្រើន​ក៏បាន​ដឹង​ដែរ​ថា មនុស្ស​បានធ្វើ​ការវិវត្ត​មកពី​អម្បូរ​សត្វ​ស្វា​។ ដោយហេតុនេះ​ទើប​មាន​សំណួរ​មួយ​ចោទថា បើ​មនុស្ស​វិ​វត្ត​ពី​ស្វា ហេតុអ្វី​បានជា​នៅតែមាន​ស្វា​?



​ដំបូង​លោកអ្នក​គួរតែ​យល់ថា តើ​ពាក្យ​ថា​«​ស្វា​»​ត្រូវបាន​គ្របដណ្តប់​លើ​ក្រុម​ពូជ​សត្វ​ស្វា​ណាខ្លះ​។ មិនមែន​សត្វ​ស្វា​ទាំងអស់​សុទ្ធសឹងតែ​ដូចគ្នា​នោះទេ​។ «​ស្វា​»​វា​គ្រាន់តែ​ជា​ពាក្យ​សាមញ្ញ​ប្រើប្រាស់​ក្នុងស្ថានភាព​ជីវភាព​ធម្មតា ដើម្បី​ងាយស្រួល​យល់​ប៉ុណ្ណោះ​។ បន្ទាប់មក​លោកអ្នក​ក៏​គួរ​យល់​អំពី​ទ្រឹស្តី​វិវត្តន៍​របស់​ជីវ​វិទូ​អង់គ្លេស លោក Charles Darwin ដែរ​។ បើតាម​ការដកស្រង់​ពី​គេហទំព័រ​friendsofdarwin.com អត្ថបទ​ជា​ភាសា​ខ្មែរ​មួយ​នេះ​សុំ​ប្រើប្រាស់​ពាក្យ​«​ស្វា​»​ទៅ​ចុះ​ដើម្បី​ងាយ​ស្រួយ​ក្នុង​ការពន្យល់​។

​មនុស្ស​សម័យថ្មី និង​សត្វ​ស្វា​ដែល​យើង​ឃើញ​សព្វថ្ងៃ​គឺជា​ពូជ​ភាវៈរស់​ពីរ​ប្រភេទ​ដែល​បាន​វិ​វត្ត​ពី​ភាវៈរស់​ជំនាន់​ដើម​មួយទៀត​ជាមួយគ្នា​។ បើ​តាមន័យ​ជីវវិទ្យា មនុស្ស​សម័យថ្មី និង​សត្វ​ស្វា​សព្វថ្ងៃ​មាន​លក្ខណៈ​ជីវសាស្ត្រ​ស្រដៀង​គ្នា​ខ្លាំងណាស់​។ បើ​យើង​យក​សំណួរ​ខាងលើ​មក​ធ្វើជា​ឧទាហរណ៍​មួយ​ដោយ​និយាយថា​៖«​ជីតា​របស់ខ្ញុំ​បានទទួល​មរណភាព​យូរ​មកហើយ ហើយ​គាត់​បាន​បន្សល់ទុក​អ្នកជំនាន់ក្រោយ​ដូចជា​ខ្ញុំ និង​បងប្អូន​ជីដូនមួយ​ខ្ញុំ​។ ចុះបើ​ខ្ញុំ​ជា​អ្នកជំនាន់ក្រោយ​របស់​ជី​តា​ខ្ញុំ ហេតុអ្វី​បានជា​ខ្ញុំ​នៅតែមាន​បងប្អូនជីដូន​មួយ​របស់ខ្ញុំ​?»​។

​យើង​អាច​ប្រៀបធៀប​ឧទាហរណ៍​នេះ​ជាមួយនឹង​សំណួរ​ខាងលើ​បាន​៖«​បើ​មនុស្ស​វិ​វត្ត​ពី​ស្វា ហេតុអ្វី​បានជា​នៅតែមាន​ស្វា​?»​។ ក្នុងន័យនេះ ពាក្យ​ថា​«​ខ្ញុំ​»​ប្រៀបបាន​ដូចជា​ពាក្យ​«​មនុស្ស​» ចំណែកឯ​ពាក្យ​«​បងប្អូន​ជីដូនមួយ​»​ប្រៀបបាន​ដូចជា​ពាក្យ​«​សត្វ​ស្វា​សព្វថ្ងៃ​»​។ នេះ​បានន័យថា បើ​អ្នកជា​មនុស្ស​ជំនាន់​ក្រោយ​របស់​ជីតា​អ្នក មិនមែន​បានន័យថា អ្នកជា​មនុស្ស​ជំនាន់​ក្រោយ​តែមួយគត់​ម្នាក់ឯង​នោះទេ​។ អ្នកដទៃ​ខ្លះទៀត​ក៏​អាចជា​មនុស្ស​ជំនាន់​ក្រោយ​ដែរ​។​

 ពេលខ្លះ​ការវិវត្ត​ដាច់ដោយឡែក​ពីគ្នា កើតឡើង​ដោយសារ​របៀប​នៃ​ការរស់នៅ​មាន​ភាព​ដាច់ដោយឡែក​ពីគ្នា​។ ពេលខ្លះទៀត វា​កើតឡើង​ដោយសារ​បាតុភូត​«​បន្លាស់​ប្តូរ​ហ្សែ​ន​»​ម្យ៉ាង​ដែលជា​ភាសា​អង់គ្លេស​ហៅថា Genetic Mutation ។ នេះ​បានន័យថា តាម​ធម្មជាតិ ហ្សែ​ន​អាច​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​តាមរយៈ​ការបន្ត​ពូជ​។ ច្រើន​ជំនាន់​ក្រោយមក បន្លាស់​ប្តូរ​ហ្សែ​ន អាចធ្វើ​ឲ្យ​ភាវរស់​ណាមួយ​មាន​លក្ខណៈ​កាន់តែ​ខុសគ្នា​ទៅៗ បើ​ប្រៀបធៀប​ជាមួយនឹង​ភាវរស់​មួយទៀត ទោះបីជា​ភាវរស់​ទាំងពីរ​ប្រភេទ​នេះ កាលពីមុន​មាន​លក្ខណៈ​ស្រដៀង​គ្នា​ក៏ដោយ​។

​បើ​ការផ្លាស់ប្តូរ​នេះ​ប្រព្រឹត្តទៅ​កាន់តែ​យូរ នោះ​ភាវរស់​ទាំងពីរ​នឹង​ក្លាយជា​ប្រភេទ​ផ្សេងគ្នា ហើយ​មិន​អាចធ្វើ​ការបង្ក​កំណើត​ជាមួយគ្នា​ទៀត​បាន​នោះទេ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​នេះ​ត្រូវការ​រយៈពេល​រាប់លាន​ឆ្នាំ ទើប​ឃើញ​សភាព​ខុស​ច្រើន​។ ពេលខ្លះ​ពាក្យ​ថា​«​ស្វា​»​មួយ​មាត់​អាចធ្វើ​ឲ្យ​មនុស្ស​មាន​ការយល់ច្រលំ ពីព្រោះ​ថាបើ​ពួកគេ​មាន​រូបរាង​ខុសគ្នា​ខ្លះ​មែន តែ​លក្ខណៈ​ជីវសាស្ត្រ​ហ្សែ​នេ​ទិច មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅវិញ​ទេ​។

​ម្យ៉ាងវិញទៀត បើ​លោកអ្នក​ឲ្យ​ឈ្មោះ​ស្វា​សព្វថ្ងៃ​ថា​ជា​«​ស្វា​» ហើយ​ស្វា​ជំនាន់​មុនៗ​ដែល​មនុស្ស​បាន​វិ​វត្ត​មក​ថា​ជា​«​ស្វា​»​ដែរនោះ នោះ​មនុស្ស​សព្វថ្ងៃនេះ​ក៏ត្រូវ​តែ​ជា​«​ស្វា​»​ដែរ​។ សរុប​ឲ្យ​ខ្លី​មក ការប្រើប្រាស់​ន័យ ឬ​ពាក្យ​ប្រចាំថ្ងៃ ជាមួយនឹង​ន័យ ឬ​ពាក្យ​វិទ្យាសាស្ត្រ​បែប​បច្ចេកទេស អាចបង្កើត​ឲ្យ​មានការ​យល់ច្រឡំ​មួយចំនួន​ដែរ​។ ការវិវត្តន៍​មិនមែន​បង្កើត​ប្រភេទ​ភាវរស់​តែមួយ​ប្រភេទ​នោះទេ ប៉ុន្តែ​បរិស្ថាន និង​របៀប​នៃ​ការរស់នៅ ហូបចុក គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​មានការ​ខុសប្លែក​ពីគ្នា​រវាង​ប្រភេទ​និ​មួយៗ​។ ឧទាហរណ៍​ចុងក្រោយ​ដូចជា មនុស្ស​សម័យថ្មី និង​សត្វ​ស្វា​សព្វថ្ងៃ នេះ​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com