ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ការលែង​«​សត្វ​ចាប​»​ក្លាយជា​ជំនឿ​សុំ​សេចក្តីសុខ ប៉ុន្តែ​ជំនឿ​នេះ បង្កើតឱ្យមាន​រប​រល​ក់​ចាប​?
29, Sep 2019 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ ការលែង​«​សត្វ​ចាប​»​ឲ្យ​មាន​សេរីភាព  ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ និង​រួចពីទុក្ខ​ភ័យ គឺជា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ប៉ុន្តែ​ពលរដ្ឋ​មិនទាន់​ដឹងថា ជំនឿ​បែបនេះ ក៏បាន​ក្លាយទៅជា​សកម្ម​ភាព​មួយ ដែល​បង្កើត​ឲ្យ​មាន​របរ​លក់​ចាប​ដែរ​?



អង្គុយ​ក្បែរ​ទ្រុង​ចាប ស្លៀក​ខោខ្លី​អាវដៃខ្លី​និង​ពាក់មួក ដោយ​ឱប​កូនស្រី​ពៅ​ម្នាក់​ផង​នោះ បុរស​សម្បុរ​ខ្មៅ​ស្រអែម​ម្នាក់ កំពុង​ស្រែក​អំពាវនាវ​ឲ្យ​ពលរដ្ឋ ដែល​ទៅ​បន់ស្រន់​នៅ​ព្រះអង្គ​ដង្កើ ជួយ​ជាវ​សត្វ​ចាបខ្លួន យក​ព្រលែង សុំ​សេចក្តីសុខ​សប្បាយ​តាម​ជំនឿ​របស់​ពួកគេ​។ លោក ពេជ្រ វណ្ណៈ បាន​ប្រកប​របរ​លក់​ចាប​នេះ រយៈពេល​ជាច្រើនឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ ហើយ​ចាប​ដែល​លោក វណ្ណៈ យកមក​លក់​នេះ គឺ​ដើរ​ទិញ​ពី​អ្នក​ទាក់​សត្វ​។​



​ដើមឡើយ​លោក វណ្ណៈ លក់​នៅមុខ​ព្រះអង្គ​ដង​កើ ប៉ុន្តែ​ក្រោយមក​ខាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​កន្លែង​ឱ្យ​លក់​ត្រឹមត្រូវ ដែលមាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ឆ្ងាយ​ពី​ទីកន្លែង​ព្រះអង្គ​ដង​កើ​វិញ​។ ក្នុង​មួយថ្ងៃ​លោក វណ្ណៈ អាច​លក់​សត្វ​ចាប បាន​ប្រហែល​២០០ ទៅ​៣០០​ក្បាល​។​

​នៅពេល​សួរថា បើ​អ្នក​លែង​«​សត្វ​ចាប​»​បាន​បុណ្យ​! ចុះ​អ្នក​លក់បាន​បុណ្យ​ឬ​បាប​? លោក វណ្ណៈ តប​វិញ​ថា លោក​មិនសូវ​បាន​គិតពី​រឿង​បុណ្យ​ឬ​បាប​នោះទេ ព្រោះ​អ្វីដែល​ខ្លួន​ត្រូវ​គិត​បច្ចុប្បន្ននេះ គឺ​បញ្ហា​ជីវភាព​គ្រួសារ​។ បុរស​មាឌធំ ដែល​ប្រកប​របរ​លក់​ចាប​២០​ឆ្នាំ​រូបនេះ បាន​សង្កត់ធ្ងន់ថា «​ខ្ញុំ​គិតពី​ជីវភាព ហើយ​ខ្ញុំ​ទិញ​ចាបពី​គេ​មក សម្រាប់​ថែរក្សា​ឱ្យគេ​លែង​ទៅវិញ ។ ហើយ​ចាប​ដែល​ទិញ​មក​ខ្ញុំ​ថែ​ជាង​កូន​ទៅទៀត ងូតទឹក ដាក់​ចំណី​ត្រឹមត្រូវ និង​ថ្នាំ​កម្លាំង ហើយ​បើ​ងាប់​ខាត​យើង​»​។​



​ស្ត្រី​អ្នកលក់​ចាប​ម្នាក់ទៀត នៅមុខ​ព្រះបរមរាជវាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា «​ចាប​»​ភាគច្រើន ត្រូវបាន​អ្នកលក់​ទិញ​ពី​ឈ្មួញ​នៅ​ផ្សារ​ច្បារអំពៅ ដែល​បាន​ប្រមូល​ទិញ​ពី​អ្នក​ទាក់​ចាប​តាម​បណ្ដាល​ខេត្ត​មក​លក់​នៅ​ទីនោះ​។ អ្នកលក់​រូបនេះ បាន​បន្ថែមថា តម្លៃ​«​ចាប​»​ដែល​ទិញ​មកពី​ឈ្មួញ មានតម្លៃ​១០០០​ទៅ​១៥០០​រៀល ហើយ​អាច​លក់​ទៅវិញ​បាន​តម្លៃ​មួយគូ​ពី​៤​ពាន់​ទៅ​៦​ពាន់​រៀល​។ ចាប​ដែល​យកមក​លក់​នោះ​រួមមាន ចាបស្រុក ចាប​ជំពូក​មាស ចាប​ល្ងរ ចាបចង្ក្រង និង​ត្រចៀកកាំ​ជាដើម​។ បើតាម​ស្រី្ត​លក់​ចាប​រូបនេះ  អ្នក​ទាក់​ចាប​ប្រើ​វិធី​ច្រើន​ដូចជា ដាក់​សំណាញ់ ដាក់​អន្ទាក់ ឬ​ដាក់​ជ័រស្អិត​ជាដើម​។



​កំពុង​លើកដៃ​ប្រណម បិទ​ភ្នែក​បួងសួង​សុំ​សេចក្តីសុខ​នោះ គឺជា​សកម្មភាព​របស់​លោក ភា​រុន ដែល​បាន​ប្រលែង​សត្វ​ចាប​មួយ​ឱ្យ​ហើរ​ចេញពី​ក្នុង​ដៃ​ខ្លួន​។ ក្នុង​ទឹកមុខ​ស្រស់ថ្លា​លោក ភា​រុន បាន​និយាយថា លោក​មានចិត្ត​សោមនស្ស នៅពេល​ឃើញ​ចាប​នៅក្នុង​ទ្រុង មាន​សេរីភាព​បែបនេះ​។ «​ខ្ញុំ​ចង់ឱ្យ​ចាប​មាន​សិទ្ធិសេរីភាព ជាជាង​នៅក្នុង​ទ្រុង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ភា​រុន​។​

​ចំណែក​កញ្ញា សោ​ភ័​ណ្ឌ ដែល​មក​គោរពបូជា​ព្រះអង្គ​ដង​កើ ជាមួយ​មិត្តភក្តិ​នោះ ក៏​ជា​អ្នក​ធ្លាប់​ប្រលែង​សត្វ​ចាប ដើម្បី​សុំ​សេចក្តីសុខ​ផងដែរ​។ យុវតី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ខ្ញុំ​មិនបាន​ដឹងថា សត្វ​ចាប​មកពីណា​នោះទេ គឺ​គ្រាន់តែ​ចង់ឱ្យ​សត្វ​ចាប​មាន​សេរីភាព ព្រោះ​មាន​អារម្មណ៍​ថា ចាប​ជាប់ទ្រុង​ទៅណា​មិនកើត ខណៈ​មនុស្ស​និង​សត្វ​គឺ​ត្រូវការ​សេរីភាព​ដូចគ្នា​»​។​



​ទាំង​លោក ភា​រុន ទាំង​កញ្ញា សោ​ភ័​ណ្ឌ មិនបាន​គិតថា សកម្មភាព​ប្រលែង​ចាប​ឱ្យមាន​សេរីភាព ដើម្បី​សុំ​សេចក្តីសុខ គឺជា​ការចូលរួម​បង្កើតឱ្យមាន​ការលក់​ចាប និង​សកម្មភាព​ទាក់​ចាប​មក​លក់​ច្រើនឡើង​នោះទេ​។ «​នេះ​ជា​របរ​របស់​បុគ្គល​ម្នាក់ ដើម្បី​ជីវភាព​រស់នៅ​ពួកគេ ហើយ​យើង​មិនអាច​ឃាត់​នរណាម្នាក់​បានឡើយ ព្រោះ​ថាបើ​យើង​ឃាត់​នរណាម្នាក់​មិនមែនជា​រឿង​ល្អ​នោះទេ​។ ដូច្នេះ​គ្រប់គ្នា​ពេល​ឃើញ​សត្វ​ចាប ដែល​ត្រូវគេ​លក់​សូមជួយ​ទិញ ដើម្បី​សត្វ​បាន​សេរីភាព​និង​សប្បាយ​សុខ​ទាំងអស់គ្នា​»​។​នេះ​ជា​យល់ឃើញ​របស់​កញ្ញា សោ​ភ័​ណ្ឌ ដែល​បាន​ឆ្លើយតប​សំនួរ​សារព័ត៌មាន​ថ្មីៗ​។​



​ងាក​មក​ផ្នែក​ព្រះពុទ្ធសាសនា ព្រះសង្ឃ ប៊ុន សា​លួត គង់នៅ​វត្ត​ប្រាសាទ​រាជា​សំរោង​(​វត្ត​សំរោង​) ខេត្តឧត្ដរមានជ័យ​បាន​មាន​ថេរ​ដីកា​បកស្រាយ​ថា អ្នក​ទាក់​ចាប និង​លក់​ចាប គឺ​ទទួលបាន​បាប ដោយសារ​បាន​ឃាត់​សិទ្ធិសេរីភាព​។ ចំណែក​អ្នកទិញ​សត្វ​លែង ជាពិសេស​ទិញ​សត្វ​ជួប​ទុក្ខ​ពី​ក្នុង​ដៃ​ព្រាន ដើម្បី​យកទៅ​ប្រលែង​ឱ្យមាន​សេរីភាព ក្នុង​គោលបំណង​ជួយសង្គ្រោះ​ពិតប្រាកដ​នោះ គឺ​ទទួលបាន​បុណ្យ​។​



​ដើម្បី​បញ្ចៀស​អ្នកពាក់ព័ន្ធ​មិន​ឲ្យ​ប្រព្រឹត្ត​ខុស​បន្តទៀត ព្រះសង្ឃ ប៊ុន សា​លួត មាន​សង្ឃដីកា ដោយបាន​លើក​ជា​សំនួរ​បែប​ពិចារណា​ថា​៖ «​មនុស្ស​ដើរ​ក្នុង​មួយថ្ងៃ​បានតែ​ប៉ុន្មាន​គីឡូ ចុះ​សត្វ​ដែល​ហោះហើរ​រាប់ពាន់​គីឡូ​ក្នុង​មួយថ្ងៃ ត្រូវ​ចាប់​ដាក់​ឃាត់​ក្នុង​ទ្រុង​នេះ ញោម​(​អ្នក​ទាក់ និង​អ្នកលក់​សត្វ​)​មាន​គិតពី​សេរីភាព​របស់គេ​ឬ​អ​ត‌់​? មាន​គិត​ជិវិត​សត្វ​ដែរ​ទេ? ចុះបើ​មិនមាន​អ្នកទិញ តើ​ជិវិត​សត្វ​ទៅជា​យ៉ាងណា​? ។ ញោម​(​អ្នក​ទាក់ និង​លក់​សត្វ​)​ឯង​គួរតែ​អភ័យ​ដល់​សត្វ​បានទេ ប្រសិនបើ​គេ​យក​ញាតិ​ឬ​ញោម​ឯង​ទៅ​ឃាត់​ឃាំ​វិញ តើ​វា​ទៅជា​ណា​វិញ​? ញោម​គួរតែ​យក​មុខរបរ​ត្រឹមត្រូវ ហើយ​ឈប់​បំផ្លាញ​ជី​វីត​របស់គេ ដោយ​ងាក​មក​ដាំ​ដំណាំ​កសិកម្ម​ជាដើម​។ នេះ​គ្រាន់តែ​ជាការ​ពន្យល់​ពី​ហេតុផល​ឱ្យ​ពិចារណា ដើម្បី​ជាការ​កែប្រែ ហើយ​មិនមែន​ការបង្ខំ​ទេ​»​។​



​តាមពិតទៅ​មុខរបរ​លក់​សត្វ​ចាប​នេះ បានត្រឹមតែ​ចិញ្ចឹម​ជិវិត និង​ផ្គត់ផ្គង់​ឱ្យ​កូន​រៀន​បន្តិចបន្តួច ពោលគឺ​មិនអាច​ជួយ​ឱ្យេ​ជីវភាព​ធូរធា​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ វណ្ណៈ អ្នកលក់​សត្វ​ចាប​នៅក្បែរ​ព្រះអង្គ​ដង​កើ ដែល​បាន​បន្ថែមថា កូនប្រុស​ច្បង​របស់គាត់ បាន​ឈប់រៀន​នៅ​ថ្នាក់​ទី​៩ ដោយសារ​ខ្វះខាត​ថវិកា​ក្នុង​គ្រួសារ ខណៈ​កូន​បីនាក់​ទៀត​កំពុង​សិក្សា​នៅ​ថ្នាក់បឋមសិក្សា​។ បុរស​លក់​ចាប​២០​ឆ្នាំនេះ បាន​បញ្ជាក់ថា លោក​នឹង​ផ្លាស់ប្ដូរ​មុខរបរ​នេះ ប្រសិនបើ​ថ្ងៃ​អនាគត​ទៅ មាន​ដើមទុន​គ្រប់គ្រាន់ សម្រាប់​ប្រក​បរបរ​ផ្សេង​៕





Tag:
 ចាប​
  អ្នក​ទាក់​ចាប​
  អ្នកលក់​
  អ្នក​លែង​សត្វ​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com