ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ដួង លក្ខិណា ចង់​ឲ្យ​ស្ត្រី​ដើរ​ឆ្ពោះទៅមុខ​ជាមួយនឹង​ចំណេះ និង​ជំនឿ​ចិត្ត​
30, Sep 2019 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ ចំណេះដឹង ជំនឿ​ចិត្ត នឹង​នាំ​ស្ត្រី​ដើរ​ឆ្ពោះទៅរក​អនាគត​ដ៏​ភ្លឺស្វាង​មួយ​។ នេះ​ជាការ​យល់ឃើញ​របស់ កញ្ញា ដួង លក្ខិណា មន្ត្រី​ជំនួយការ​កម្មវិធី​នៅ​អង្គការ UN Women ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ ស្ត្រី​វ័យ​២៩​ឆ្នាំ​រូបនេះ យល់ថា​ស្ត្រី​ក៏ត្រូវ​ចេះ​ចាប់យក​ឱកាស ដើម្បី​អភិវឌ្ឍន៍​ចំណេះ និង​ពង្រឹង​ជំនាញ​បន្ថែមទៀត​ដែរ​។ សម្រាប់​កញ្ញា លក្ខិណា បើ​ស្ត្រី ចង់​មាន​ការងារ​ល្អ នៅក្នុង​ស្ថាប័ន​ធំៗ ពួកគេ ត្រូវមាន​ចំណេះ​ជា​អាទិភាព បន្ទាប់មក​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង និង​កុំ​បោះបង់​។​




​កញ្ញា ដួង លក្ខិណា គឺជា​ជំនួយការ​កម្មវិធី​នៅ​អង្គការ UN Women ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ មាន​វ័យ​២៩​ឆ្នាំ អ្នកនាង​មិនដែល​ស្រមៃ​ថា នឹងត្រូវ​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ ឬ​ស្ថាប័ន UN ណាមួយ​ឡើយ​។ ម្យ៉ាង​មុន​ចូលរៀន​នៅ​មហាវិទ្យាល័យ លក្ខិណា អះអាងថា នាង​មិនបាន​ស្គាល់​ថា​អង្គការ UN ជា​អ្វី​ផង​។ តែ​អ្វីដែល​នាង​ដឹង គឺ​នាង​ត្រូវ​រៀន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ឯករាជ្យភាព និង​ធ្វើការ​ទាក់ទង​នឹង​ការលើកកម្ពស់​សមភាព​យេនឌ័រ​។ 

សូមទស្សនាវីដេអូ៖



​កញ្ញា ដួង លក្ខិណា រៀបរាប់​ដូច្នេះ​៖ «​ខ្ញុំ​មិនដែល​ដឹងថា អង្គការសហប្រជាជាតិ​ហ្នឹង​ជា​អ្វី​ផង ពេល​យើង​នៅ​វិទ្យាល័យ ព្រោះ​កាលដែល​យើង​រៀន​នៅ​វិទ្យាល័យ អត់​មាន​សកម្មភាព​ក្រៅ​ថ្នាក់​ទេ អ៊ីចឹង​យើង​រៀន​តែ​នៅក្នុង​មេរៀន ឬ​ក៏មានដែរ តែ​ខ្ញុំ​មិន​ចាំ​។ ​ខ្ញុំ​អត់​ដឹង រហូតដល់​ខ្ញុំ​រៀន​នៅ​សាកលវិទ្យាល័យ បាន​ខ្ញុំ​ចាប់ផ្តើម​ស្គាល់​ថា តើ​អង្គការសហប្រជាជាតិ​ហ្នឹង​គេ​ធ្វើការ​លើ​អ្វី​? ហើយ​មាន​ប៉ុន្មាន​ផ្នែក​? ដោយសារ​តែមាន​ថ្នាក់​មួយ​នោះ គេ​និយាយ​ពី​អង្គការសហប្រជាជាតិ​តែម្តង​។ អ៊ីចឹង​បាន​ខ្ញុំ​ស្វែងយល់​ពី​អង្គការសហប្រជាជាតិ​ហ្នឹង​។ ប៉ុន្តែ​កាល​ហ្នឹង​ក៏​មិនបាន​គិតថា ខ្លួនឯង​ត្រូវតែ​ធ្វើការ​ឲ្យ​អង្គការសហប្រជាជាតិ ឬ​អង្គការក្រៅរដ្ឋាភិបាល​ទេ គ្រាន់តែ​គំនិត​ដែល​ខ្ញុំ​ចេញមក​មួយ​ដែល​ខ្ញុំ​ចង់​ហ្នឹង គឺ​ខ្ញុំ​ចង់​ធ្វើការ​ទាក់ទង​នឹងធ្វើ​ម៉េច​ឲ្យ​មាន​សមភាព​យេនឌ័រ​នៅក្នុង​សង្គម​»​។​

​កញ្ញា ដួង លក្ខិណា ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​៣​នាក់ ដែលមាន​ឪពុក​ជាម​ន្ត្រីអង្គការ​សង្គម​ស៊ីវិល និង​ម្តាយ​ជា​ពេទ្យឆ្មប​។ តែ​យ៉ាងណា​នាង​បានរស់នៅ​ជិត និង​ទទួលបាន​ភាពកក់ក្តៅ​ពី​ឪពុកម្តាយត្រឹម​អាយុ​១១​ឆ្នាំ​ប៉ុណ្ណោះ ដោយសារតែ​កុមារី​រូបនេះ ត្រូវ​ចាក​ចេញពី​ស្រុកកំណើត​នា​ខេត្តកំពង់ចាម មក​បន្ត​ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ​នៅ​ភ្នំពេញ​។ នៅលើ​ទឹកដី​ថ្មី​នេះ លក្ខិណា រស់នៅ​ជាមួយ​ម្តាយ-ឪពុកធំ និង​បងប្រុស​បង្កើត​ដែល​បានមក​បន្ត​ការសិក្សា​មុន​។

​ត្រូវរ​ស់ឃ្លាត​ឪពុកម្តាយ តាំងពី​អាយុ​១១​ឆ្នាំ ដើម្បី​ការសិក្សាមិនមែនជា​សាមញ្ញ​ពេកទេ​សម្រាប់ក្មេងស្រី​ជនបទ​ដូច​លក្ខិណា​។ បែបផែន​នៃ​ការរស់នៅ​របស់​នាង ត្រូវ​ប្តូរផ្លាស់​ស្ទើរ​ទាំងស្រុង រាប់​ចាប់តាំងពី​ការ​ហុប​ចុក ទម្លាប់​រស់នៅ ជាពិសេស​គឺ​ខ្វះ​កក់ក្តៅ និង​ការ​ថ្នាក់ថ្នម​ពី​ឪពុកម្តាយ​តែម្តង​។ កញ្ញា លក្ខិណា រៀបរាប់​ដូច្នេះ​៖«​មក​នៅ​ភ្នំពេញ មិនមែនជា​រឿង​ងាយស្រួល​ទេ យើង​ក្មេង​…​យើង​ធ្លាប់​រស់នៅ​ជាមួយ​ឪពុកម្តាយ យើង​តែងតែ​ពឹង​ផ្អែកលើ​គាត់ ប៉ុន្តែ​នៅពេលដែល​យើង​រស់នៅ​អត់​មាន​ឪពុកម្តាយ​នៅ​ជាមួយ​អ៊ីចឹង ធ្វើ​ឲ្យ​យើង​ចាប់ផ្តើម​រៀន​ពឹង​លើ​ខ្លួនឯង​។ ចាប់ផ្តើម​ធ្វើការ​ខ្លួនឯង បោក​ខោអាវ​ខ្លួនឯង ធ្វើ​អ្វីៗ​ខ្លួនឯង ប៉ុន្តែ​អ៊ុំ​ក៏​គាត់​ជួយ​ខ្ញុំ​ច្រើន​ដែរ ដោយសារ​យើង​នៅ​ក្មេង​ពេក​។ គាត់​បង្រៀន​យើង​ឲ្យ​ចេះ​រៀបចំខ្លួន​...»​។​

​​ការណ៍​នេះបន្តិច​ម្តងៗ​បានធ្វើ​ឲ្យ​លក្ខិណា មាន​ឯករាជ្យភាព​តាំងពី​តូច រៀន​ចេះ​បត់បែន និង​កាន់តែ​អត់ធ្មត់ ជាពិសេស លក្ខិណា ចេះ​សម្រប​ខ្លួន (Adaptation) បាន​យ៉ាង​ល្អ​ទៅក្នុង​សង្គម ដែល​តែងតែ​ផ្លាស់ប្តូរ​គ្រប់​វិនាទី​នោះ​។

​លក្ខិណា ចាត់ទុក​ការផ្លាស់ប្តូរ​ជា​ឱកាស​រៀនសូត្រ ពង្រឹង​ចំណេះ និង​ជំនាញ​


​បើ​រំឭក​ពីបទពិសោធន៍​ការងារ កញ្ញា ដួង លក្ខិណា ដែល​បញ្ចប់​ការ សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច នៅ​ប្រទេស​បង់​ក្លា​ដែ​ស បាន​ផ្លាស់ប្តូរ​កន្លែងធ្វើការ​ជា​ញឹកញាប់​​ មុន​ប្រឡូក​ចូលធ្វើ​ការងារ​ក្នុងអង្គការ UN Women នៅក្នុង​ប្រទេសកម្ពុជា។ ​នាងធ្លាប់ធ្វើជាគ្រូបង្រៀន​ភាសា​ខ្មែរសម្រាប់​អ្នកស្ម័គ្រចិត្ត Peace Corps និង​នៅអង្គការ​តម្លាភាព​កម្ពុជា​(TIC)​។ ក្រោយមក​ក៏ប្តូរ​ទៅធ្វើ​ការងារ​នៅ​អង្គការ​ជនពិការ ក្នុង​គម្រោង​ស្រាវជ្រាវ​ទាក់ទង​នឹង​ជន​ដែលមាន​ពិការភាព និង​ភាព​មានការ​ងារ​ធ្វើ​របស់​ជនពិការ​។ បន្តបន្ទាប់មក ស្ត្រី​សម្បុរ​ស្រអែមរូបនេះ បាន​ប្តូរ​ទៅធ្វើ​ការ​នៅ​អង្គការ Care Cambodia  សម្រាប់​គម្រោង​បញ្ឈប់​ការ​បៀតបៀន​ផ្លូវភេទ​ទៅលើ​ស្ត្រី​ធ្វើការ​ក្នុង​ផ្នែក​សេវា​កម្សាន្ត និងធ្វើការ​នៅ​ស្ថាប័ន​ផ្សេងៗ ទាក់ទង​​នឹង​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និងការពង្រឹង​សមត្ថភាព​របស់​យុវជនជាដើម។
 


​ការផ្លាស់ប្តូរ​ពី​កន្លែង​មួយ ទៅ​កន្លែង​លឿន​ពេក ធ្វើ​ឲ្យ​មិត្តភក្តិ និង​អ្នក​នៅ​ជុំវិញខ្លួន លក្ខិណា បារម្ភ​ថា វា​អាចជា​រូបភាព​ដែល​បង្ហាញថា លក្ខិណា ហាក់​គ្មាន​ការតាំង​ចិត្តនឹង​ធ្វើការ​ងារ​នៅ​កន្លែង​ណាមួយ​ឲ្យ​បានយូរ​នោះទេ​។ ប៉ុន្តែសម្រាប់លក្ខិណា នាងបែរជាមិនបារម្ភ ហើយថែមទាំង​សប្បាយ​ចិត្តនឹង​ការផ្លាស់ប្តូរ​ការងារ​ញឹក​ញាប់​ទៅវិញ។ កញ្ញា ដួង លក្ខិណា ពន្យល់​ដូច្នេះ​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​បង្កើន​ចំណេះដឹង និង​ជំនាញ​របស់ខ្ញុំ​។ អ៊ីចឹង​ខ្ញុំ​សប្បាយចិត្ត ដែល​ខ្ញុំ​ផ្លាស់ប្តូរ​ការងារ ទោះបី​ពេលខ្លះ​លឿន​ពេក​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​បានដឹង​ពី​របៀប​ធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន​នីមួយៗ​។ អ៊ីចឹង​ខ្ញុំ​អត់​មានការ​សោកស្តាយ ទៅលើ​រឿង​ហ្នឹង​ទេ​។ ជាជាង​ការសោកស្តាយ ខ្ញុំ​គិតថា​ពេល​យើង​សម្រេចចិត្ត​អ្វីមួយ វា​តែងតែ​មានរឿង​ដែល​វា​មិន​ដូច​អ្វីដែល​យើង​គិត​។ តែ​ទោះបីជា​អ៊ីចឹង​ក៏ដោយ វា​ក៏​ជា​ចំណុច​មួយ​ដែល​យើង​អាច​ឆ្លុះបញ្ចាំង​ដែរ​ថា​បើសិនជា​លើក​ក្រោយ តើ​យើង​គួរ​សម្រេចចិត្ត​បែបណា​? អ៊ីចឹង​ជាជាង​ការសោកស្តាយ ខ្ញុំ​គិតថា អ្វីដែល​យើង​ធ្វើ គឺ​សុទ្ធតែជា​ឱកាស​ដើម្បី​ឲ្យ​យើង​អាច​ស្វែងយល់​ពី​ខ្លួន​យើង​បាន​»​។​

លក្ខិណា ចង់​ឲ្យស្ត្រីដើរ​ឆ្ពោះទៅ​គោលដៅ​អនាគត ជាមួយនឹង​ចំណេះ ជំនឿ និង​កុំ​បោះបង់​


​តាមពិតទៅ ការទទួលបាន​ឱកាស​ការងារ​នៅក្នុង​អង្គការ UN Women ហាក់​មិនមែនជា​រឿងលំបាក​សម្រាប់ស្ត្រីដែល​ពោរពេញ​ដោយ​សមត្ថភាព ជំនឿ និង​ឯករាជ្យភាព​រូបនេះ​ឡើយ​។ ប់តាម​កញ្ញា ដួង លក្ខិណា អ្វីដែល​ធ្វើ​ឲ្យ​រូបនាង​មាន​ថ្ងៃនេះ ក៏ដោយ​សារ​​​ចំណេះដឹង និង​ជំនឿ​ចិត្ត​ដែល​នាងមាន ព្រមទាំងការណ៍ដែលនាងចេះ​ចាប់យក​ឱកាសដែលហុចឲ្យ និង​ការ​មិន​ងាយ​បោះបង់​នេះឯង​។ ដូច្នេះ​លក្ខិណា ចង់ឃើញ​មាន​ស្ត្រី​កម្ពុជា​ច្រើន​ទៀត ដើរ​ឆ្ពោះទៅកាន់​គោលដៅ​អនាគត​របស់​ពួកគេ ​ជាមួយនឹង​ចំណេះវិជ្ជា និង​ជំនឿ​ជាក់ ដែលលក្ខិណាយល់ថា ជា​អាវុធ​ដ៏​មុត​ស្រួច អាច​ទម្លុះ​គ្រប់​ឧបសគ្គ​នេះដែរ​។ កញ្ញា ដួង លក្ខិណា លើកឡើង​ដូច្នេះ​៖«​ខ្ញុំ​គិតថា​មនុស្ស​ម្នាក់ៗ យើង​ដើរ​លើ​ផ្លូវខុសៗ​គ្នា​។ វា​អត់​មាន​ផ្លូវ​មួយ​ដែល​យើង​ត្រូវតែដើរ​ដើម្បី​បាន​ភាពជោគជ័យ​នោះទេ ប៉ុន្តែ​សម្រាប់​បទពិសោធន៍​ខ្ញុំ​ផ្ទាល់​ទី​១ សំខាន់បំផុត គឺ​ការជឿជាក់​លើ​ខ្លួនឯង គិតថា​ខ្លួនឯង​អាចធ្វើ​បាន​ដូចជា​អ្នកដទៃ​ផ្សេងទៀត​ដែរ ហើយ​កុំ​គិតថា ខ្លួនឯង​ជា​ស្ត្រី ឬក៏​អី​។ ត្រូវ​គិតថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់ ខ្ញុំ​អាចធ្វើ​បាន​ដូច​អ្នកដទៃ​។ ទី​២ កុំ​មានការ​លះបង់​(​បោះបង់​) ព្រោះ​ម្នាក់ៗ​សុទ្ធតែ​មានការ​លំបាក​រៀងៗ​ខ្លួន ទោះបី​ស្ថិតក្នុង​ស្ថានភាព​គ្រួសារ​ណាមួយ​ក៏ដោយ តែ​យើង​ត្រូវតែ​ព្យាយាម​ជម្នះ ពីព្រោះ​កើតមក​មិនមែន​ងាយស្រួល​ទេ យើង​តែមាន​បញ្ហា​ប្រឈម​ខុសៗ​គ្នា​។ អ៊ីចឹង​សំខាន់​ដែល​យើង​ព្យាយាម កុំ​លះបង់​គោលបំណង​»​។​

​កុំ​ធ្វើការ​ដើម្បី​តំណែង ប៉ុន្តែ​ត្រូវធ្វើ​ការដែល​ខ្លួន​ស្រឡាញ់​

​តាមពិតទៅ កញ្ញា ដួង លក្ខិណា ទើបតែ​បាន​ចូលធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន UN Women តែ​ប្រមាណ​៣​ខែ​ប៉ុណ្ណោះ​។ ដ្បិតជ្រកក្នុង​ទ្រនំ​ថ្មី​បាន​រយៈពេល​ខ្លី ប៉ុន្តែ​អ្នកខេត្ត​កំពង់ចាម​រូបនេះ ថានាងពេញ​ចិត្តនឹង​ការងារ​​ថ្មីនេះ​ណាស់ ព្រោះ​នាង​បាន​មានឱកាស​ធ្វើ​ការងារ​ផ្ទាល់​ជាមួយនឹង​ស្ត្រី​វ័យក្មេង និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ដែលពួកគេ​ពោរពេញ​ដោយ​ថាមពល និង​សកម្ម​។ កញ្ញា ដួង លក្ខិណា បញ្ជាក់បន្ថែម​៖«​ខ្ញុំ​ឃើញថា គាត់​ជា​អ្នកតស៊ូ ហើយ​នៅពេលដែល​ខ្ញុំ​បានជា​ផ្នែក​មួយ​នៃ​ពួកគាត់ ខ្ញុំ​ពិតជា​សប្បាយ​មែនទែន​។ ទោះបីជា​រយៈពេល​២ ទៅ​៣​ខែ​ហ្នឹង មាន​ការងារ​ច្រើន​ក៏ដោយ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​ការងារ​មួយ​ដែល​ខ្ញុំ​ពេញចិត្ត​»​។

​បើទោះជា​ពោល​ពេញៗ​មាត់​ថា ​ពេញ​ចិត្តនឹង​ការងារ​បច្ចុប្បន្ន​ខ្លាំង​ក្តី ប៉ុន្តែ​លក្ខិណា មិនទាន់​ដឹង​ទេ​ថា នាង​នឹង​អាច​បន្តធ្វើ​ការងារ​នៅ​អង្គការ UN Women នេះ​បានយូរ​ប៉ុណ្ណា​​។ នៅ​យូរ ឬ​ឆាប់ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង។ នេះជាការបន្ថែមរបស់ ស្ត្រីវ័យ២៩ឆ្នាំរូបនេះ។ ទោះមិនប្រាកដចិត្ត តែ​កញ្ញា ដួង លក្ខិណា ក៏ធ្លោយមាត់ថា«បើបាន​ធ្វើ​ការ​ងារដែលខ្លួនស្រឡាញ់ នោះនឹង​យើង​នឹ​ងនៅធ្វើ​វា​បានយូរ»។ ដូច្នេះ នាង​ក៏ចង់រំឭកដល់​យុវជន ជាពិសេស​សស្ត្រីវ័យក្មេងជំនាន់ក្រោយ​​ដែរ​ថា ​​កុំ​ឲ្យ​ធ្វើការ​សំឡឹង​ឃើញតែ​មុខតំណែង ឬ​តួនាទី​នៅក្នុង​ស្ថាប័ន ប៉ុន្តែ​ត្រូវធ្វើ​ការដែល​ខ្លួន​ស្រឡាញ់ នោះ​ទើប​ពួកគេ​អាច​ធ្វើការ​បានយូរ និង​មិន​ហត់នឿយ​។ «​សម្រាប់​ខ្ញុំ មុខតំណែង​ជា​រឿង​មួយ ប៉ុន្តែ​សំខាន់បំផុត​អ្វីដែល​យើង​ធ្វើ​ហ្នឹង យើង​ពេញចិត្ត​ឬក៏​អត់​? បើសិន​យើង​ព្យាយាម​ជំរុញ​ខ្លួន​ដល់​មុខតំណែង​ធំ​មួយ ប៉ុន្តែ​វា​មិនមែនជា​អ្វីដែល​យើង​ចង់បាន អ៊ីចឹង​ប្រហែលជា​ក៏​យើង​មិនអាច​នៅ​ជាមួយ​ការងារ​ហ្នឹង​បានយូរ​ដែរ​»​។ នេះជាការបញ្ជាក់​បន្ថែម​រប​ស់​មន្ត្រី​ជំនួយការ​កម្មវិធី​នៅ​អង្គការ UN Womenរូបនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com