ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ភ្ញៀវ​ជាតិ​ទៅលេង​ខេត្ត​ព្រះសីហនុ​ថយចុះ តែ​ភ្ញៀវ​អន្តរជាតិ​កើនឡើង​ជាង​៥០០​ភាគរយ​
01, Oct 2019 , 11:12 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​២៧-២៩​ខែកញ្ញា ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​សរុប​ជាង​៨​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ។

 
 
​លោកស្រី អ៊ឹម ចន្ថា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​និយាយថា ចំនួន​ភ្ញៀវទេសចរ​៨២,៩៥៨​នាក់​នេះ កើនឡើង​ជាង​៤​ភាគរយ​ បើធៀប​នឹងបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​។ បើតាម​លោកស្រី ចន្ថា ក្នុងចំណោម​ភ្ញៀវ​ទេសចរទាំងនោះ មាន​ភ្ញៀវ​អន្តរជាតិ​ជាង​៤​ម៉ឺន​នាក់ កើនឡើង​៥៧៥.២៤​ភាគរយ ខណៈ​ភ្ញៀវ​ជាតិ​ជិត​៤​ម៉ឺន​នាក់ ថយចុះ​៤៥.៧៥ ភាគរយ​។ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​រូបនេះ ​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗថា មូលហេតុ​ដែល​ទេសចរ​អន្តរជាតិ​កើនឡើង​ដោយសារ​ឆ្នាំនេះ មាន​ជនជាតិ​ចិន​មក​កម្សាន្ត​ច្រើនជាង​ឆ្នាំមុន​។​
 
​បើតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​លេង​ក្នុង​ខេត្ត​ភាគច្រើន ដើរ​លំហែ​តាម​ឆ្នេរ និង​កោះ​នានា រួមទាំង​សម្រាក​លំហែកាយ​នៅ​ពិ​កនិក​ជាដើម​។​
 
​សូមបញ្ជាក់ថា រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរមក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​សរុប​ចំនួន​១,៧៩៥,៣៨២​នាក់ ក្នុង​នោះទេ​ចរអន្តរជាតិ​មាន​​ចំនួន​៦៤៩,៥៧១​នាក់ និង​ទេសចរជាតិ​ចំនួន​១,១៤៥,៨១១​នាក់​៕ 

Tag:
 ​ភ្ជុំបិណ្ឌ​
  ទេ​សចរណ៍​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com