ជាតិ
នយោបាយជាតិ
សកម្មជនខាងប្រឆាំង ត្រូវចោទពីបទ «រួមគំនិតក្បត់ជាតិ» ជាបន្តបន្ទាប់ លោក ម៉ោញ សារ៉ាត់ មន្រ្តីម្នាក់នៃអតីតគណបក្សប្រឆាំង ដែលត្រូវចោទពីបទរួមគំនិតក្បត់
× សកម្មជន៦នាក់បន្ថែមទៀត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការតាមបណ្តារាជធានី-ខេត្តនានា ចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលសំដៅលើការរួមគំនិតក្បត់ជាតិ។ តុលាការ លើកអង្គហេតុស្រដៀងគ្នា ថា ដោយសារតែពួកគេ បានប្រមូលផ្តុំប្រជាពលរដ្ឋនិងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យត្រៀមទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបពួកគេ រងពីបទចោទរួមគំនិតក្បត់នេះ។
សកម្មជនទាំង៦នាក់នោះ គឺ លោក ងិន សុផាត លោក ធឿន ប៊ុនធន (នៅរតនគិរី) លោក ម៉ោញ សារ៉ាត់ (នៅឧត្តរមានជ័យ ) លោក ម៉ៅ វិបុល (នៅស្វាយរៀង) លោក ស្រឿន ស្រ៊ាង (នៅកំពង់ចាម) និង កញ្ញា សៅ ឧសភា (នៅព្រះសីហនុ)។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យសកម្មជនខ្លះក្នុងចំណោមសកម្មជនទាំង៦នាក់ខាងលើ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ថា ពួកគេ មិនទាន់ត្រូវបានឃុំខ្លួននោះទេ។ លោក បញ្ជាក់ថា៖«ពួកគាត់ រកកន្លែងមានសុវត្តិភាពសិន ហើយទុកឲ្យមេធាវី ធ្វើការខាងនីតិវិធី»។ យ៉ាងណា លោក ពុំបានទទួលបានព័ត៌មានឡើយថា កូនក្តីទាំងនោះ គេចទៅក្រៅប្រទេស ឬក៏លាក់ខ្លួននៅកន្លែងណាមួយ នៅក្នុងស្រុក។
ស្ថាប័នអយ្យការអមតុលាការរាជធានី-ខេត្ត ដែលចោទប្រកាន់សកម្មជនទាំងនោះ បានព្រមានពីផ្លូវច្បាប់ដូចគ្នាថា៖«អ្នកពាក់ព័ន្ធនឹងការគាំទ្រឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល នឹងត្រូវប្រឈមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចផុតពីទោស តាមបញ្ញត្តិពិសេសនៃមាត្រា៤៥៤នៃក្រមព្រហ្មទណ្ឌ»។
មកដល់ពេលនេះ យ៉ាងហោចណាស់ មានសកម្មជននិងមន្ត្រីនៃអតីតគណបក្សប្រឆាំងដល់ទៅ១៣នាក់ហើយ ដែលត្រូវចោទពីបទរួមគំនិតក្បត់។ អ្នកទាំង៧នាក់ ដែលរងការចោទនាពេលកន្លងមក គឺ កញ្ញា យូ ចាន់ធានី លោក ទុំ ប៊ុនថន (នៅភ្នំពេញ) លោក លី ម៉េងឃាង លោក លី លីន លោក ឈុន ថៃយុទ្ធ (នៅខេត្តកណ្តាល) លោក ហ៊ុន សុគង់ (នៅកំពង់ចាម) និង លោក យ៉ាត ភារម្យ (នៅខេត្តបន្ទាយមានជ័យ)។ អ្នកទាំង៧នាក់នេះ កំពុងជាប់ឃុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com