កីឡាអន្តរជាតិ
អន្តរជាតិ
Honda បង្ហើប​តាម Twitter ថា ត្រៀមខ្លួន​ជានិច្ច បើ Man Utd ឬ AC Milan ត្រូវការ​
01, Oct 2019 , 3:15 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បានបង្ហាញ​ពី​បំណង​ចង់ទៅ​លេង​ឲ្យ​ក្រុម Manchester United និង AC Milan ដែល​កំពុង​ត្រដាបត្រដួស​ដោយ​មិន​យកប្រាក់​ឈ្នួល​ឡើយ​។ អតីត​កីឡាករ Melbourne Victory រូបនេះ​អះអាង​នៅលើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់លោក​ដូច្នេះ​។​



​សព្វថ្ងៃ Honda ក្រៅពី​ការងារ​ដឹកនាំ​ក្រុម​កម្ពុជា លោក​មិនទាន់មាន​ក្លិប​លេង​ឲ្យ​នោះទេ​ចាប់តាំងពី​បញ្ចប់​កិច្ចសន្យា​ជាមួយ Melbourne ក្រុម​នៃ​លី​គ​កីឡាបាល់ទាត់​អូស្ត្រាលី A-League នៅ​ចុងបញ្ចប់​រដូវ​កាល​មុន​។​

​អតីត​សមាជិក​ក្រុម​ជ​ម្រើ​ជាតិ​ជប៉ុន វ័យ​៣៣​ឆ្នាំ នៅ​ថ្ងៃទី​២៧ ខែកញ្ញា បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ក្នុង​គោលបំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្រុម​យក្ស​អង់គ្លេស Man Utd ដោយ​សរសេរថា​៖«​សូម​ផ្តល់​ឲ្យ​ខ្ញុំ​។ ខ្ញុំ​មិនត្រូវ​ការប្រាក់​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការលេង​ជាមួយ​ក្រុម​និង​មិត្ត​រួម​ក្រុម​ដ៏​អស្ចារ្យ​! @ManUtd»​។


​ការបង្ហាញ​បំណង​របស់ Honda ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​បិសាច​ក្រហម​កំពុងមាន​វិបត្តិ​ខ្វះ​កីឡាករ​ដោយសា​បញ្ហា​របួស​ដូចជា Anthony Martial, Marcus Rashford និង Paul Pogba ជាដើម និង​ព្រមទាំង​បង្ហាញខ្លួន​មិនបាន​ល្អ​សោះ​នៅ​ដើមរដូវ​កាល​ថ្មី ២០១៩-២០ នេះ​។ Man Utd រកបាន​តែ​៩​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៧​លើក ឈរ​នៅ​លេខ​រៀង​ទី​១០​ក្នុង​តារាង Premier League ពោលគឺ​តាម​ពីក្រោយ Liverpool ដល់​ទៅ​១២​ពិន្ទុ​។​

​ប្រសិនបើ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær ពិតជា​ផ្តល់​សំណើរ​ដល់ Honda មែន​នោះ ពួកគេ​ត្រូវធ្វើ​​យ៉ាងណា​ឲ្យ​បាន​មុខ AC Milan ដ្បិត Honda ក៏បានផ្តល់​ភ្លើង​ខៀវ​សម្រាប់​អតីត​ក្រុម​ចាស់​របស់ខ្លួន​ដែល​កំពុង​ជួប​ការលំបាក​ដូចគ្នា​។​

Honda បាន​សរសេរ​លើ Twitter នៅ​ថ្ងៃទី​៣០ ខែកញ្ញា ថា​៖«​ខ្ញុំ​ពិតជា​ចង់​ជួយ​អ្នក​។ ប្រាប់​ខ្ញុំ នៅពេល​អ្នកត្រូវការ​ខ្ញុំ​! @acmilan»​។​


AC Milan ក៏​ជា​ក្រុម​កំពុង​ត្រដាបត្រដួស​ផងដែរ នា​ការចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​ក្នុង​ក្របខណ្ឌ Serie A រដូវ​កាល​នេះ ដោយ​រក​បានតែ​៦​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៦​លើក ក្នុងនោះ​ឈ្នះ​២ និង​ចាញ់​ដល់​ទៅ​៤​លើក ឈរ​ចំណាត់ថ្នាក់​ទី​១៦៕


Tag:
 Manchester United
  Keisuke Honda
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com