អំឡុងពេល​កាន់បិណ្ឌ អគ្គិភ័យ​កើតឡើង​៣០​លើក​ក្នុងនោះ​ភ្នំពេញ​១០​លើក បាត់ដំបង​៥​លើក​
ជាតិ
សង្គមជាតិ
អំឡុងពេល​កាន់បិណ្ឌ អគ្គិភ័យ​កើតឡើង​៣០​លើក​ក្នុងនោះ​ភ្នំពេញ​១០​លើក បាត់ដំបង​៥​លើក​
01, Oct 2019 , 7:39 pm        
រូបភាព
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ រយៈពេល​១៥​ថ្ងៃ​នៃ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៩ ខែកញ្ញា អគ្គិភ័យ​កើតឡើង​ចំនួន​៣០​លើក ទូទាំង​រាជធានី​-​ខេត្ត​។ តួលេខ​នេះ មានការ​កើនឡើង​ចំនួន​១២​លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល បង្កា​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា​។



​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​នគរបាល បង្កា​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា អគ្គិភ័យ​ទាំង​៣០​លើក​នោះបាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០២​នាក់ និង​រងរបួស​០៨​នាក់ ហើយ​ឆេះ​ផ្ទះ​ចំនួន​២៩​ខ្នង​, ឆេះ​បន្ទប់​០១​ខ្នង​, ឆេះ​បឹង​ហ្គា​ឡូ​០២​ខ្នង​, ឆេះ​តូប​លក់​គ្រឿងទេស​០២​តូប និង​ឆេះ​រោង​សិប្បកម្ម​បាយក្តាំង​០១​ខ្នង​។​

​ទីតាំង​ដែល​បង្កហេតុ​ជា​អគ្គិភ័យ​កើតឡើង​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ​ចំនួន​១០​លើក បន្ទាប់មក​ខេត្តបាត់ដំបង​៥​លើក ព្រះសីហនុ​, កំពង់ធំ ៣​លើក​ដូចគ្នា​, សៀមរាប​, កំពង់ស្ពឺ ២​លើក​ដូចគ្នា​, ខេត្តស្ទឹងត្រែង​,​ត្បូងឃ្មុំ​,​កំពង់ចាម​១​លើក​ដូចគ្នា​។ នេះ​បើតាម​របាយការណ៍​ដដែល​។

​បើតាម​របាយការណ៍​ដ​ដែល មូលហេតុ​ដែល​នាំ​ឲ្យ​អគ្គិភ័យ​កើតឡើង​គឺ​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី​ចំនួន​១៥​លើក​, ភ្លើង​ទៀនធូប​១​លើក​, ផ្ទុះ​ហ្គាស​៣​លើក​, ក្មេង​លេង​ភ្លើង​២​លើក​, ដុត​ផ្ទះ​ខ្លួនឯង​៤​លើក​, ឆាប​សាំង​១​លើក​, បាក់​បំពង់​បឺត​ផ្សែង​១​លើក​,​រថយន្តបុក​ម៉ូតូ​០១​លើក និង​ក្តាប់​មិនបាន​ចំនួន​០២​លើក​។

​របាយការណ៍​បង្ហាញថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​កើតឡើង​៤២៩​លើក បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់ និង​៤៦​នាក់​របួស ហើយ​ឆេះ​ផ្ទះ​អស់​៤១៨​ខ្នង​។ បើតាម​របាយការណ៍ រាជធានី​ភ្នំពេញ មាន​អគ្គិភ័យ​ច្រើនជាងគេ គឺមាន​៥៤​លើក ហើយ​បន្ទាប់មក គឺ​ខេត្តសៀមរាប ដែលមាន​៤២​លើក​៕ 

Tag:
 ភ្ជុំបិណ្ឌ​
 ​អគ្គិភ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com