ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជនរីករាយក្នុងការទស្សនាវត្ថុសិល្បៈបុរាណដែលលាក់ខ្លួនក្នុងអភិរក្សដ្ឋានអង្គរ
01, Oct 2019 ,
8:39 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជាឃ្លាំងរក្សាទុកវត្ថុបុរាណដែលប្រមូលពីតាមប្រាសាទនានាទុកអភិរក្សនិងជួសជុល អភិរក្សដ្ឋានអង្គរដែលមានប្រវត្តិចំណាស់មួយ កម្របើកទ្វារទូលាយឱ្យចូលទស្សនាណាស់។ ជាផ្នែកមួយដើម្បីផ្សព្វផ្សាយនិងឱ្យប្រជាពលរដ្ឋបានចូលទស្សនាវត្ថុបុរាណនានាដែលរក្សាទុកក្នុងឃ្លាំងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបើកឱ្យមានការចូលទស្សនាមួយថ្ងៃក្នុងថ្ងៃទិវាបេតិកភណ្ឌពិភពលោកថ្ងៃទី២១ កញ្ញា។ ក្រុមយុវជនដែលបានចូលទស្សនានៅពេលនោះ មានអារម្មណ៍ប្លែកនិងរីករាយជាខ្លាំង ដ្បិតបានឃើញវត្ថុសិល្បៈជាច្រើនក្នុងនោះដែលមិនធ្លាប់មានតាំងបង្ហាញនៅខាងក្រៅឡើយ។ ពួកគេស្ងប់ស្ងែងទៅនឹងវត្ថុសិល្បៈនានានិងសរសើរចំពោះការអភិរក្ស។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ជារៀងរាល់ឆ្នាំ នៅថ្ងៃទិវាបេតិកភណ្ឌពិភពលោក អភិរក្សដ្ឋានអង្គរតែងជូនដំណឹងអំពីការបើកទ្វារឱ្យសាធារណជនចូលទស្សនាដោយសេរីរយៈពេលមួយថ្ងៃ។ នៅឆ្នាំនេះ ទិវានេះចំថ្ងៃទី២១ កញ្ញា ដោយមានសាធារណជនជាច្រើនទម្រង់គោលដៅមកអភិរក្សដ្ឋានអង្គរ។ ខ្លះនាំឪពុកម្ដាយមកពីខេត្តជិតឆ្ងាយពេលមកលេងសៀមរាបនិងឆៀងចូលអភិរក្សដ្ឋានអង្គរទាន់ពេលដែលគេបើកឱ្យចូលស្រាប់។ ខ្លះនាំកូនតូចធំ ដោយបានចង្អុលបង្ហាញពីវត្ថុសិល្បៈនានាដែលមានតាំងបង្ហាញទាំងបរិវេណខាងក្រៅ និងក្នុងឃ្លាំង។
យុវជន ប៊ុន ហួត កំពុងទស្សនាផ្ទាំងរូបភាពដែលរៀបរាប់ពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំអភិរក្សដ្ឋានអង្គរ ក្រោយពីចូលទស្សនារូបសិល្បៈក្នុងឃ្លាំង និងតម្រៀបផ្នែកខាងក្រៅនៃឃ្លាំងនានាក្នុងបរិវេណអភិរក្សដ្ឋានអង្គរ។ ហួត ហាក់សប្បាយរីករាយជាខ្លាំង ដោយសារនេះជាលើកទីមួយរបស់ខ្លួនបន្ទាប់ពីមានការណែនាំពីមិត្តភក្ដិដែលកំពុងធ្វើការក្នុងនោះស្រាប់។ ហួត ប្រាប់ថា ពិតជាអស្ចារ្យ និងកោតសរសើរពីការថែរក្សានិងអភិរក្សមរតកដូនតាខ្មែរ។
ពាក់ឯកសណ្ឋានក្រុមយុវជនបេតិកភណ្ឌនៃមជ្ឈមណ្ឌលយុវជនកម្ពុជាខេត្តសៀមរាប ផាន កុថាណុ ក៏ចាប់អារម្មណ៍ពីទិដ្ឋភាពជុំវិញក្នុងអភិរក្សដ្ឋានអង្គរនេះដែរ។ ថាណុ ប្រាប់ថា ក្ដីស្រមៃដែលប៉ងចូលអភិរក្សដ្ឋានអង្គរបានសម្រេច ហើយយុវជនរូបនេះបានឃើញការតម្កល់រូបវត្ថុបុរាណជាច្រើននិងសិលាចារឹកដែលមិនធ្លាប់បានឃើញពីមុនមក។
នៅជាប់នោះ គឺយុវសិស្ស សួន សុគន្ធកេសរ។ កេសរ ក៏កំពុងចូលរៀនផ្នែកបេតិកភណ្ឌដែរ។ គោលបំណងរបស់ កេសរ គឺចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍នាពេលអនាគត។ កេសរ ប្រាប់ថាស្រឡាញ់និងចូលចិត្តវត្ថុបុរាណៗ ហើយពេលចូលមកក្នុងអភិរក្សដ្ឋានអង្គរនេះ ធ្វើឱ្យខ្លួនបានមើលឃើញវត្ថុសិល្បៈជាច្រើនដែលមិនធ្លាប់ប្រទះភ្នែកកន្លងមក ដូចជាផ្ដែរនិងប្រភេទសិលាចារឹកដែលបញ្ឈរតម្រៀបក្នុងឃ្លាំងជាដើម។
ប្រធានការិយាល័យអភិរក្សអង្គរនៃអភិរក្សដ្ឋានអង្គរ អ្នកស្រី ហង់ ចាន់សោភា បានឆ្លៀតមកនិយាយជាមួយអ្នកសារព័ត៌មានពេលកំពុងមមាញឹកជាមួយភ្ញៀវដែលកំពុងចូលទស្សនានៅពេលនោះថា ការបើកទ្វារអភិរក្សដ្ឋានអង្គរនេះគឺជាសំណើររបស់ស្ថានទូតបារាំងដើម្បីអបអរទិវាបេតិកភណ្ឌពិភពលោក ក៏ដូចជាបង្ហាញពីស្ថាដៃនានាដែលបារាំងបានជួយលើកិច្ចការអភិរក្សបេតិកភណ្ឌខ្មែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ តាមរបាយការណ៍របស់អ្នកស្រី ចាន់សោភា សន្ទុះនៃអ្នកចូលទស្សនាដែលបើកឱ្យចូលទស្សនាមួយឆ្នាំម្ដងនេះ មានចំនួនកាន់តែច្រើន ដោយឆ្នាំទៅចំនួនអ្នកទស្សនាទាំងជាតិនិងអន្ដរជាតិមានជាងមួយពាន់នាក់។ ប្រធានការិយាល័យអភិរក្សអង្គររូបនេះយល់ថា រូបភាពនេះជាសញ្ញាវិជ្ជមានដែលបង្ហាញថាពលរដ្ឋខ្មែរកាន់តែច្រើនចាប់អារម្មណ៍ចង់ស្វែងយល់ពីបេតិកភណ្ឌរបស់ខ្លួន។
ជាមួយគ្នានេះដែរ តាមរយៈការសាកសួរពីភ្ញៀវចូលរួម អ្នកស្រី ចាន់សោភា បានទទួលព័ត៌មានល្អៗពីពួកគេ ក្នុងនោះគឺពួកគេរីករាយ និងមានការភ្ញាក់ផ្អើលទៅនឹងវត្ថុសិល្បៈបុរាណៗជាច្រើនដែលមានការថែរក្សានិងអភិរក្សទុកបានល្អ ខុសពីមតិខ្លះដែលថារូបទាំងនោះត្រូវបានគេលួចជួញដូរជាដើម។ ឆ្លើយតបទៅនឹងសំណូមពររបស់ភ្ញៀវ ក្នុងនោះអភិរក្សដ្ឋានអង្គរក៏គ្រោងនឹងបើកទ្វារឱ្យសាធារណជនចូលទស្សនាមួយថ្ងៃទៀតនាអំឡុងបុណ្យចូលឆ្នាំខ្មែរ។
ក្រៅពីបង្ហាញពីអារម្មណ៍ស្រឡាញ់បេតិកភណ្ឌហើយនោះក្រុមយុវជនក៏យល់ថា ខ្លួនមានតួនាទីសំខាន់សម្រាប់ការអភិរក្សលើកិច្ចការទាំងនេះទៀតផង។ យុវជន ហួត យល់យ៉ាងដូច្នេះថា៖« ក្នុងនាមយើងជាខ្មែរ យើងកុំបំផ្លាញ តែគួរផ្តល់ព័ត៌មានឱ្យអាជ្ញាធរ ដើម្បីយកទៅថែរក្សា...»។ រីឯ យុវជន កុថាណុ ក៏យល់ថា យុវជនគួរចូលរួមឱ្យបានច្រើនដើម្បីស្វែងយល់ពីបេតិកភណ្ឌជាតិដែរ។ កុថាណុ ថា៖« ចង់ឱ្យយុវជនផ្សេងទៀតមានកម្មវិធីទាក់ទងនឹងបេតិកភណ្ឌ គួរតែចូលទស្សនាស្វែងយល់ សិក្សាពីវាឱ្យច្បាស់ស៊ីជម្រៅ សុំឱ្យថាជាជាតិសាសន៍មួយ កើតនៅលើទឹកដីមួយមិនដឹងពីអ្វីដែលមានក្នុងអាណាចក្រខ្លួនឯង»។ ចំណែកឯ កេសរ៖« ចង់ឱ្យកូនខ្មែរជំនាន់ក្រោយ ខិតខំត្រូវដឹងពីប្រវត្តិបុរាណខ្មែរឱ្យបានច្រើន ព្រោះគ្មានពួកយើងក៏គ្មានអ្នកណាគេសិក្សាពីយើងដែរ យល់ច្រើនរុងរឿងទៅមុខ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អភិរក្សដ្ឋានអង្គរ
បេតិកភណ្ឌ
ហង់ ចាន់សោភា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម