អន្តរជាតិ
អ្នកជំនាញ UN បន្ទោសរជ្ជទាយាទអារ៉ាប៊ីសាអូឌីតរឿងឃាតកម្មលើអ្នកកាសែត Khashoggi
× អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Agnes Callamard នៅថ្ងៃទី៣០ ខែកញ្ញា បានរិះគន់ចំៗលើរជ្ជទាយាទអារ៉ាប៊ីសាអូឌីតថា ព្យាយាមការពារខ្លួនឲ្យនៅឆ្ងាយពីករណីសម្លាប់អ្នកកាសែត Jamal Khashoggi។
អ្នករាយការណ៍ពិសេសលើការសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់អង្គការសហប្រជាជាតិ លោកស្រី Agnes Callamard បានប្រតិកម្មទៅនឹងចម្លើយរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងកិច្ចសម្ពាសមួយដែលផ្សាយដោយប្រព័ន្ធផ្សព្ធផ្សាយអាមេរិក។
មានបន្ទូលនៅក្នុងកម្មវិធីទូរទស្សន៍ CBS ព្រះអង្គម្ចាស់ Mohammed bin Salman បានបដិសេធលើការបញ្ជាឲ្យសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុងកុងស៊ុលអារ៉ាប៊ីសាអូឌីត នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ដើម្បីឆ្លើយតបទៅនឹងភាពចម្រូងចម្រាសលើបញ្ហានេះ រជ្ជទាយាទរូបនេះ បានអះអាងថា ព្រះអង្គមានទំនួលខុសត្រូវពេញលេញ ក្នុងនាមជាអ្នកដឹកនាំអារ៉ាប៊ីសាអូឌីត។
ជាមួយការរកឃើញភស្តុតាងដ៏គួរឲ្យទុកចិត្ត លោកស្រី Callamard បានបង្ហាញថា ឃាតកម្មលើអ្នកការសែត ក្នុងស្ថានកុងស៊ុល គឺមានការពាក់ព័ន្ធទៅនឹងរជ្ជទាយាទអង្គនេះ ដែលទ្រង់គឺជាអ្នកទទួលខុសត្រូវលើបញ្ហាឧក្រិដ្ឋកម្មមួយនេះ។ ប៉ុន្តែព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត មិនបានទទួលខុសត្រូវបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានលើកឡើងថា៖ «ទ្រង់Salman បានបង្កើតចម្ងាយយ៉ាងឆ្ងាយរវាងទ្រង់ និងបទល្មើស»។ ក្នុងន័យនេះ លោកស្រីចង់សំដៅដល់ការបង្កើតនូវពាក្យកុហកម្តងហើយម្តងទៀតរបស់ព្រះអង្គម្ចាស់ Salman ថា បើទោះបីជាថ្មីៗនេះ ទ្រង់មានបន្ទូលទាក់ទងនឹងបញ្ហាឃាតកម្មនេះក៏ដោយ។
ជាការពិត លោកស្រី Callamard ពីមុនមកធ្លាប់ស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតដោយឯករាជ្យម្តងហើយលើបទឧក្រិដ្ឋមួយនេះ ប៉ុន្តែវាមិនអាចទៅរួចឡើយ ព្រោះគ្មានរដ្ឋសមាជិកណាមួយស្នើសុំ។
សូមបញ្ជាក់ថា តាមរយៈរបាយការណ៍ស៊ើបអង្កេតរបស់CIA ក៏បានរកឃើញថាព្រះអង្គម្ចាស់ Salman ជាអ្នកនៅពីក្រោយរឿងនេះដែរ។ ប៉ុន្តែព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានច្រានចោលនូវការពាក់ព័ន្ធរបស់រាជទាយាទ និងបានចោទមនុស្សមួយក្រុមថាប្រព្រឹត្តនូវរឿងឃាតកម្មមួយនេះវិញ៕
Tag:
UN
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com