ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ CPP៖ បើ​មិន​ចង់​ឲ្យ​មានការ​ចាប់ខ្លួន កុំ​គាំទ្រ​ក្រុមប្រឆាំង​ក្រៅច្បាប់​
01, Oct 2019 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ផ្តាំ​ទៅ​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅក្នុង​ស្រុក កុំ​ឲ្យ​គាំទ្រ​មេដឹកនាំ​របស់​ពួកគេ នៅក្រៅ​ប្រទេស ដែល​ប៉ង​ចូល​ស្រុក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ នឹង​ប្រឈម​នឹង​ការចាប់ខ្លួន​។



​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ លោក សុខ ឥសាន បាន​សរសេរ​សារ​សំដៅទៅ​សកម្មជន​ខាង​ប្រឆាំង យ៉ាង​ដូច្នេះ​ថា​៖«​បើ​មិន​ចង់​ឲ្យ​មានការ​ចាប់ខ្លួន មានតែ​កុំ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។ អត់​បាន​ប្រយោជន៍​អី​ទេ បានតែ​ទុក្ខ​ដល់​ខ្លួន​។  ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មិន​ហ៊ាន​...​មកជួយ​ទេ​»​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ហៅ​ឧបាយកល​របស់​មេដឹកនាំ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ថា​ជាការ​ញុះញង់​និង​ជាការ​បញ្ឆេះ​កំហឹង​ឲ្យ​ប្រជាជន​ចូលរួម​ជាមួយ​ពួកគេ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ហើយ​បង្កើត​សង្គ្រាម​ក្នុងប្រទេស​។

​ក្រសួងយុត្តិធម៌ ព្រមាន​រួចហើយ​ថា ក្រុម​មេដឹកនាំ​ដែល​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ឬ​ផ្តួលរំលំ​រដ្ឋាភិបាល នឹងត្រូវ​ជាប់ទោស​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ហើយ​បើ​ជនល្មើស ជា​អ្នករាជការ​សាធារណៈ នឹងត្រូវ​ជាប់ទោស​អស់​មួយជីវិត​។ ចំពោះ​អ្នក​ដែល​ចូលរួម​គាំទ្រ​ក្នុង​ផែន​ការធ្វើ​រដ្ឋប្រហារ នឹងត្រូវ​ជាប់ទោស​ពីបទ​រួមគំនិត​ក្បត់ ដោយ​ត្រូវ​ដាក់ទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ហើយ​បើ​អ្នកចូលរួម​នោះ ជា​អ្នករាជការ​សាធារណៈ នឹងត្រូវ​ជាប់ទោស​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ​។

​ខណៈ​មេដឹកនាំ​ក្រុមប្រឆាំង ប្រឹង​ប្រកាស​ជា​ដដែលៗ ពី​គម្រោង​វិល​មក​កម្ពុជា សកម្មជន​និង​មន្ត្រី​របស់ខ្លួន​នៅក្នុង​ស្រុក បាន​រង​ការចោទប្រកាន់​និង​ការឃុំខ្លួន​ជា​ហូរហែ ដោយ​ក្នុងនោះ មាន​ដល់​ទៅ​១៤​នាក់​ហើយ ដែល​ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ជាតិ​។ ពួកគេ ត្រូវ​សង្ស័យថា​បាន​ចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ ក្រោយ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​និង​ព្យាយាម​បញ្ចុះបញ្ចូល​ពលរដ្ឋ ឲ្យ​ត្រៀម​ទទួល​លោក សម រង្ស៊ី​។

​អ្នក​ទាំង​១៤​នាក់​គឺ លោក ងិន សុផាត លោក ធឿន ប៊ុនធន (​នៅ​រតនគិរី​) លោក  ម៉ោញ សារ៉ាត់ (​នៅ​ឧ​ត្ត​រ​មានជ័យ ) លោក ម៉ៅ វិបុល (​នៅ​ស្វាយរៀង​) លោក ស្រឿ​ន ស្រ៊ាង លោក ដុង សុវណ្ណារិទ្ធ លោក ហ៊ុន សុ​គង់ (​នៅ​កំពង់ចាម​) កញ្ញា សៅ ឧសភា (​នៅ​ព្រះសីហនុ​) កញ្ញា យូ ចាន់​ធានី លោក ទុំ ប៊ុនថន (​នៅ​ភ្នំពេញ​) លោក លី ម៉េង​ឃាង លោក លី លីន លោក ឈុន ថៃ​យុទ្ធ (​នៅ​ខេត្តកណ្តាល​) និង លោក យ៉ា​ត ភារ​ម្យ (​នៅ​បន្ទាយមានជ័យ​)​។ ក្នុងចំណោម​ពួកគេ  មាន​អ្នកខ្លះ កំពុង​ជាប់ឃុំ ហើយ​អ្នកខ្លះ បាន​រត់គេចខ្លួន​៕

Tag:
 សុខ ឥសាន​
  សកម្មជន CNRP
© រក្សាសិទ្ធិដោយ thmeythmey.com