កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ មុន​ប៉ះគ្នា គ្រូ Bayern សរសើរ Pochettino ថា​ជា​អ្នក​ជួយ Spurs រីកមុខ​មាត់​នៅ​អឺរ៉ុប​
01, Oct 2019 , 6:09 pm        
រូបភាព
​លោក Niko Kovac អ្នកចាត់ការ​ទូទៅ Bayern Munich បាន​សាទរ​ចំពោះ​លោក Mauricio Pochettino ចំពោះ​ការកែប្រែ​មុខមាត់ Tottenham Hotspur ឲ្យ​ក្លាយជា​ក្រុម​ដ៏​ខ្លាំងក្លា​មួយ​នៅ​តំបន់​អឺរ៉ុប​។ ការលើកឡើង​របស់លោក Kovac បែបនេះ ធ្វើឡើង​មុនពេល​ក្រុម​លោក​ត្រូវ​តតាំង​ជាមួយ​ក្រុម​របស់លោក Pochettino ក្នុងជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពួ​ល B នៃ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១ ខែតុលា វេលា​ម៉ោង ២:០០ អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​



​ក្រុម​ម្ចាស់​ជើងឯក​ក្របខណ្ឌ Bundesliga បាន​យកឈ្នះ​ក្រុម Red Star Belgrade ក្នុង​លទ្ធផល ៣-០ រួចមកហើយ​នា​ជំនួប​បើកឆាក់​ពូ​ល B ខណៈដែល Spurs បាន​ត្រឹម​ស្មើគ្នា​ជាមួយ Olympiakos ២-២​។​

Kovac អ្នកចាត់ការ​សញ្ជាតិ​ក្រូ​អាស៊ី​ស្ងើចសរសើរ​ចំពោះ​អ្វីដែល​លោក Pochettino បានធ្វើ​ឲ្យ Spurs ដែល​លេង​ត្រឹម​ក្របខណ្ឌ Europa League ក្លាយជា​ក្រុម​ដែល​អាច​បង្ហាញខ្លួន​នៅ Champions League ចាប់ពី​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ចូលមក​ដឹកនាំ​។​



«​នេះ​ជាការ​អភិវឌ្ឍ​ក្រុម​ដ៏​អស្ចារ្យ​មួយ​។ នៅ​ឆ្នាំ ២០១៦ ខ្ញុំ​បានមក​ទីនេះ កាល​នៅ​កីឡដ្ឋាន​ចាស់​។ ខ្ញុំ​មក​ទស្សនា​ការប្រកួតរ​វាង Spurs ទល់នឹង Swansea​។ វា​ពិតជា​ខុសគ្នា​មែនទែន កីឡដ្ឋាន​តូច​តែ​ពួកគេ​ជា​ក្រុម​ពោ​ពេញ​ដោយ​ថាមពល​។ អ្នក​អាច​ដឹង​ពិន័យ​របស់ខ្ញុំ នៅពេល​អ្នកមាន​គ្រូបង្វឹក​ល្អ និង​អ្នកចាត់ការ​ល្អ​នោះ​»​។ Kovac រៀបរាប់​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​។​

​អតីត​គ្រូ​ជម្រើសជាតិ​ក្រូ​អាស៊ី​វ័យ​៤៧​ឆ្នាំ​បន្ថែមថា Tottenham រីកចម្រើន​ខ្លាំង​ក្នុង​ក្របខណ្ឌ អឺរ៉ុប ហើយ​សព្វថ្ងៃ​ពួកគេ​អាច​ប្រជែង​ជាមួយ​ក្រុម​ធំៗ មិន​ដូច​កាលពី ៧ ឬ​៨ ឆ្នាំមុន​ឡើយ​។
​មិន​ខុសពី​ការមើលឃើញ​របស់លោក Kovac ឡើយ យើង​ក៏​អាច​យល់ឃើញ​ពី​ការ​វិវដ្ដ​ដ៏​គួរគត់សម្គាល់​របស់​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ផងដែរ ចាប់តាំងពី​ការឡើង​ដឹកនាំ​របស់លោក Pochettino ក្រោយ​ចាក​ចេញពី Southampton កាលពី​ឆ្នាំ​២០១៤​នោះ​។​

​អ្វីដែល​អស្ចារ្យ​នោះ អ្នកចាត់ការ​វ័យ​៤៧​ឆ្នាំ​រូបនេះ​បាន​ជួយ Spurs ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ជា​លើកដំបូង បើទោះជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ក្នុង​លទ្ធផល ២-០ ក្តី​៕

​ដោយឡែក​ជំនួប​ក្រុម​ផ្សេង​នៅ​យប់​នេះ​មានដូចជា​៖

​ពូ​ល A
Real Madrid Vs Club Brugge (​ម៉ោង ១១:៥៥​នាទី​យប់​)
Galatasaray Vs Paris Saint-Germain (​ម៉ោង ២:០០ អា​ធ្រា​ត្រ​)
​ពូ​ល B
FK Crvena Zvezda  Vs Olympiacos (​ម៉ោង ២:០០ អា​ធ្រា​ត្រ​)
​ពូ​ល C
Atalanta Vs Shakhtar Donetsk (​ម៉ោង ១១:៥៥​នាទី​យប់​)
Manchester City Vs Dinamo Zagreb (​ម៉ោង ២:០០ អា​ធ្រា​ត្រ​)
​ពូ​ល D
Juventus Vs Bayer Leverkusen (​ម៉ោង ២:០០ អា​ធ្រា​ត្រ​)
Lokomotiv Moscow Vs Atletico Madrid  (​ម៉ោង ២:០០ អា​ធ្រា​ត្រ​)



Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com