ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ ខេត្តស្ទឹងត្រែង គ្មានភ្ញៀវអន្តរជាតិទៅលេង ដោយសារបញ្ហាទឹកលិច រូបពីវេបសាយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង (រូបតំណាង)
× ភ្នំពេញ៖ គិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ខែកញ្ញានេះ មានភ្ញៀវទេសចរ សរុបចំនួនជាង៧ពាន់នាក់ បានទៅកម្សាន្តខេត្តស្ទឹងត្រែង។ នេះបើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយថា ចំនួនភ្ញៀវទេសចរ ៧,៦៩៤នាក់ កើនឡើងជិត៦ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨។ បើតាមលោក អ៊ុន ប៉ោសឿន រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តស្ទឹងត្រែងមិនទទួលបានភ្ញៀវទេសចរអន្តរជាតិទេ ។ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរូបនេះបានពន្យល់ថា មូលហេតុដែលមិនមានភ្ញៀវទេសចរអន្តរជាតិ ដោយសារខេត្តស្ទឹងត្រែងជាកន្លែងទេសចរណ៍ឆ្លងកាត់ និងតំបន់ទេសចរណ៍មួយចំនួនត្រូវបានទឹកលិច។
ដ្បិតក្នុងថ្ងៃភ្ជុំបិណ្ឌ គ្មានភ្ញៀវទេសចរអន្តរជាតិទៅលេងខេត្តស្ទឹងត្រែងក្តី ប៉ុន្តែក្នុងចន្លោះកញ្ញាមកនេះ ខេត្តភាគឦសានមួយនេះ ក៏ទទួលបានភ្ញៀវអន្តរជាតិ ៥៥៨នាក់ទៅលេងកម្សាន្តដែរ។ នេះបើតាមលោក ប៉ោសឿន។
គួរបញ្ជាក់ថា រយៈពេល៩ខែឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តស្ទឹងត្រែងសរុបចំនួន២៦១,៩៩៦នាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន១១,៧៣៨នាក់ ទេសចរជាតិស្នាក់នៅចំនួន១៥២,១៨០នាក់និងទេសចរណ៍តាមរមណីដ្ឋានចំនួន៩៨,០៧៨ ៕
Tag:
ភ្ជុំបិណ្ឌ
ទេសចរណ៍
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com