ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានអ្វីពិបាក! ទប់ទល់នឹងបញ្ហាស្ត្រេស ដោយគ្រាន់តែទទួលទានអាហារទាំងនេះ
× ប្រឈមមុខនឹងបញ្ហាស្ត្រេស គឺមិនល្អសោះឡើយសម្រាប់មនុស្សគ្រប់រូប។ ក្រៅពីប៉ះពាល់ដល់អារម្មណ៍ ស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលគួរឲ្យព្រួយបារម្ភចំពោះប្រព័ន្ធភាពស៊ាំរាងកាយ បេះដូង ឆ្អឹង សម្ពាធឈាម និងប្រសិទ្ធភាពខួរក្បាលផងដែរ។ វីធីដ៏ល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ គឺសម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ទោះជាយ៉ាងណា ក៏នៅមានអារម្មណ៍មួយចំនួនដែលអាចកាត់បន្ថយបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។ ថាតើអាហារអ្វីខ្លះទៅជួយបំបាត់ស្ត្រេសឆាប់រហ័ស?
កុំបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានទប់ទល់នឹងភាពតានតឹងក្នុងអារម្មណ៍ ៖
១. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជំងឺអារម្មណ៍។ វាមានឥទ្ធិពលលើផ្លូវចិត្ត និងរាងកាយ ដោយការទទួលទានតែបៃតងជាប្រចាំ គឺអាចផ្ដល់នូវសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ប្រសិនបើអ្នកមិនចូលចិត្តតែបៃតង អ្នកអាចទទួលទានតែខ្មៅជំនួសវិញ ដោយវាមានឥទ្ធិពលល្អដូចគ្នា។ តែបៃតងជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតសម្រាប់អ្នកជក់បារី និងទទួលទានគ្រឿងស្រវឹង។
២. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសម្បូរខ្លាញ់ក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាលដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។
៣. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ចៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
៤. តែរុក្ខជាតិ
មានតែរុក្ខជាតិច្រើនប្រភេទណាស់ដែលជួយកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ហើយក៏អាចទប់ស្កាត់ផលប៉ះពាល់ផ្សេងៗដែលអាចកើតមានលើសុខភាពផ្លូវចិត្តនិងរាងកាយផងដែរ។ឧទាហរណ៍ តែខ្ញីនិងតែរមៀតជួយកាត់បន្ថយការរលាកដែលបង្កឡើងដោយសារស្ត្រេស។
៥. ផ្លែចេក
ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមហើយនោះ ផ្លែចេកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន B រួមទាំងសារធាតុ folate និងវីតាមីន B6 ដែលជួយក្នុងការផលិតអ័រម៉ូន serotonin បង្កើនអារម្មណ៍ល្អប្រសើរកាត់បន្ថយភាពតានតឹង។
៦. គ្រាប់ធញ្ញជាតិ
ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B ដែលជួយកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ហើយថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ រក្សាសុខភាពខួរក្បាល ក៏ដូចជាសរសៃប្រសាទផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com