ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​ឱ្យបាន ៨ ម៉ោង​រាល់​យប់ ហើយ​រាងកាយ​នឹង​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​ទាំងនេះ​
03, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​មិន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​ខ្លាំងក្លា​ចំពោះ​សុខភាព​ផងដែរ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​គេង​បាន​គ្រប់ ៨ ម៉ោង​រាល់​យប់ អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​គេង​បាន​គ្រប់គ្រាន់​ជាប្រចាំ ៖

១. ផ្ដោតអារម្មណ៍​បាន​ឆាប់រហ័ស​

​យោងតាម​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​បានឱ្យដឹងថា​កង្វះ​នៃ​ការ​គេង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​គួរ​​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ដំណើរ​មុខងារ​នៃ​ខួរក្បាល​ដោយ​ភាព​ហត់នឿយ​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ផ្ដោតអារម្មណ៍​និង​ចងចាំ​ព័ត៌មាន​ផ្សេងៗ​។ ដូច្នេះ​ប្រសិនបើ​អ្នក​គេង​បាន​គ្រប់គ្រាន់​នោះ​សមត្ថភាព​ក្នុងការ​ផ្ដោតអារម្មណ៍​និង​ចងចាំ​ប្រាកដ​ជាមាន​លក្ខណៈ​ប្រសើរឡើង​ជាមិនខាន​។​

២. ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល​

​អត្ថប្រយោជន៍​ដ៏​ប្រសើរ​បំផុត​មួយទៀត​នៃ​ការ​គេង​បាន​គ្រប់ ៨ ម៉ោង​រាល់​យប់ គឺ​ចៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្កបញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅពេល​គេង​មិនបាន​គ្រប់គ្រាន់​រាងកាយ​នឹងមិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាចអោយ​ខួរក្បាល​បានដឹងថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។​

៣. ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​

​នោះ​ក៏​ព្រោះតែ​ការ​គេង​បាន​គ្រប់គ្រាន់​ជួយ​ឲ្យ​ចរន្តឈាម​រត់​បាន​ត្រឹមត្រូវ​ដែល​ទប់ស្កាត់​បញ្ហា​ឈាម​​កក​កើតមានឡើង​។ គួរ​បញ្ចាក់​ផងដែរ​ថា ប្រសិនបើ​ឈាមកក​ចរាចរ​នោះ​វា​នឹង​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​សាច់ដុំ​បេះដូង​ដែលជា​អ្វីមួយ​អាច​នាំឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​ផ្នែក​មួយ​នៃ​ខួរក្បាល​នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ជាក់​ជាមិនខាន​។​

៤. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​

​នោះ​ក៏​ព្រោះតែ​ការ​គេង​បាន​គ្រប់គ្រាន់​អាច​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​ដែលមាន​ឥទ្ធិពល​លើ​ការផលិត​អាំង​ស៊ុយ​លីន ហើយ​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​អ្នក​ប្រាកដជា​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​មិន​ខាន​។​

៥. សុខភាព​ផ្លូវចិត្ត​ល្អប្រសើរ​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​គេង​មិន​គ្រប់​ក៏មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ជាមួយ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​ថប់​អារម្មណ៍​គួរ​ឲ្យ​កត់សម្គាល់​? យោងតាម​ការសិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក​​ NCBI បានឱ្យដឹងថា​អ្នក​ដែល​គេង​បាន​តិចជាង ៦ ម៉ោង​រាល់​យប់ គឺ​ហាក់ដូចជា​ងាយ​នឹង​វិ​វត្ត​ទៅជា​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ច្រើនជាង​អ្នក​ដែល​បាន​គេង​គ្រប់គ្រាន់​ដល់​ទៅ ៥ ដង​ឯណោះ​។ ដូច្នេះ​ដើម្បី​រក្សា​សុខភាព​ផ្លូវចិត្ត​ល្អប្រសើរ ចូរ​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com