អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តំណាងរាស្ត្រ​រង​ការរិះគន់​ក្រោយ​ថត Selfie ពេល​បុណ្យសព​លោក Jacques Chirac
02, Oct 2019 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Philippe Folliot តំណាងរាស្ត្រ​នៃ​គណបក្សកាន់អំណាច LREM (La République En Marche!) របស់​បារាំង បាន​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​លោក​បាន​បង្ហោះ​រូបថត Selfie នៅ​វិហារ Saint-Sulpice ក្រុងប៉ារីស នា​ពិធី​បុណ្យសព​អតីត​ប្រធានាធិបតី​បារាំង លោក Jacques Chirac​។ លោក Folliot ទទួលស្គាល់ថា ទង្វើ​របស់ខ្លួន គឺជា​រឿង​មិន​សមរម្យ​ទាល់តែសោះ​។​



​លោក Jacques Chirac អតីត​ប្រធានាធិបតី​បារាំង ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៧ បានទទួល​មរណភាព​ក្នុង​អាយុ​៨៦​ឆ្នាំ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​។ លោក Folliot បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​អតីត​មេដឹកនាំ​រូបនេះ នៅ​វិហារ Saint-Sulpice កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែកញ្ញា​។ នាឱកាស​នោះ លោក Folliot បាន​ដក​ទូរ​សព្ទ​របស់ខ្លួន​ថត Selfie ហើយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន ជាមួយនឹង​សារ​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់លោក Jacques Chirac​។​

​ក្រោយ​ការ​បង្ហោះ​ភ្លាមៗ អ្នកតំណាងរាស្ត្រ​រូបនេះ ទទួលរង​ការរិះគន់​យ៉ាងខ្លាំង ដោយ​មនុស្ស​ជាច្រើន​បន្ទោស​លោក​ថា បាន​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​ក្នុង​ពិធី​បុណ្យសព​។ ក្រោយ​បង្ហោះ​នៅ​យប់​ថ្ងៃ​ចន្ទ លោក Folliot បានសម្រេច​លុប Tweet របស់ខ្លួន​ចោល​នៅ​ថ្ងៃ​បន្ទាប់ ហើយ​បាន​សុំទោស និង​ទទួលស្គាល់ថា ការថត Selfie របស់ខ្លួន​ក្នុង​ពិធី​បុណ្យសព គឺជា​រឿង​មិន​គប្បី​។​

​ក្នុង​បទ​សម្ភាសជា​មួយ Liberation លោក Folliot បាន​អះអាងថា ក្រោយ​ថត Selfie រួច លោក​បាន​បញ្ជូន​រូបថត​ទៅកាន់​ក្រុមការងារ​ខ្លួន ដើម្បី​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter​។ តាមពិត​លោក​គិតថា បង្ហោះ​រូប​នៅ​ថ្ងៃ​បន្ទាប់ ជាមួយ​រូបថត​ដែល​ប្រសើរ​ជាង​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិនមែន​តែ​លោក Folliot តែ​មនុស្ស​ម្នាក់​នោះឡើយ​ដែល​បង្ហោះ Selfie នា​ពិធី​បុណ្យសព​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​បារាំង មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ធ្វើបែបនេះ ហើយ​អ្នក​ទាំងនោះ ក៏​ទទួលរង​នូវ​ការរិះគន់​ផងដែរ ពីបទ​ខ្វះ​ការគោរព​ចំពោះ​សព​៕

Tag:
 Selfie
© រក្សាសិទ្ធិដោយ thmeythmey.com