អន្តរជាតិ
អ្នកគ្រូអង់គ្លេសដែលជួបករណីផ្ទុះហ្គាសនៅសៀមរាបប្រាប់ថា៖«ស្អប់មុខខ្លួនឯង» កញ្ញា ELeftheriou មកពីទីក្រុង Rochester ក្រុង Kent នៃប្រទេសអង់គ្លេស អាយុ ២២ ឆ្នាំ មានអាជីពជាគ្រូបង្រៀន (BBC)
× គ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ បាននិយាយថា រូបនាងស្អប់មុខខ្លួនឯង ក្រោយពីរងការឆេះខ្លោចជាខ្លាំង ក្នុងករណីផ្ទុះស្ថានីយ៍ហ្គាស នាខេត្តសៀមរាប។ កញ្ញា Zoe Eleftheriou កំពុងជិះម៉ូតូឆ្លងកាត់ទីតាំងផ្ទុះនោះ នៅពេលវាបានផ្ទុះជាអណ្តាតភ្លើងឡើង។ គ្រូបង្រៀនមានវ័យ២២ឆ្នាំរូបនេះ និងមិត្តម្នាក់ទៀត ឈ្មោះថា Abbey Alexander បានរងរបួសធ្ងន់ធ្ងរ និងបានសុំឲ្យប្រជាជននៅក្បែរទីតាំងកើតហេតុនោះជួយ។
ការផ្ទុះហ្គាសនេះ បានកើតឡើងកាលពីថ្ងៃទី ១៤ សីហា ឆ្នាំ២០១៩ ។ សមត្ថកិច្ចកម្ពុជា បានរកឃើញថា ស្ថានីយ៍បញ្ចូលហ្គាសនេះ ពុំមានអាជ្ញាបណ្ណត្រឹមត្រូវឡើយ។ ក្នុងករណីដ៏រន្ធត់មួយនេះមនុស្សម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC កញ្ញា ELeftheriou មកពីទីក្រុង Rochester ក្រុង Kent នៃប្រទេសអង់គ្លេស បានរៀបរាប់ពីព្រឹត្តិការណ៍ដែលនាងជួបប្រទះនេះថា៖«វាបានផ្ទុះឡើង។ ខ្ញុំឃើញអណ្តាតភ្លើងនៅមុខយើង ហើយវារាលដាលដល់ខ្នងយើងផងដែរ»។ នាង បន្តថា៖«យើងបានរត់ទៅរកមនុស្សម្នា ហើយប្រាប់ពួកគេថា យើងត្រូវការជំនួយ។ ជាអកុសល អ្វីដែលពួកគេបានធ្វើនោះគឺ ដកទូរសព្ទពួកគេចេញមកដើម្បីថតរូបភាពនិងវីដេអូទុកប៉ុណ្ណោះ»។
នារីរងគ្រោះជនជាតិអង់គ្លេសរូបនេះ បានទទួលការព្យាបាលនៅគ្លីនិកដែលនៅជិតនោះ មុននឹងត្រូវបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងប្រទេសថៃ ។ ថ្លៃព្យាបាលរបស់នាង អស់ដល់ទៅ ២៤៥ ៥២៥ដុល្លារ ប៉ុន្តែនាងទទួលបានលុយត្រឹម ៤២៩ដុល្លារប៉ុណ្ណោះ ពីថ្លៃធានារ៉ាប់រងដំណើរកម្សាន្តរបស់នាង។ បច្ចុប្បន្ន នាងតែងមានការណាត់ជួបជាទៀងទាត់នៅមន្ទីរពេទ្យ Queen Victoria ក្នុងក្រុង East Grinstead នៃចក្រភពអង់គ្លេស។
ប្រាប់ BBC កញ្ញា Zoe Eleftheriou និយាយថា៖«នៅពេលខ្ញុំបានទៅដល់ប្រទេសថៃ វាជាលើកទីមួយដែលខ្ញុំអាចឃើញមុខរបស់ខ្ញុំ ហើយខ្ញុំស្អប់វា។ ខ្ញុំស្អប់វាខ្លាំងណាស់។ ឥឡូវនេះ ខ្ញុំនៅតែស្អប់វា ។ ម្យ៉ាងវិញទៀត ខ្ញុំមិនអាចទៅដើរទិញទំនិញប្រចាំសប្តាហ៍ ហើយខ្ញុំក៏មិនអាចទៅចូលក្លឹបរាត្រីដូចមុនផងដែរ»៕
Tag:
ចក្រភពអង់គ្លេស
សៀមរាប
កម្ពុជា
ផ្ទុះហ្គាស
© រក្សាសិទ្ធិដោយ thmeythmey.com