ជាតិ
​សំអាងការ​ចំណាំ​បែប​ធម្មជាតិ សម្តេច ហ៊ុន សែន ព្យាករ​កម្ពស់​ទឹក​ច្បាស់​ជាង​រដ្ឋមន្ត្រី​
02, Oct 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម លោក លឹម គានហោ បាន​ព្យាករ​កម្ពស់​ទឹក​ចាញ់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



«​ឯកឧត្តម លឹម គានហោ គាត់​ចាញ់​ខ្ញុំ​ហើយ​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន ដែលធ្លាប់​ប្រាប់​ទៅ​លោក លឹម គានហោ ពី​រឿង​កម្ពស់​ទឹកនឹង​ស្រក​ចុះ​វិញ ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ធនធានទឹក តប​វិញ​ថា កម្ពស់​ទឹកនឹង​កើនឡើង​ថែមទៀត ដោយសារតែ​អាកាសធាតុ​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ពី​ខាងលើ បន្ត​អូស​កាត់​កម្ពុជា​។​




​តែ​ជាក់ស្ដែង​នោះ កម្ពស់​ទឹក​នៅ​តំបន់​មួយចំនួន បាន​ស្រក​ចុះ​វិញ ដូចនឹង​អ្វីដែល​សម្ដេច ហ៊ុន សែន ធ្លាប់បាន​ប្រាប់​លោក លឹម គានហោ ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ប៊ែ​ល​ធី នៅ​ព្រឹក​ថ្ងៃទី​២ តុលា សម្ដេច ហ៊ុន សែន បាន​និយាយថា មូល​ហេតុដែល​សម្ដេច ហ៊ាន​អះអាងថា​ទឹក​ស្រក​បែបនេះ ដោយ​សំអាង​ទៅលើ​ការ​ចំណាំ​តាមបែប​ធម្មជាតិ​របស់​ខ្លួន​។​

«​ថ្ងៃមួយ ស្រាប់តែ​ខ្ញុំ​ទៅ​(​ញ៉ាំ​) បាយ​ថ្ងៃត្រង់ ឃើញ​ត្រី​ឈ្វៀត ដល់​អ៊ីចឹង ខ្ញុំ​បាន​វ៉ៃ​(​ផ្ញើ​សារ​) ទៅ​ឯកឧត្តម លឹម គានហោ ថា ត្រី​ឈ្វៀត​ចេញ​ហើយ ទឹក​មិន​ឡើង​ទៀត​ទេ​។ គាត់ (​លោក លឹម គានហោ​) បាន​វ៉ៃ​(​ផ្ញើ​សារ​) ត្រឡប់មកវិញ​ថា សម្ពាធ​នៅ​ខាងលើ​ច្រើនណាស់ ព្យុះ​នៅ​ច្រើនណាស់ (​ទឹក​)​នឹងមាន​ការកើនឡើង​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល ។​

​បើតាម​ការ​ចំណាំ​របស់​លោកនាយ​រដ្ឋ​មន្ត្រី​កម្ពុជា​រូបនេះ  នៅពេល​ត្រី​ឈ្វៀត ចេញ​បង្ហាញខ្លួន​នោះ គឺ​បានន័យថា កម្ពស់​ទឹក​នៅ​ទ្រឹង ឬ​ស្រក​ចុះ​។ ប៉ុន្តែ​បើសិនជា ត្រី​ក្លាំងហាយ ចេញ​បង្ហាញ​នោះ ទឹក​ស្រក​អស់ ហើយ​រាំងស្ងួត​។​

អត្ថបទទាក់ទង

​បើតាម​របាយការណ៍​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ដែល​ចេញ​នៅ​ថ្ងៃទី ២ តុលា​នេះ បង្ហាញថា ស្ថានភាព​កម្ពស់​ទឹក ទន្លេមេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ និង​អ្នក​លឿង បានចាប់ផ្ដើម​ស្រក​ជា​ចុះ​ហើយ​។ ចំណែក​កម្ពស់​ទឹកទន្លេ​បាសាក់​-​កោះ​ខែល ,​ទន្លេសាប​-​ព្រែក​ក្ដាម និង​បឹង​ទន្លេសាប​-​កំពង់​លួង ក៏​ស្រក​ចុះ​ដូចគ្នា​ដែរ​៕


Tag:
 ហ៊ុន សែន​
  លឹម គានហោ​
  អាកាសធាតុ​
  ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com