កីឡាអន្តរជាតិ
អន្តរជាតិ
Dennis ស៊ុត​២​គ្រាប់​នៅ Bernabeu ឆ្លៀត​អបអរ​តាម Ronaldo ឌឺ​អ្នកគាំទ្រ Real
02, Oct 2019 , 5:09 pm        
រូបភាព
​ខ្សែប្រយុទ្ធ Emmanuel Dennis របស់​ក្រុម Club Bruges ជា​អ្នកសម្រេច​ទី​ក្រុម Real Madrid ចំនួន​២​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​ស្មើគ្នា ២-២ នៃ​វគ្គ​ជម្រុះ​ពាន UEFA Champions League​។ ក្នុង​កីឡដ្ឋាន Bernabeu កីឡាករ Dennis នេះ បានធ្វើ​ត្រាប់​តាមរបៀប​អបអរ​គ្រាប់​បាល់​របស់ Cristiano Ronaldo ដើម្បី​ដឺ​ឌ​ង​ដាក់​អ្នកគាំទ្រ Real ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា វ័យ​២១​ឆ្នាំ​រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សារព័ត៌មាន និង​អ្នកតាមដាន​កីឡាបាល់ទាត់​ជុំវិញ​ពិភពលោក តាមរយៈ​ការផ្តល់​ការចងចាំ​ដ៏​អាក្រក់​មិនអាច​បំភ្លេចបាន​សម្រាប់​ក្រុម Real នៅក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៅ​រាត្រី​ថ្ងៃទី​១ តុលា​។



​មិន​ត្រឹមតែ​អាច​រកបាន​ពីរ​គ្រាប់​នោះទេ Dennis ដែល​ជួយ Club Bruges ទទួលបាន​១​ពិន្ទុ​ក្រៅ​ដី ថែមទាំង​នឹកឃើញ​ស្តាយ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ស្តេច​ស​ទៀតផង​។ Dennis បានធ្វើ​ត្រាប់​តាម Ronaldo នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ក្នុង​កីឡដ្ឋាន Bernabeu ស្រប​ពេលដែល​ម្ចាស់​ជើងឯក​ក្របខណ្ឌ​អឺរ៉ុប ១៣​សម័យនេះ​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​។



Real បង្ហាញខ្លួន​មិនបាន​ល្អ​ឡើយ​ចាប់តាំងពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​ដើម្បី​ទៅ​ចូលរួម​ជាមួយ Juventus រដូវ​កាល​មុន​។​
​ក្នុង​ពូ​ល A នេះ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Zinedine Zidane ស្ថិតនៅ​បាត​តារាង​មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​២​លើក ខណៈដែល Club Bruges មាន​២​ពិន្ទុ​ឈរ​ចំណាត់ថ្នាក់​ទី​២ ហើយ PSG នៅ​កំពូល​តារាង​បណ្តោះអាសន្ន​មាន ៦​ពិន្ទុ​៕


Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com