អន្តរជាតិ
លោក ត្រាំ ហៅការស៊ើបអង្កេតដើម្បីដកតំណែងលោកជា «រដ្ឋប្រហារ»
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១ ខែតុលា បានបន្តការរិះគន់លើដំណើរការស៊ើបអង្កេតរបស់រដ្ឋសភាអាមេរិកដើម្បីឈានដល់ការចាប់ផ្ដើមនីតិវិធីដកតំណែងរូបលោក។ ក្រុមប្រជាធិបតេយ្យដែលគ្រប់គ្រងរដ្ឋសភាចោទលោក ត្រាំ ថា ប្រើឥទ្ធិពលបរទេសឲ្យលូកលាន់ការបោះឆ្នោត ព្រោះលោកប្រាប់ឲ្យអ៊ុយក្រែនស៊ើបអង្កេតលើបេក្ខជនប្រធានាធិបតី ចូ បៃឌិន និងកូនប្រុស។ លោក ត្រាំ បានហៅទង្វើរបស់ក្រុមប្រជាធិបតេយ្យថា រដ្ឋប្រហារ។
«តាមតែខ្ញុំដឹងពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំសន្និដ្ឋានបានថា អ្វីដែលកំពុងកើតឡើង មិនមែនជាដំណើរការដកតំណែងទេ តែជារដ្ឋប្រហារ។» នេះជាការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅនឹងការចាប់ផ្ដើមដំណើរការស៊ើបអង្កេតរបស់បក្សប្រជាធិបតេយ្យ ដែលកំពុងតែបង្កើនល្បឿនស៊ើបអង្កេតរបស់ខ្លួនកាន់តែលឿនពាក់ព័ន្ធការចោទប្រកាន់ថា លោក ត្រាំ បានប្រាប់ឲ្យអ៊ុយក្រែនផ្ដល់ព័ត៌មានទាក់ទងគូប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។
ប្រធានរដ្ឋសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី បានប្រកាសបើកដំណើរការស៊ើបអង្កេតកាលពីសប្ដាហ៍មុន ក្រោយមានបណ្ដឹងថា លោក ត្រាំ បានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលីនស្គី ឲ្យផ្ដល់ព័ត៌មានដល់រូបលោកទាក់ទងសំណុំរឿងរបស់អតីតអនុប្រធានាធិបតី ចូ បៃឌិន ដែលនឹងក្លាយជាគូប្រជែងរបស់លោកសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ។ សម្រាប់ក្រុមប្រជាធិបតេយ្យ នេះជាឱកាសសម្រាប់កម្ចាត់លោក ត្រាំ ។
យ៉ាងណាមិញ សម្រាប់លោក ត្រាំ សកម្មភាពរបស់ក្រុមប្រជាធិបតេយ្យ ជាការតាមប្រមាញ់រូបលោកតែម្ដង។ ក្នុងសំណេរលើបណ្ដាញសង្គម Twitter នៅថ្ងៃទី១ ខែតុលា ប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់បក្សប្រជាធិបតេយ្យខ្លាំងៗទៀតថា ទង្វើនេះ មានបំណងបោះចោលអំណាចប្រជាជន សំឡេងឆ្នោតរបស់ពួកគេ សេរីភាព សាសនា យោធា ជញ្ជាំងព្រំដែន និងសិទ្ធិដែលព្រះប្រទានឲ្យជាប្រជាជនសហរដ្ឋអាមេរិកដ៏អស្ចារ្យ។
គណៈកម្មាធិការសភាដ៏មានឥទ្ធិពលចំនួនបីដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យមានកិច្ចការបរទេស ព័ត៌មានសម្ងាត់ និងត្រួតពិនិត្យ ក៏មានគម្រោងកោះរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ទៅសួរនាំពាក់ព័ន្ធរឿងនេះ ដោយអះអាងថា លោក ប៉ុមប៉េអូ នៅជាមួយលោក ត្រាំ ពេលជជែកតាមទូរសព្ទជាមួយលោក ហ្សេលីនស្គី ។ អតីតមន្ត្រី និងមន្ត្រីក្រសួងការបរទេសចំនួន៥នាក់ទៀត ក៏មានឈ្មោះត្រូវផ្ដល់សក្ខីកម្មដែរ។
លោក ប៉ុមប៉េអូ ចាត់ទុកគម្រោងរបស់ក្រុមប្រជាធិបតេយ្យ ជាការមើលងាយក្រសួងការបរទេស ហើយលោកនឹងព្យាយាមអូសបន្លាយពេលផ្ដល់សក្ខីកម្មរបស់មន្ត្រីការទូតទាំង៥នាក់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការទូតអាមេរិករូបនេះប្រាប់សមាជិកសភាអាមេរិកថា ខណៈសភាមានសិទ្ធិកោះហៅមន្ត្រីទៅសួរនាំ ក្រសួងការបរទេ និងសេតវិមាន ក៏អាចកំណត់ពីព័ត៌មានណាដែលអាចបញ្ចេញបាន ហើយអាចបញ្ចេញត្រឹមកម្រិតណាដែរ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com