នាយករដ្ឋមន្ត្រី​ស្នើ​ម្ចាស់​ផ្ទះជួល កុំ​ដំឡើង​ថ្លៃឈ្នួល​បន្ទប់​លើស ២​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​ស្នើ​ម្ចាស់​ផ្ទះជួល កុំ​ដំឡើង​ថ្លៃឈ្នួល​បន្ទប់​លើស ២​ដុល្លារ​
02, Oct 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មី​ម្ដង​ដល់​ម្ចាស់​ផ្ទះជួល កុំ​ដំឡើង​ឈ្នួល​ផ្ទះ​ខ្ពស់​ពេក​។ លើក​នេះ​សម្ដេច​បញ្ជាក់ថា បើ​ដំឡើង កុំ​ឲ្យ​លើសពី​២​ដុល្លារ ព្រោះ​ប្រាក់ខែ​គោល​កម្មករ​កើន​បានតែ​៨​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០​។ ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល គឺធ្វើឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និ​សិ​ត្ស​សកល​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ នៅ​ថ្ងៃទី​២​ខែតុលា​។​



​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖





​សម្ដេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ​ថា​៖«​សូម​ម្ចាស់​ផ្ទះជួល​ទាំងឡាយ មេត្តា​កុំ​ដំឡើងថ្លៃ​ជ្រុល​ហួស កាលពី​២០១៧ ខ្ញុំ​បានស្នើ​ម្ដង​ហើយ​កុំ​ដំឡើងថ្លៃ​ផ្ទះ​សម្រាប់​ឆ្នាំ​២០១៨ ឥឡូវ​ជាថ្មី​ម្ដងទៀត បើសិនជា​ឡើង​កុំ​លើស​២​ដុល្លារ​មួយ​បន្ទប់ ព្រោះ​ប្រាក់ខែ​គ្នា​ឡើង​បានតែ​៨​ដុល្លារ អ្នកខ្លះ​ដំឡើង​ផ្ទះជួល ១០​ដុល្លារ ២០​ដុល្លារ វា​មិន​ងាប់​គ្នា​ទៅហើយ​»​។​

​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត ដើម្បី​សហការ​ជាមួយ​ម្ចាស់ផ្ទះ ធ្វើយ៉ាងណា​ឲ្យ​មានការ​អនុវត្ត​ដូច​ការអំពាវនាវ​ខាងលើនេះ​។ ក្រៅពី​ថ្លៃឈ្នួល​បន្ទប់ សម្ដេច​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យមើល​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹកស្អាត ចំពោះ​កម្មករ​ឲ្យ​បានជា​ប់លាប់​ផងដែរ​។​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ពី​ការដំឡើង​ប្រាក់ខែ​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០២០ ដែល​ដំឡើង​បានតែ ៨​ដុល្លារ ពោលគឺ​កើន​ពី ១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩ មក​១៩០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​។ ឆ្នាំមុនៗ​អត្រា​ដំឡើង​ប្រាក់ខែ​នេះ​គឺ​ខ្ពស់ជាង​ឆ្នាំ​២០២០​។ សម្ដេច​អះអាងថា ការដំឡើង​ប្រាក់បៀវត្ស​គោល​សម្រាប់​ឆ្នាំ​២០២០ មិនអាច​លើស​នេះ​បានទេ ចៀសវាង​ថៅកែ​រោងចក្រ ប្ដូរ​ទៅ​ប្រទេស​ដទៃ ព្រោះ​ប្រាក់ខែ​គោល​នៅ​បណ្ដា​ប្រទេស​មួយចំនួន នៅ​ទាប​ជាង​នេះ​៕


Tag:
 ហ៊ុន សែន​
  ផ្ទះជួល​
  បន្ទប់​ជួល​
© រក្សាសិទ្ធិដោយ thmeythmey.com