អន្តរជាតិ
ម៉ាឡេស៊ី ចង់​បង្កើត​ច្បាប់​រឹតបន្តឹង​ការប្រើប្រាស់​បារី​អេឡិចត្រូនិក
03, Oct 2019 , 10:29 am        
រូបភាព
រូបភាព (The Atlantic)
រូបភាព (The Atlantic)
​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃទី​០១ ខែតុលា បាន​និយាយថា ម៉ាឡេស៊ី​មាន​គម្រោង​បង្កើត​ច្បាប់​ដ៏​តឹងរ៉ឹង​ដើម្បី​គ្រប់គ្រង​ការលក់ និង​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​។ ចំណាត់ការ​របស់​ម៉ាឡេស៊ី ធ្វើឡើង​ខណៈ​បណ្តា​ប្រទេស​ជាច្រើន​ចាប់ផ្តើម​ហាមឃាត់​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដោយសារតែ​វា​បង្ក​ហានិភ័យ​ដល់​ជីវិត​ក្នុងចំណោម​យុវជន​។



អត្ថបទទាក់ទង

​ដោយសារ​កំណើន​យុវជន​ប្រើប្រាស់​បារី​អេឡិចត្រូនិក ឥណ្ឌា​ដែលមាន​ចំនួន​យុវជន​ជក់បារី​លំដាប់​ទី​២​លើ​ពិភពលោក បាន​ហាមឃាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​។ ចំណែក​អាមេរិក​វិញ ក៏​មិន​ខុសពី​ឥណ្ឌា​ប៉ុន្មាន​ដែរ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​បានចេញ​ច្បាប់​ហាម​ជក់បារី​អេ​ឡិច​ត្រូ​និ​ច បន្ទាប់ពី​មាន​មនុស្ស​ស្លាប់ និង​ការកើត​ជំងឺ​ផ្សេងៗ​ដោយសារ​បារី​ប្រភេទ​នេះ​។ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការស្លាប់ និង​កើត​ជំងឺ​ផ្សេងៗ ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ចង់​បង្កើត​ច្បាប់​មួយ ដើម្បី​រឹតបន្តឹង​បារី​អេ​ឡិច​ត្រូ​និ​ច រួមបញ្ចូល​ជាមួយ​ផលិតផល​ថ្នាំជក់​ឲ្យ​ស្ថិតនៅក្រោម​ច្បាប់​តែមួយ​។ គោលបំណង​នៃ​ការបង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ហាមឃាត់​ការលើក​ត​ម្កើ​ន ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់​នៅ​ទីសាធារណៈ និង​ការប្រើប្រាស់​ដោយ​អនីតិជន​។ ជាពិសេស តាម​ការសិក្សា​ជាច្រើន បាន​បង្ហាញថា ការប្រើប្រាស់​បារី​អា​ឡិច​ត្រូ​និក ប៉ះពាល់​ដល់​សុខភាព​មនុស្ស ហើយ​វា​មិនទាន់​ត្រូវបាន​បង្ហាញ​ទេ​ថា​តើ​វា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគរយ​ក្នុងការ​ផ្តាច់​បារី​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​បន្ថែមទៀតថា សេចក្តីព្រៀងច្បាប់​ចុងក្រោយ​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់ និង​សកម្មភាព​ជក់បារី បានបញ្ចប់​ហើយ ប៉ុន្តែ​នៅ​រង់ចាំតែ​ការពិនិត្យ​ចុងក្រោយ​ពី​អគ្គព្រះរាជអាជ្ញា​ម៉ាឡេស៊ី​តែប៉ុណ្ណោះ​។ បន្ទាប់​ពីនេះ ក្រសួង​សង្ឃឹមថា​ច្បាប់​ថ្មី​នេះ រំពឹង​យកទៅ​ពិភាក្សា​ក្នុង​រដ្ឋសភា​នៅ​ឆ្នាំក្រោយ​។​

​ជាការ​ពិត បច្ចុប្បន្ន ផលិតផល​ថ្នាំជក់​ស្ថិតនៅក្រោម​ច្បាប់​អាហារ​ម៉ាឡេស៊ី ចំណែកឯ​បារី​អេឡិចត្រូនិក​មិនទាន់មាន​បញ្ញា​ត្តិ​ណាមួយ​បានចែង​ក្នុង​ច្បាប់​ម៉ាឡេស៊ី​ឡើយ​។ ចំណែក​ទឹក​សម្រាប់​បន្តក់​ក្នុង​បារី​អេ​ឡិច​ត្រូ​និ ដែលមាន​ផ្ទុក​ជាតិ​នីកូទីន ត្រូវបាន​ហាមឃាត់​តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១៥​មកម្ល៉េះ​។​

​សូមបញ្ជាក់ថា តាម​ការស្ទង់មតិ​រប​ស់​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ក្មេង​អាយុ​១៥​ឆ្នាំ និង​មនុស្ស​អាយុ​ច្រើនជាង​នេះ ប្រមាណ​៥​លាន​នាក់​នៃ​ប្រជាជន​សរុប ៣២​លាន​នាក់ គឺជា​អ្នក​ជក់បារី និង​បារី​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​។

​លើសពីនេះ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទីផ្សារ​បារី​អេឡិចត្រូនិក​មានការ​កើនឡើង​យ៉ាងខ្លាំង​។ គ្រាន់តែ​នៅក្នុង​ឆ្នាំ ២០១៨ បារី​អេ​ឡិច​ត្រូ​និ​ច​អាច​រកចំណូលបាន​ជាង ១៥​ពាន់​លាន​ដុល្លារ ហើយ​វា​នឹង​កើន​ដល់ ៤០​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០២៣​។ នេះ​បើតាម​ទិន្នន័យ​របស់ Euromonitor International៕

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com