ជាតិ
នយោបាយជាតិ
កម្ពុជា ប្រាប់ថៃថា «លោក សម រង្ស៊ី ឆ្លងផុតបន្ទាត់ក្រហម មិនអាចលើកលែងឡើយ» ជំនួបរវាងលោក វង្ស ពិសេន និង មន្រ្តីការទូតយោធាថៃ (រូបពីក្រសួងការពារជាតិ)
× អំពើរបស់លោក សម រង្ស៊ី ដែលចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺមិនអាចលើកលែងឲ្យបានឡើយ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា លើកឡើងដូច្នេះ ក្នុងជំនួបជាមួយវរសេនីយ៍ឯក Sarayuth Bunchheur អនុព័ន្ធយោធាកងទ័ពជើងគោកនៃកងទ័ពភូមិន្ទថៃ និង វរនាវីឯក Chaktourong Diphingtun អនុព័ន្ធយោធាកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។
គេហទំព័រក្រសួងការពារជាតិ បានស្រង់សម្តីរបស់លោក វង្ស ពិសេន ទៅចុះផ្សាយថា៖«ទណ្ឌិត សម រង្ស៊ី បានដើរឆ្លងផុតបន្ទាត់ក្រហមនៃលទ្ធិប្រជាធិបតេយ្យហើយ ហើយមួយទៀតលើផ្នែកនយោបាយ ទណ្ឌិត សម រង្ស៊ី កំពុងបង្ហាញធាតុពិត ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលជាអ្នកទោសក្បត់ជាតិ មិនអាចលើកលែងបានឡើយ។ អ្នកពាក់ព័ន្ធ ក៍ត្រូវមានទោសទៅតាមច្បាប់របស់កម្ពុជាដូចគ្នា»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកន្លងមកថា រដ្ឋាភិបាលឡាវ និង រដ្ឋាភិបាលថៃ បានទទួលរួចហើយនូវដីកាចាប់លោក សម រង្ស៊ី។ ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជា នឹងបញ្ជូនដីកានេះ ទៅកាន់រដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន។
ក្រៅពីរដ្ឋាភិបាលឡាវ និង រដ្ឋាភិបាលថៃ គេ មិនទាន់ដឹងនោះទេថា រដ្ឋាភិបាលនៃប្រទេសណាខ្លះទៀត ដែលទទួលបានដីកាពីរដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ថា លោក ក៏មិនទាន់ទទួលបានព័ត៌មានដែរ ពាក់ព័ន្ធនឹងការបញ្ជូនដីកានេះ ដោយលោក រុញឲ្យទៅសួរក្រសួងការបរទេស។ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានឡើយ ដោយហៅទូរស័ព្ទមិនចូល។
ក្នុងសន្និសីទកាសែត នៅឯអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លើយទៅ VOA ថា រដ្ឋាភិបាលរបស់លោក មិនទាន់ទទួលបានដីកាចាប់លោក សម រង្ស៊ី ពីរដ្ឋាភិបាលកម្ពុជានោះទេ។ លោក ប្រាប់ទៀតថា រដ្ឋាភិបាលរបស់លោក នឹងមិនជ្រែតជ្រៀតកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ក្រៅពីរឿងលោក សម រង្ស៊ី លោក វង្ស ពិសេន ក៏បាននិយាយអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃផងដែរ។ លើសពីនេះ លោក បានអរគុណភាគីថៃ តាមរយៈលោកអនុព័ន្ធយោធាកងទ័ពទាំងពីរ ដែលកន្លងមក បានទទួលយកសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលលើជំនាញប្រឆាំងភេរវកម្ម។
ក្រសួងការពារជាតិកម្ពុជា ពុំបានសរសេរពីការឆ្លើយតបរបស់លោកអនុព័ន្ធយោធាកងទ័ពថៃទាំងពីរនាក់នោះទេ ចំពោះបញ្ហារបស់លោក សម រង្ស៊ី។ បើតាមក្រសួងការពារជាតិកម្ពុជា លោក Sarayuth Bunchheur អំណរគុណភាគីកម្ពុជាវិញ ដែលកម្ពុជា បានផ្ដល់គ្រប់លទ្ធភាព ដល់លោកទាំងពីរ ក្នុងការបំពេញការងារការទូត សម្រាប់អាណត្តិការទូតយោធារបស់ពួកលោកប្រចាំកម្ពុជា។ លោកទាំងពីរ ចូលជួបអគ្គមេបញ្ជាការកម្ពុជា ដើម្បីជម្រាបលា បន្ទាប់ពីលោកទាំងពីរ ត្រូវចប់អាណត្តិការទូតយោធានៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com