អន្តរជាតិ
កូរ៉េខាងជើង ប្រកាស​ជោគជ័យ​ធំធេង​ក្នុងការ​សាកល្បង​មី​ស៊ី​លបាញ់​ពី​នាវាមុជទឹក​
03, Oct 2019 , 3:50 pm        
រូបភាព
រូបភាព (Kyodo)
រូបភាព (Kyodo)
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៣ ខែតុលា បានប្រកាសថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ប្រភេទ​ថ្មី (SLBM) បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​។ ជា​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក កូរ៉េខាងជើង​អះអាងថា  គឺ​វា​ជួយ​ពង្រឹងសមត្ថភាព​ទីក្រុង​ព្យុងយ៉ាង​បន្ថែមទៀត​ក្នុងការ​ការពារ​ប្រទេស​។ ប៉ុន្តែ​ការប្រកាស​ជោគជ័យ​នេះ ធ្វើឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​មុន​ជំនួប​កិច្ចចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ចុង​សប្ដាហ៍​នេះ​។



​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ការពារជាតិ​របស់​កូរ៉េខាងជើង ជា​អ្នកទទួល​ការសាកល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក (SLMB) ប្រភេទ​ថ្មី Pukguksong 3 ។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង មី​ស៊ី​ល​នេះ​បាញ់​ចេញពី​នាវាមុជទឹក​នៅក្នុង​ខេត្ត​វ៉ុ​ន​សាន ក្នុងទិសដៅ​តាម​ខ្សែ​បញ្ឈរ មុននឹង​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​។ ប៉ុន្តែ​ប្រភព​ដដែល មិនបាន​បញ្ជាក់​អ្វី​ឲ្យ​បាន​លម្អិត​ពី​ប្រភេទ​មី​ស៊ី​ល​នេះឡើយ ប៉ុន្តែ​វា​ហោះ​បាន​ចម្ងាយ​៤៥០​គីឡូម៉ែត្រ និង​ក្នុង​កម្ពស់​៩១០​គីឡូម៉ែត្រ​។​

​បើទោះបី​ការសាកល្បង​មី​ស៊ី​ល​ប្រភេទ​ថ្មី​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងណាក៏ដោយ ទីក្រុង​ព្យុងយ៉ាង​បាន​បញ្ជាក់ថា គឺ​ខ្លួន​គ្មាន​បំណង​គំរាមកំហែង​ប្រទេសជិតខាង​ឡើយ ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ខ្លួន​គ្រាន់តែ​ចង់​ការពារ​ពី​ការវាយប្រហារ​មកពី​ខាងក្រៅ និង​ការពារ​ប្រទេស​របស់ខ្លួន​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រមុខ​ដឹកនាំ​កំពូល គីម ជុង​អ៊ុន មិនមាន​វត្តមាន​ក្នុងការ​សាកល្បង​នេះ​ទេ ប៉ុន្តែ​បាន​ផ្ញើ​សារ​អបអរសាទរ​យ៉ាង​កក់​ក្តៅ​។ អាច​ថា​នេះ​ជា​រឿង​ចម្លែក ព្រោះ​លោក​មិនដែល​អាក់ខាន​ការបាញ់​អាវុធ​សំខាន់​បែបនេះ​ឡើយ​។​

​ជាមួយ​ជោគជ័យ​លើ​ការបាញ់​កាំជ្រួច​ដែល​ហោះ​បាន​ចម្ងាយ ៤៥០​គីឡូម៉ែត្រ និង​ក្នុង​កម្ពស់​៩១០​គីឡូម៉ែត្រ មេដឹកនាំ​បាន​សាទរ​ចំពោះ​ភាពជោគជ័យ​មួយ​នេះ បើទោះបីជា​លោក​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ក៏ដោយ​។ ប៉ុន្តែ​អ្នក​ជំ​នាយ​និយាយថា មី​ស៊ី​ល​ប្រភេទ​នេះ​អាច​បាញ់​បាន​ឆ្ងាយ​ជាមុន ប្រសិនបើ​បាញ់​ក្នុង​មុំ​ធម្មតា​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ វា​គឺជា​លើកដំបូង​របស់​ទីក្រុង​ព្យុងយ៉ាង ក្នុងការ​សាកល្បង​អាវុធ​ប្រភេទ​ថ្មី​បែបនេះ បើ​គិត​ចាប់ពី​ឆ្នាំ ២០១៦​មក​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​គឺ​ការ​អ​ភ​វ​ឌ្ឍ​បច្ចេកវិទ្យា​ទំនើបៗ​ជាមុន​របស់​កូរ៉េខាងជើង បាន​គំរាមកំហែង​អាមេរិក ក៏ដូចជា​សម្ពន្ធមិត្ត​យ៉ាងខ្លាំង​។ ម្យ៉ាងវិញទៀត ការបាញ់​សាកល្បង​លើក​នេះ គឺធ្វើឡើង​មុន​តែ​បី​ថ្ងៃ​នៃ​កិច្ចចរចា​រំសាយ​អាវុធ​រវាង​អាមេរិក និង​កូរ៉េខាងជើង​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​មហាសន្និបាទ​អង្គការសហប្រជាជាតិ​នា​ខែ​មុន​ថា ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​ចង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ធំធេង កូរ៉េខាងជើង​ត្រូវតែ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​។ ជាការ​ឆ្លើ​ប​តប  លោក​គីម បាន​លើកឡើងថា កូរ៉េខាងជើង​នឹងមិន​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជាដាច់ខាត ប្រសិនបើ​អាមេរិក មិន​លុប​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​៕


Tag:
 ​កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com