ជាតិ
កម្ពុជា​នាំចេញ​កសិផល​ជាង​៣​លាន​តោន ខណៈ​អង្ករ​នាំចេញ​ក្រៅផ្លូវការ​ជាង​១,៦​លាន​តោន
03, Oct 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​កសិផល​ជាង​៣​លាន​តោន រួមទាំង​អង្ករ​នាំចេញ​ក្រៅផ្លូវការ​ជាង​១,៦​លាន​តោន​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម​លោក វេ​ង សាខុន បានចេញ​ផ្សាយ​របាយការណ៍​នៅ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ក្នុងចំណោម​កសិផល​ជាង​៣​លាន​តោន គឺមាន​អង្ករ​នាំចេញ​ជា​ផ្លូវការ ជាង​៤​សែន​តោន​។ អង្ករ​ទាំងនេះ បាន​នាំ​ចេញទៅ​ប្រទេស​ចិន ជិត​១៦​ម៉ឺន​តោន​, អឺរ៉ុប​ជាង​១៣​ម៉ឺន​តោន​, អាស៊ាន​ជាង​៥​ម៉ឺន​តោន និង​នាំ​ចេញទៅ​ទិសដៅ​ផ្សេងទៀត​ជាង​៥​ម៉ឺន​តោន​។

​ក្រៅពី​អង្ករ​នាំចេញ​ផ្លូវការ​នេះ ក៏មាន​អង្ករ​នាំចេញ​ក្រៅ​ច្រកចេញចូល​តែមួយ​មាន​ជាង​១,៦​លាន​តោន​ដែរ​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម កសិផល​នាំចេញ​ផ្លូវការ​រួមមាន ដំឡូង​មី ស្រស់ ក្រៀម និង​ម្សៅ​ជាង​២​លាន​តោន គ្រាប់ស្វាយចន្ទី​ជាង​១៦​ម៉ឺន​តោន គ្រាប់ពោត​ជាង​១១​ម៉ឺន​តោន ចេក​ជាង​១០​ម៉ឺន​តោន និង​ផ្លែស្វាយ​ជិត​៤​ម៉ឺន​តោន​។ ក្រៅពីនេះ កម្ពុជា​បាន​នាំចេញ​ដំណាំ​ផ្សេងៗ​ទៀត​ជាង​២​សែន​តោន​។

​កសិផល​របស់​កម្ពុជា​បាន​នាំចេញ​ទៅកាន់ ចិន សហគមន៍​អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អា​រ៉ា​ប៊ី​សា​អូឌីត ឆេ​ក រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម​៕


Tag:
 កសិកម្ម​
  កសិផល​
  ការនាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com