ជាតិ
មូលនិធិកេរដំណែលខ្មែរ បង្កើតកម្មវិធីទូរទស្សន៍អនឡាញដែលផ្តោតលើសក្តានុពលវប្បធម៌ និងទេសចរណ៍នៅកម្ពុជា
× ភ្នំពេញ៖ ក្រុមការងារមូលនិធិកេរដំណែលខ្មែរ និងដៃគូសហការរបស់ខ្លួន បានផ្តួចផ្តើមបង្កើតកម្មវិធីទូរទស្សន៍អនឡាញ «៥នាទី ស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍នៅកម្ពុជា (5’ CAMBODIA - CULTURAL HERITAGE AND TRAVEL) ក្នុងបំណងផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានដល់អ្នកទស្សនា អំពីអត្តសញ្ញាណជាតិ ទាំងរូបិយ និងអរូបិយ រួមទាំងការបណ្តុះគំនិតដល់ពលរដ្ឋ ឲ្យចេះស្រឡាញ់ និងរួមគ្នាជួយលើកស្ទួយ ថែរក្សានូវតម្លៃនៃបេតិកភណ្ឌវប្បធម៌របស់ជាតិ។ ដើម្បីទ្រទ្រង់ការចាប់ផ្ដើមដំណើរការផលិត មូលនិធិកេរដំណែលខ្មែរ បានប្រកាសស្វែងរកសប្បុរសជនជួយឧបត្ថម្ភកម្មវិធីរបស់ខ្លួន។
«៥នាទី ស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍នៅកម្ពុជា» នឹងផ្ដល់ព័ត៌មានជូនដល់ទស្សនិកជន ឲ្យបានស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ ប្រពៃណី ជំនឿ ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា ម្ហូបអាហារ សិល្បៈ ស្ថាបត្យកម្ម ប្រាង្គប្រាសាទ វត្តអារាម បរិស្ថាន សត្វព្រៃ ទេសភាពតាមដងទន្លេ ស្ទឹង បឹងបួរ ព្រែក ព្រមទាំងទីកន្លែងទេសចរណ៍ អេកូធម្មជាតិ សំខាន់ៗនៅ កម្ពុជា។ វីដេអូ ៥នាទីនេះ នឹងចាក់ផ្សាយតាមបណ្តាញសង្គមនានា និងលើផេកហ្វេសប៊ុកផ្លូវការរបស់មូលនិធិកេរដំណែលខ្មែរ។
កម្មវិធីទូរទស្សន៍អនឡាញ «៥នាទី ស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍នៅកម្ពុជា (5’ CAMBODIA - CULTURAL HERITAGE AND TRAVEL) ក៏បង្ហាញអំពីតំបន់ទេសចរណ៍ថ្មីៗ ព្រមទាំងសក្តានុពលនៃតំបន់អេកូទេសចរណ៍ បរិស្ថាន និងសត្វព្រៃ ក៏ដូចជាការផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួន ដល់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចង់មកទស្សនា និងអភិវឌ្ឍនៅតាមតំបន់ទេសចរណ៍ទាំងនោះ។ បន្ថែមលើនេះ ទស្សនិកជន អាចស្វែងរកព័ត៌មានគ្រប់បែបយ៉ាង ដែលទាក់ទងនឹងការងារស្រាវជ្រាវផ្នែកបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ សាសនា បរិស្ថាន បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ សិលាចារិក តាមរយៈកម្មវិធីនេះផងដែរ។
មូលនិធិកេរដំណែលខ្មែរ ត្រូវការការជួយឧបត្ថម្ភ ដើម្បីចាប់ផ្តើមដំណើរការផលិតកម្មវិធីដ៏មានសារសំខាន់នេះ និងដើម្បីរួមចំណែកលើកស្ទួយដល់ការស្រាវជ្រាវ និងផ្សព្វផ្សាយលើវិស័យ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍របស់កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម និងការចូលរួមវិភាគទានឧបត្ថម្ភដល់កម្មវិធីសូមទាក់ទងអ៊ីម៉ែល៖ [email protected]៕
Tag:
ចំណេះដឹង
សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com