ជាតិ
សំរាម​បំផ្លាញ​សម្រស់​ស្ទឹង​សៀមរាប​មួយផ្នែកធំ​!
03, Oct 2019 , 5:59 pm        
រូបភាព
​សៀមរាប​៖​ស្ទឹង​សៀមរាប ត្រូវបាន​ចាត់ទុកថា ជា​ស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​ខេត្តសៀមរាប​។  ស្ទឹង​សៀមរាប គឺជា​ស្ទឹង​សិប្ប​និមិត្ត ដែល​កកើតឡើង​ដោយ​ស្នាដៃ​របស់​មនុស្ស​។ គ្មាន​ឯកសារ​បញ្ជាក់​ពី​ឆ្នាំ​នៃ​ការបង្កើត​ស្ទឹង​សៀមរាប​ឲ្យ​ជាក់លាក់​នោះទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា វា​ត្រូវគេ​បង្កើត និង​កែច្នៃ​ជាច្រើន​សារ តម្រូវ​តាម​ការរៀបចំ​ដែនដី​នៅ​សម័យអង្គរ​។ តែ​យ៉ាងណា​ស្ទឹង​នេះ កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​សម្រស់ ដោយសារ​បញ្ហា​សំរាម និង​បរិស្ថាន​នៅ​ជុំវិញ​។​


 
​ស្ទឹង​សៀមរាប បានកកើតឡើង​ដោយសារ​ការ​ប្រសព្វ​គ្នា​រវាង​អូរ​ធំៗ​ចំនួន​២ គឺ​អូរ​ធំ និង​អូរ​ក្បាលស្ពាន​។ ស្ទឹង​សៀមរាប ស្ថិតក្នុង​ចំណោម​ស្ទឹង​សំខាន់​ទាំងបី ដែល​ហូរ​កាត់​តំបន់​អង្គរ ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ ស្ទឹង​នេះ ស្ថិតនៅ​ខាងកើត​ស្ទឹង​ពួក និង​ខាងលិច​ស្ទឹង​រលួស​។ ទឹក​ដែល​ហូរ​ពី​«​អូរ​ធំ​» ធ្លាក់ចូល​ស្ទឹង​សៀមរាប មាន​ប្រភពពី​ភ្នំ​គូ​លេន ដែលមាន​ចំងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទិសឦសាន​នៃ​រមណីយដ្ឋាន​អង្គរ​។ ចំណែក​«​អូរ​ក្បាលស្ពាន​» វិញ មាន​ប្រភពពី​ភ្នំ​ក្បាលស្ពាន និង​ភ្នំ​ក្រោល​។​



​ទឹក​ដែល​ហូរ​តាម​អូរ​ធំ និង​អូរ​ក្បាលស្ពាន ទទួល​មន្ត​ពី​ចម្លាក់​ជាច្រើន មានដូចជា សហ​ស្រ​លិង្គ ឫ​ហៅថា​លិង្គ​មួយ​ពាន់ ដែល​ត្រូវបាន​ឆ្លាក់​នៅ​ឆ្នាំ ១០៥៤​នៃ​គ​.​ស ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១​។ ទឹក​នះ​ហូរ​ធ្លាក់​ចូលទៅ​ស្ទឹង​សៀមរាប បន្ត​កាត់​តាម​អង្គរ និង​ធ្លាក់ចូល​បឹង​ទន្លេសាប​។ តាម​អ្នកមាន​ជំនឿ ទឹក​នេះ​ជា​ប្រភព​នៃ​សេចក្តី​ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ​។​

​ដោយសារតែ​ភាព​អស្ចារ្យ​នៃ​ស្ទឹង​សៀមរាប​នេះ ទើប​អ្នកស្រាវជ្រាវ​ខ្លះ បាន​ប្រៀប​ស្ទឹង​សៀមរាប ដូច​ទៅនឹង​ទន្លេ​គង្គា​នៅ​ប្រទេស​ឥណ្ឌា​។ ទន្លេ​គង្គា​មាន​ប្រភពពី​ភ្នំ​ហិមពាន្ត​។ តាម​សាសនាព្រាហ្មណ៍ ទន្លេ​នេះ​មានកំណើត​នៅ​ឋានសួគ៌​។​



​តែ​យ៉ាងណា​ស្ទឹង​សៀមរាប​នេះ កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​សម្រស់​បន្តិច​ម្ដងៗ ដោយសារតែ​បញ្ហា​សំរាម និង​បរិស្ថាន​នៅ​ជុំវិញ​នោះ​។ តាមពិតទៅ​ទីតាំង​ទឹកស្ទឹង​សៀមរាប​នេះ មាន​ផ្នែក​ខ្លះ​នៅ​រក្សា​សោ​ភណ្ឌ​ភាព​ស្អាត​ដដែល ដោយមាន​ការយកចិត្ត​ទុកដាក់​ថែរក្សា និង​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​។ ប៉ុន្តែ​ផ្នែក​ខ្លះទៀត​នៃ​ស្ទឹង​សៀមរាប បាន​បាត់បង់​សោ​ភណ្ឌ​ភាពជា​បណ្ដើរ​ហើយ ដោយសារតែ​ខ្វះ​ការចូលរួម​ថែរក្សា​។ ដោយ​ធ្វើដំណើរ​តាម​មាត់​ស្ទឹង​សៀមរាប ចាប់ពី​ចំណុច​ភូមិ​ស្ពាន​ជ្រាវ ភូមិ​ពោធិ៍​បន្ទាយ​ជ័យ និង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប រហូត​ភូមិ​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ខេត្តសៀមរាប គេ​សង្កេតឃើញ​សំរាម​អណ្ដែត​នៅលើ​ទឹក និង​ការ​ទុកដាក់​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ដែល​ធ្វើឱ្យប៉ះពាល់​សោ​ភ័​ណ្ឌ​ភាព​ទឹកស្ទឹង​សៀមរាប​។​

​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប លោកស្រី សឹង រៀម មើលឃើញថា បញ្ហា​សំរាម​ដែល​កំពុង​បំផ្លាញ​សម្រស់​ស្ទឹង​សៀមរាប​នេះ វា​បណ្ដាលមកពី​ការយល់ដឹង​របស់​ពល​រដ្ឋ​ផង និង​ការខ្វះ​ចិត្ត​ទុកដាក់​សម្អាត​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​ផង​។ មាន​សម្បុរ​ស្រអែម កំពុង​អង្គុយ​លក់ដូរ​ចាប់ហួយ​នៅក្នុង​ផ្ទះ ស្ត្រី​ចំណាស់​រូបនេះ បាន​និយាយថា ពលរដ្ឋ​នៅក្នុង​ភូមិ​លោកស្រី​ខ្លះ មិនទាន់​ចូលរួម​ថែរក្សា​បរិស្ថាន​បានល្អ​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​សំរាម​ទៅ​បោះចោល​ចូលក្នុង​ទឹកស្ទឹង​សៀមរាប ហើយ​អ្នក​ខ្លះទៀត​វេច​ខ្ចប់​ទុកដាក់​មិនបាន​ល្អ ដោយ​ធ្វើឱ្យ​សំរាម​ទាំងនោះ​រសាត់​តាម​ភ្លៀង និង​ខ្យល់​ធ្លាក់ចូល​ទៅក្នុង​ទឹក​ទៀតផង​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោកស្រី សឹង រៀម ដែល​អះអាងថា គ្រួសារ​ខ្លួន បានរៀបចំ​ទុក​សំរាម​បាន​ត្រឹមត្រូវ​នោះ បាន​និយាយ​ដូច្នេះ​៖«​សំរាម​ដែល​ហូរ​មក​នៅក្នុង​ស្ទឹង​នេះ គឺ​វា​ហូរ​មកពី​តំបន់​ទឹក​ខាងលើ​(​មកដល់​ចំណុច​ភូមិ​អារញ្ញ​) ហើយ​ពលរដ្ឋ​ខ្លួន​ខ្លះទៀត គាត់​យក​សំរាម​មក​បោះចោល​ក្នុង​ទឹកតែ​ម្ដង​…​។ ខ្ញុំ​កំពុង​ព្រួយ​ពី​បញ្ហា​សំរាម​ដែលមាន​ជាតិគីមី​ចេញពី​ប្លា​ស្ទិ​ក​នេះ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ក្មេង និង​ចៅៗ​របស់ខ្ញុំ​»​។​

​ក្រៅពី​បញ្ហា​សំរាម​បំផ្លាញ​សម្រស់​ស្ទឹង​សៀមរាប​ហើយ វា​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​យុវជន ដា​នី​ម ដែល​ស្នើឱ្យ​អាជ្ញាធរ និង​ពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​។​

​មានបទពិសោធន៍​៣​ឆ្នាំ លើ​ការងារ​បរិស្ថាន​នេះ លោក ស៊ា សុផល បាន​និយាយថា ពលរដ្ឋ​ភាគច្រើន​គាត់​មិនសូវ​ដឹងថា បញ្ហា​សំរាម ជាពិសេស​កាកសំណល់​ប្លា​ស្ទីក​នេះ វា​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​កម្រិត​ណា​នៅឡើយ​នោះទេ ដូច្នេះហើយ​ទើប​ពួកគេ​ខ្វះ​ការប្រុងប្រយ័ត្ន​លើ​ការសម្អាត និង​រៀបចំ​ទុកដាក់​សំរាម​នេះ​។ សកម្មជន​បរិស្ថាន​ប្រចាំខេត្ត​សៀមរាប​រូបនេះ បាន​បញ្ជាក់ថា ទីតាំង​ទឹកស្ទឹង បឹង អូរ គឺជា​ទីកន្លែង​ដ៏​ពេញនិយម​របស់​ពលរដ្ឋ ដែល​បោះ​សំរាម​ចោល​ឱ្យ​ផុតពី​ភ្នែក​។​



«​តាមពិត​ស្ទឹង​គឺជា​កន្លែង​មួយ​ខុសច្បាប់ ដែល​យើង​សំរាម​ទៅ​ដាក់ និង​បោះចោល​។ ហើយ​កន្លែង​(​ស្ទឹង​សៀមរាប​) ហ្នឹង ខ្ញុំ​បាន​មើល​ដែរ ចាប់ពី​តំបន់​ក្រវ៉ាត់​ក្រុង​សៀមរាប​ហ្នឹង ឃើញថា​ប្រជាជន​យើង គាត់​មិន​ព្រមយក​សំរាម​ដាក់​នៅមុខ​ផ្ទះ​គាត់​ទេ គាត់​បែរជាយក​សំរាម​ហ្នឹង​ទៅ​ដា​ក់នៅ​មាត់​ស្ទឹង​វិញ ដែល​ធ្វើឱ្យ​សំរាម​ងាយ​ធ្លាក់ចូល​ទឹក តាម​មេឃ​ភ្លៀង ឬ​តាម​សត្វ​ដែរ​។ ចំណែក​អ្នកប្រមូល​សំរាម ក៏​គាត់​ពិបាក​ចុះ​ប្រមូល​សំរាម​តាម​ទឹក​ដែរ​»​។ នេះ​ជាការ​លើកឡើង​លោក ស៊ា សុផល ដែល​បាន​បន្ថែមថា លោក​នឹង​សហការ​ជាមួយ​អាជ្ញាធរខេត្ត ចុះ​ពង្រឹង​ការអប់រំ​ពលរដ្ឋ​បន្ថែមទៀត​លើ​បញ្ហា​សំរាម​នេះ​។​

​បញ្ហា​សំរាម​មិន​មកពី​កំហុស​របស់​អាជ្ញាធរ​ទាំ​ង​ស្រុង​នោះទេ ប៉ុន្តែ​វា​ក៏ត្រូវ​ការចូល​ពី​ពលរដ្ឋ​ផងដែរ​។ លោក ស៊ុន គង់ ប្រធាន​មន្ទី​បរិស្ថាន​ខេត្តសៀមរាប បាន​និយាយថា មន្ត្រី​ជំនាញ​បរិស្ថាន​និង​អាជ្ញាធរ បាន​ចុះ​អប់រំ​ពលរដ្ឋ​កន្លងមក​ដែរ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​មិនទាន់​អនុវត្តតាម​វិធានការ​ក្រសួង​នៅឡើយ​។ ដោយសារតែ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​មន្ទីរ​បរិស្ថាន​ខេត្ត ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ដាក់ចេញ​វិធានការ​ផាកពិន័យ​លើ​អ្នក​ដែល​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នេះ​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​រូបនេះ បាន​និយាយថា​៖«​ជាទូទៅ​គេ​មាន​គោលការណ៍​ច្បាស់​ហើយ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ផាកពិន័យ​លើ​អ្នក​បោះ និង​គ្មាន​ការ​ទុកដាក់​សំរាម​ត្រឹមត្រូវ​។ ប៉ុន្តែ​ក្នុងការ​អនុវត្ត​ផាកពិន័យ​នេះ យើង​មិនទាន់​អនុវត្ត​ទេ ដោយ​ត្រូវការ​ពេលវេលា​ក្នុងការ​រៀបចំ​ចាត់ចែង​ជាមួយ​អាជ្ញាធរ​ក្រុង សង្កាត់ ស្រុក​បន្តទៀត​»​។​

​ក្នុង​មួយថ្ងៃ ខេត្តសៀមរាប មាន​សំរាម​ប្រមាណ​ពី​២៩០ ទៅ​៣០០​តោន​។ ក្នុងនោះ​មាន​សំរាម​សំណល់​រឹង​ប្រមាណ​ជា​៩​តោន​។ នេះ​បើតាម​កញ្ញា រ៉​ន សា​រួម ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ហ្កា អ៊ី យ៉ា ភីអិលស៊ី ដែលជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ផ្ដាច់មុខ​នៅ​ខេត្តសៀមរាប បាន​បន្ថែមថា សំរាម​ដែល​ក្រុមហ៊ុន​ប្រមូលបាន ត្រូវ​យកទៅ​បែង​ចែកជា​ពីរ​ផ្នែក ទៅតាម​ប្រភេទ​សំណល់​រឹង និង​សំណល់​រាវ (​ប្លា​ស្ទីក សំណល់​ផ្ទះបាយ និង​សំណល់​ពេទ្យ​ជាដើម​) មុននឹង​យកទៅ​ទម្លាក់ចោល​នៅ​ទីលាន​ចាក់សំរាម​។ បើតាម​កញ្ញា សា​រួម ក្រុមហ៊ុន​កញ្ញា ក៏​កំពុងមាន​គម្រោង​កែច្នៃ​សំបក​ដប ទៅ​ប្រយោជន៍​ប្រើប្រាស់ ខណៈ​សំណល់​ប្លា​ស្ទិ​ក​កំពុងស្ថិត​នៅក្នុង​គម្រោង​សិក្សា​កែច្នៃ​របស់​ក្រុមហ៊ុន​។​

​មិនមែន​តែ​ស្ទឹង​សៀមរាប ដែលជា​ស្ទឹង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ខេត្តសៀមរាប​មួយ​ទេ ដែល​ត្រូវ​ដោះស្រាយ ពោលគឺ​ទីតាំង​ក្នុង​ខេត្តសៀមរាប​ទាំងមូល ក៏ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឱ្យបាន​ល្អ​ដែរ​។ ត្រង់ចំណុច​នេះ​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​នឹង​ចុះទៅ​រៀបចំ​សំអាត​បរិស្ថាន ជាពិសេស​អប់រំ​ពី​បញ្ហា​កាកសំណល់​ប្លា​ស្ទិ​ក នៅក្នុង​សាលាសង្កាត់​កំរើក ដើម្បី​ធ្វើជា​សារ​មួយ​ដាស់តឿន​ស្មារតី​ពលរដ្ឋ ឱ្យ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន និង​សំរាម​នេះ​៕
អត្ថបទទាក់ទង


Tag:
 ​សំរាម​
  ស្ទឹង​សៀមរាប​
  ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com