ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​រយៈពេល​៩​ខែ ទៅ​អឺរ៉ុប​ធ្លាក់ចុះ​៣០​ភាគរយ តែ​កើន​ទៅ​ចិន​៤៤​ភាគរយ​
03, Oct 2019 , 6:29 pm        
រូបភាព
រូបពីMC Smile Smile
រូបពីMC Smile Smile
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេចបាន ៣៩,៨ ម៉ឺន​តោន ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩ ដែល​កើន​តិចតួច ពោលគឺ​កើន ២,៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​



​ក្នុងចំណោម​ការនាំចេញ​សរុប​ទាំង​៣​ត្រីមាស​ឆ្នាំ​២០១៩​នេះ ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ធ្លាក់ចុះ ៣០​ភាគរយ ខណៈ​តួលេខ​នាំទៅ​ចិន​កើន​៤៤​ភាគរយ​។ ជាមួយគ្នានេះ ការនាំ​ចេញទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កើន​ជាង​២៧​ភាគរយ​ផងដែរ​។​

​លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ធ្លាក់ចុះ​ព្រោះ​វិធាន​យកពន្ធ Safeguard របស់​សហភាព​អឺរ៉ុប​មកលើ​កម្ពុជា​។ តែ​លោក​បញ្ជាក់ថា ការធ្លាក់ចុះ​នាំចេញ​នៅ​ទីផ្សារ​អឺរ៉ុប​នេះ គឺ​ធ្លាក់ចុះ​ការនាំចេញ​ប្រភេទ​អង្ក​រស ឯ​អង្ករ​ក្រអូប​នៅ​រក្សា​ទំហំ​ប្រហាក់ប្រហែល​មុន​។​

​អគ្គលេខាធិការ CRF រូបនេះ ឲ្យ​ដឹងថា ការនាំចេញ​សរុប​មួយឆ្នាំ​២០១៩ ត្រូវបាន​ប៉ាន់​ស្មានថា​នៅតែមាន​កំណើន តែ​មិន​លើស​១០​ភាគរយ​។ លោក លន់ យ៉េ​ង ថ្លែង​ដូច្នេះ​ថា​៖«​ស្ថានភាព​នេះ​មើលទៅ​នៅមាន​កំណើន​សម្រាប់​ក្នុងឆ្នាំនេះ បើ​ធៀប​នឹង​ឆ្នាំមុន អាច​មិន​ច្រើនជាង​១០​ភាគរយ​ទេ កំណើន​ហ្នឹង​»​។​

​លោក លន់ យ៉េ​ង ប្រាប់ថា មូលហេតុ​ដែល​នាំ​ឲ្យ​វាយតម្លៃថា​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៩ នៅតែ​កើនឡើង ព្រោះ​កូតា​នាំទៅ​ចិន ដែលជា​អ្នកបញ្ជា​ទិញ​ធំ​របស់​កម្ពុជា នៅសល់​ច្រើន ពោលគឺ​១៤​ម៉ឺន​តោន​ទៀត ដែល​កម្ពុជា​នឹង​ជំរុញ​ការនាំចេញ​នេះ​។ ឆ្នាំ​២០១៩​នេះ កូតា​ដែល​ចិន​បើក​ឲ្យ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​ខ្លួន​គឺ​៣០​ម៉ឺន​តោន ហើយ​ឆ្នាំក្រោយ​គឺ​ទំហំ​៤០​ម៉ឺន​តោន​។​

​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​នាំចេញ​អង្ករ​ជាង ៦២​ម៉ឺន​តោន ធ្លាក់ចុះ​១,៥​ភាគរយ​។ គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​នាំចេញ​អង្ករ​ដែល​កត់ត្រា​ក្នុង​ច្រកចេញចូល​តែមួយ​ខាងលើ កម្ពុជា​នាំចេញ​ស្រូវ​អង្ករ​ទៅ​ប្រទេសជិតខាង​យ៉ាងច្រើន​។ ក្នុងអំឡុងពេល​៩​ខែ​ឆ្នាំ​២០១៩ ស្រូវ​អង្ករ​នាំទៅ​ប្រទេស​វៀតណាម និង​ថៃ មាន​បរិមាណ ១,៧​លាន​តោន​។ នេះ​បើតាម​តួលេខ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៕

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com