ជាតិ
នយោបាយជាតិ
អគ្គមេបញ្ជាការ អះអាងថា ដីកាចាប់លោក សម រង្ស៊ី បញ្ជូនទៅគ្រប់ប្រទេសអាស៊ានហើយ
× លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លើកឡើងថា រដ្ឋាភិបាលកម្ពុជា បានបញ្ជូនដីកាចាប់លោក សម រង្ស៊ី ទៅដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ានគ្រប់អស់ហើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុក «អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ»។
ការលើកឡើងរបស់លោក វង្ស ពិសេន គឺនៅក្នុងជំនួបជាមួយវរសេនីយ៍ឯក Sarayuth Bunchheur អនុព័ន្ធយោធាកងទ័ពជើងគោកនៃកងទ័ពភូមិន្ទថៃ និង វរនាវីឯក Chaktourong Diphingtun អនុព័ន្ធយោធាកងទ័ពជើងទឹកនៃកងទ័ពភូមិន្ទថៃប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។ លោកទាំងពីរ ចូលជួបលោក វង្ស ពិសេន ដើម្បីជម្រាបលា បន្ទាប់ពីលោកទាំងពីរ ត្រូវចប់អាណត្តិការទូតយោធានៅកម្ពុជា។
គេទំព័រក្រសួងការពារជាតិ ក៏បានចុះផ្សាយពីជំនួបរវាងលោក វង្ស ពិសេន និង មន្ត្រីយោធាថៃទាំងពីរូបនោះដែរ។ គេហទំព័រក្រសួងការពារជាតិ បានស្រង់សម្តីរបស់លោក វង្ស ពិសេន ទៅចុះផ្សាយថា៖«ទណ្ឌិត សម រង្ស៊ី បានដើរឆ្លងផុតបន្ទាត់ក្រហមនៃលទ្ធិប្រជាធិបតេយ្យហើយ ហើយមួយទៀតលើផ្នែកនយោបាយ ទណ្ឌិត សម រង្ស៊ី កំពុងបង្ហាញធាតុពិត ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលជាអ្នកទោសក្បត់ជាតិ មិនអាចលើកលែងបានឡើយ។ អ្នកពាក់ព័ន្ធ ក៍ត្រូវមានទោសទៅតាមច្បាប់របស់កម្ពុជាដូចគ្នា»។
ក្រសួងការពារជាតិកម្ពុជា ពុំបានសរសេរពីការឆ្លើយតបរបស់លោកអនុព័ន្ធយោធាកងទ័ពថៃទាំងពីរនាក់នោះទេ ចំពោះបញ្ហារបស់លោក សម រង្ស៊ី។ បើតាមក្រសួងការពារជាតិកម្ពុជា លោក Sarayuth Bunchheur អំណរគុណភាគីកម្ពុជាវិញ ដែលកម្ពុជា បានផ្ដល់គ្រប់លទ្ធភាព ដល់លោកទាំងពីរ ក្នុងការបំពេញការងារការទូត សម្រាប់អាណត្តិការទូតយោធារបស់ពួកលោកប្រចាំកម្ពុជា។ លោកទាំងពីរ ចូលជួបអគ្គមេបញ្ជាការកម្ពុជា ដើម្បីជម្រាបលា បន្ទាប់ពីលោកទាំងពីរ ត្រូវចប់អាណត្តិការទូតយោធានៅកម្ពុជា។
លោក សម រង្ស៊ី និង គ្នីគ្នា៨នាក់ទៀត រួមមាន អ្នកស្រី ជូឡុង សូមូរ៉ា (ភរិយារបស់លោក សម រង្ស៊ី) អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ត្រូវបានតុលាការកម្ពុជា ចោទពីបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ទោសនេះ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ។ តុលាការ បង្គាប់ឲ្យតាមចាប់មេដឹកនាំក្រុមប្រឆាំងទាំងនោះ យកមកឃុំជាបណ្តោះអាសន្ន។
ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ទើបតែមានប្រទេសម៉ាឡេស៊ីទេ ដែលមានចម្លើយអំពីករណីលោក សម រង្ស៊ី ដោយលោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ អះអាងថា រដ្ឋាភិបាលម៉ាឡេស៊ី ពុំទាន់ទទួលបានដីកានេះពីកម្ពុជានៅឡើយទេ។ ការផ្តល់ចម្លើយរបស់លោក មហាធៀ មហាម៉ាត់ គឺនៅក្នុងសន្និសីទកាសែតមួយ នៅឯអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យប៊ែលធិ យ៉ាងដូច្នេះថា៖«ពិតហើយ ឯកឧត្តម មហាធៀ មហាម៉ាត់ បានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត ថា គាត់មិនទាន់បានទទួលសាលដីកាតុលាការពីកម្ពុជាទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា ប្រហែលជាបែបបទនីតិវិធីតែប៉ុណ្ណោះ ប៉ុន្តែយើងបានផ្ញើទៅបណ្តាប្រទេសអាស៊ានទាំងអស់»។
លោក សម រង្ស៊ី ប្រកាសថា លោក នឹងដឹកនាំកម្លាំងចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ៕
Tag:
វង្ស ពិសេន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com