ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
កសិករ​ស្រុក​ស្អាង ដន តារា​រិ​ទ្ធ ងាក​មក​ដាំ​បន្លែ​សរីរាង្គ​ដោយ​មិន​បារម្ភ​បញ្ហា​ទីផ្សារ​និង​សុខភាព​
04, Oct 2019 , 2:48 pm        
រូបភាព
ដោយ:
​កណ្តាល​៖ លោក ដន តារា​រិ​ទ្ធ បានចាប់ផ្តើម​ដាំ​ដុះ​បន្លែ​សរីរាង្គ​រយៈពេល​៤​ឆ្នាំ​ហើយ​។ តាំងតែ​ពី​ចាប់ផ្តើម​ដាំ​មក លោកតា​រា​រិ​ទ្ធ ថា​លោក​ពុំ​ធ្លាប់​ប្រឈម​នឹង​បញ្ហា​ទីផ្សារ​នោះទេ ហើយ​ថែម    ទាំង​លក់បាន​តម្លៃ​ខ្ពស់ ជាង​បន្លែ​ដែល​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ពីរ​ទៅ​បី​ដង​ទៀតផង​។​



លោក ដន តារា​រិ​ទ្ធ ជា​អ្នក​ដាំ​បន្លែ នៅក្នុង​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។ រយៈពេល​៤​ឆ្នាំ​ហើយ ដែល​កសិករ​រូបនេះ បាន​ដូរ​ពី​ការដាំ​បន្លែ​ដែល​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​មក​ដាំ​ដុះ​បន្លែ​សរីរាង្គ​មានដូចជា​តាំងឱ​,​ស្ពៃក្រញាញ់​,​ស្ពៃ​ខ្មៅ​,​ស្ពៃ​តឿ ស្ពៃក្តោប និង​ដើម​ខាត់ណា​វិញ​។ លោក ដន តារា​រិ​ទ្ធ ពន្យល់​ប្រាប់​សារព័ត៌មាន ThmeyThmey25 ពី​មូលហេតុ​លោក​ប្តូរ​ចិត្ត​មក​ដាំ​បន្លែ​សរីរាង្គ​នេះ ដោយសារ​ថា​បន្លែ​ដែល​ប្រើប្រាស់​ថ្នាំ​កសិកម្ម មានតម្លៃ​មិន​ទៀងទាត់  ហើយ​ពេលខ្លះ​កសិករ​រូបនេះ​លក់​បន្លែ​ខាត​ផង​ក៏មាន​។ លើសពីនេះ លោក តារា​រិ​ទ្ធ ក៏​បារម្ភ​ពី​សុខភាព​ផ្ទាល់ខ្លួន​ផង​។​

សូមអញ្ជើញទស្សនាវីដេអូខ្លី ដូចតទៅ៖ 



​បើតាម​លោក តារា​រិ​ទ្ធ ការដាំ​បន្លែ​សរីរាង្គ មិន​ត្រឹម​មិន​ពិបាក​ថែទាំ​នោះទេ ប៉ុន្តែ​តម្លៃ​ក៏​លក់បាន​ថ្លៃ​ជាង​ទ្វេដង ធៀប​នឹង​បន្លែ​ដែល​លោក​ដាំ​ពីមុន​។ តម្លៃ​នេះ ជា​តម្លៃ​ក្នុង​កិច្ចសន្យា​ដែល​បានកំណត់​គ្នា​រួច​រវាង​អ្នក​ដាំ និង​អ្នកទិញ​។ លោក ដន តារា​រិ​ទ្ធ បញ្ជាក់បន្ថែម​ពី​ចំណូល​ដែល​លោក​ទទួលបាន​ថា​៖«​ក្នុង​រយៈពេល​មួយខែ​កន្លះ ខ្ញុំ​អាច​ទទួលបាន​ចំណូល ជាង​១​លាន​រៀល ទៅ​ជាង​២​លាន​រៀល ពេល​ប្រមូល​ផល​បន្លែ​ស្លឹក​ម្តងៗ នៅក្នុង​ទំហំ​ដី​ទទឹង​៦​ម៉ែត្រ និង​ជាមួយ​បណ្តោយ​៤៥​ម៉ែត្រ​។ ផ្ទៃដី​ប៉ុន​ហ្នឹង​បើ​ទូទាត់ ថ្លៃ​ជី​កំ​ប៉ុ​ស្ត និង​ថ្នាំ​ជីវសាស្ត្រ​តិចតួច ខ្ញុំ​អាច​ទទួល​ប្រាក់ចំណេញ​បាន​ជាង​១​ពាន់​ដុល្លារ ព្រមទាំង​ទទួល​សុខភាព​ថែមទៀត ដោយ​មិនចាំបាច់​ស្ពាយ​ធុង​បាញ់ថ្នាំ​គីមី​ដូច​ពីមុន​»៕
 

Tag:
 កសិកម្ម
  ស្រុកស្អាង
 
© រក្សាសិទ្ធិដោយ thmeythmey.com