អន្តរជាតិ
បន្ទាប់ពីអ៊ុយក្រែន លោក ត្រាំ ហៅចិនស៊ើបអង្កេតលោក បៃឌិន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត បានប្រកាសសុំជំនួយពីកម្លាំងបរទេសអន្តរាគមន៍ក្នុងការបោះឆ្នោតអាមេរិក ដោយស្នើឲ្យក្រុងប៉េកាំងបើកការស៊ើបអង្កេតលើគូប្រជែងនយោបាយបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន ។ ការប្រកាសជាសាធារណៈថ្មីនេះ គឺស្រដៀងគ្នាទៅនឹងសំណើចំពោះអ៊ុយក្រែន ដែលឈានដល់ផ្ទុះការបើកនិតីវិធីស៊ើបសួរដកហូតតំណែងលោកប្រធានាធិបតីក្នុងរដ្ឋសភាអាមេរិក។
ប្រាប់អ្នកសារព័ត៌មានមុនចាកចេញពីសេតវិមានអាមេរិក ទៅកាន់រដ្ឋ Florida នៅថ្ងៃទី៣ ខែតុលា លោក ដូណាល់ ត្រាំ ជឿជាក់ថា ក្រុងប៉េកាំង គួរស៊ើបអង្កេតលោក បៃឌិន និងកូនប្រុសលោក គឺ ហាន់ធ័រ បៃឌិន។ លោក បញ្ជាក់បែបនេះ៖«ដូចគ្នាអ៊ីចឹងដែរ ចិនគួរចាប់ផ្តើមបើកការស៊ើបអង្កេតមួយលើលោក បៃឌិន និងកូនប្រុស ព្រោះអ្វីបានកើតឡើងក្នុងប្រទេសចិន គឺ អាក្រក់ដូចអ្វីកើតឡើងក្នុងប្រទេសអ៊ុយក្រែន»។
លោក ត្រាំ និងមេធាវីផ្ទាល់ខ្លួនលោក គឺលោក Rudy Giuliani បានចោទប្រកាន់ថា អតីតអនុប្រធានាធិបតីអាមេរិកលោក បៃឌិន បានជួយជ្រោមជ្រែងអាជីវកម្មរបស់កូនប្រុសក្នុងប្រទេសចិន និងអ៊ុយក្រែនដោយអសុក្រឹត ក៏ប៉ុន្តែអ្នកទាំងពីរពុំទាន់បានផ្តល់ភស្តុតាងណាមួយនៅឡើយទេ។ លោក បៃឌិន គឺជាគូប្រជែងលេចធ្លោមួយសម្រាប់បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ ដែលត្រៀមប្រណាំងប្រជែងជាមួយលោកដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋក្នុងការបោះឆ្នោត ២០២០ខាងមុខ។
ក្នុងការជជែកតាមទូរសព្ទមួយកាលពីខែ កក្កដា កន្លងទៅ លោកត្រាំ បានដាក់សម្ពាធឲ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលីនស្គី បើកការស៊ើបអង្កេតលើលោកបៃឌិន និងកូនប្រុសជុំវិញសំណុំរឿងពុករលួយ។ លោក ហាន់ធ័រ បៃឌិន ដែលជាកូនប្រុស ធ្លាប់ជាសមាជិកម្នាក់នៃគណៈកម្មការប្រធាននៃក្រុមហ៊ុននាំចេញឧស្ម័នធម្មជាតិដ៏ធំមួយរបស់អ៊ុយក្រែន ចន្លោះពីឆ្នាំ២០១៤ ដល់ ខែមេសា ឆ្នាំ២០១៩។
ក្រោយបែកធ្លាយរឿងសុំអន្តរាគមន៍ពីបរទេសក្នុងការបោះឆ្នោតអាមេរិកនេះ ប្រធានរដ្ឋសភាអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី កាលពីសប្តាហ៍មុន បានប្រកាសបើកដំណើរការស៊ើបអង្កេតកាលពីសប្ដាហ៍មុន។
សូមរម្លឹកផងដែរថា ករណីស្រដៀងគ្នានេះក៏បានកើតឡើងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ផងដែរ។ កាលនោះ លោក ត្រាំ បានប្រកាសលើកទឹកចិត្តជាសាធារណៈឲ្យមានការលូកដៃពីសំណាក់ប្រទេសរុស្ស៊ីក្នុងយុទ្ធនាការបោះឆ្នោត ពាក់ព័ន្ធនឹងរឿងអ៊ីម៉ែលដ៏ចម្រូងចម្រាសរបស់លោកស្រី គ្លីនតុន ដែលជាបេក្ខភាពបក្សប្រជាធិបតេយ្យ។ លោក បញ្ជាក់នៅពេលនោះថា៖«រុស្ស៊ី ប្រសិនបើអ្នកកំពុងស្តាប់ ខ្ញុំសង្ឃឹមថាអ្នកអាចស្វែងរកអ៊ីម៉ែលទាំង៣ម៉ឺនសារដែលបាត់។ ខ្ញុំ គិតថា អ្នកនឹងអាចបានរង្វាន់ពីរឿងនេះ»៕
Tag:
សហរដ្ឋអាមេរិក
ចិន
រុស្ស៊ី
អ៊ុយក្រែន
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com