ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី ប្រាប់​អ្នកពាក់ព័ន្ធ​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ ឲ្យ​ឆាប់​សារភាព ដើម្បី​រួច​ទោស​
04, Oct 2019 , 8:19 pm        
រូបភាព
លោក គឹម​ សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក គឹម​ សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
ដោយ: ថ្មីៗ
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្រើនរម្លឹក​អ្នក​ដែល​ចូលរួម​ក្នុង​ផែនការ​របស់​ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង ដើម្បី​ធ្វើ​រដ្ឋប្រហារ ឲ្យ​ឆាប់​ចាកចេញ​វិញ ហើយ​សារភាព​កំហុស ឲ្យ​បាន​មុនពេល​តុលាការ​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ​។ លោក អះអាងថា បើ​សារភាព​បាន​មុន​ការចោទប្រកាន់ ពួកគេ នឹង​ទទួលបាន​ការលើកលែង​ទោស​។



​លោក គឹម សន្តិភាព  សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​សូម​បងប្អូន ដែល​កំពុង​បន្ត​អនុវត្ត​ផែនការ​ប៉ុង​ប៉ង [​ធ្វើ​] រដ្ឋប្រហារ​នេះ ដកខ្លួន​មក​សារភាព​ដល់​សមត្ថកិច្ច​ជាបន្ទាន់ នោះ​បងប្អូន​នឹង​រួច​ផុតពី​ទោស​នេះ  ដោយ​កុំ​រង់ចាំ​ដល់​មានការ​ចោទប្រកាន់​»​។ 

​មាត្រា​៤៥៤​នៃ​ក្រមព្រហ្មទណ្ឌ ចែងថា បុគ្គល​ណា​ដែល​បាន​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់ [​ជាតិ​] ត្រូវ​លើកលែង​ឲ្យ​រួច​ផុតពី​ការទទួល​ទោស ប្រសិនបើ​មុន​ការចោទប្រកាន់ បុគ្គល​នោះ បានបង្ហាញ​ប្រាប់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ពី​អត្ថិភាព​នៃ​អំពើ​នេះ ហើយ​បាន​នាំ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៃ​អ្នកចូលរួម​ដទៃទៀត​។ 

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ម្នាក់ទៀត គឺ​លោក ជិន ម៉ា​លីន ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា បើ​អ្នកពាក់ព័ន្ធ​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ ចេញមក​សារភាព​មុន​ការចោទប្រកាន់ ព្រះរាជអាជ្ញា នឹង​សម្រេច​មិន​ចោទប្រកាន់​ឡើយ​។ លោក បន្តថា ចំពោះ​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​រួចហើយ ហើយ​ទើប​សារភាព​តាម​ក្រោយ នោះ​ទោសកំហុស​របស់​ពួកគេ មាន​កម្រិតណា គឺ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។

​លោក ពន្យល់​បែបនេះ​ថា​៖«​ចៅក្រម នឹង​ពិចារណា ជួនកាល ទម្លាក់​បទ​ចោទ​ចេញ ជួនកាល​សម្រាលទោស​ឲ្យ​ពួកគេ​»​។​

​មកដល់ពេលនេះ សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​មិនតិចជាង​២០​នាក់​នោះទេ ដែល​បាន​រង​ការចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ ដោយ​តុលា​ការលើក​ហេតុផល​ថា ពួកគេ បាន​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ ឲ្យ​ត្រៀម​ទ​ទួ​លោក សម រង្ស៊ី និង​គាំទ្រ​ផែនការ​របស់លោក សម រង្ស៊ី ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល​កម្ពុជា​។ ក្នុងចំណោម​សកម្មជន​និង​មន្ត្រី​ទាំងនោះ មាន​អ្នកខ្លះ កំពុង​ជាប់ឃុំ និង​អ្នកខ្លះ រត់គេចខ្លួន​។

​បើ​ផ្អែកលើ​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​ឬ​ផ្តួលរំលំ​រដ្ឋាភិបាល ត្រូវ​ជាប់​ពីបទ​រួមគំនិត​ក្បត់ជាតិ ដោយ​ត្រូវ​ផ្តន្ទាទោស​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ហើយ​បើ​បុគ្គល​នោះ ជា​អ្នករាជការ​សាធារណៈ ត្រូវ​ជាប់ពន្ធនាគារ ពី​១០​ឆ្នាំ ទៅ ២០​ឆ្នាំ​។

​ចំណែក ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​អតីត​គណបក្សប្រឆាំង ដែល​រួមមាន លោក សម រង្ស៊ី អ្នកស្រី ជូ​ឡុង សូ​មូរ៉ា អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថា​វរិ​ន្ទ្រ និង លោក នុត រំដួល ត្រូវបាន​តុលាការ​កម្ពុជា ចោទ​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ ពួកគេ ត្រូវបាន​តុលាការ ចាត់ទុកថា ជា​ក្រុម​មេដឹកនាំ ដែល​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​។

​មាត្រា​៤៥១​និង​មាត្រា​៤៥២​នៃ​ក្រមព្រហ្មទណ្ឌ កំណត់ថា បុគ្គល​ឬ​ក្រុម​មេដឹកនាំ ដែល​ចូលរួម​ផ្ទាល់ ក្នុង​ការរៀប​ផែន​ការធ្វើ​រដ្ឋប្រហារ ត្រូវ​ផ្តន្ទាទោស​ពី «​បទ​ឧបឃាត​» ដោយ​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ ហើយ​បើ​ជនល្មើស​ជា​អ្នករាជការ​សាធារណៈ ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត​»​។

​លោក សម រង្ស៊ី ប្រកាសថា លោក នឹង​ដឹកនាំ​កម្លាំង​ប្រជាពលរដ្ឋ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយនឹង​រួម​កម្លាំង​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ទន្ទឹមនេះ លោក ថែមទាំង​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ហើយ​ចុះចូល​ជាមួយ​លោក​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ឲ្យ​បាន បើ​លោក ពិតជា​មកដល់​កម្ពុជា​ដូច​ការគ្រោងទុក​មែន​។ ប្រមុខ​រដ្ឋាភិបាល បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា​៖«​ខ្ញុំ បន់​ឲ្យ​តែ​ថ្ងៃ​៩​វិច្ឆិកា មកដល់​ទេ​»៕ 


Tag:
 គឹម សន្តិភាព​
  សម រង្ស៊ី
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com