អន្តរជាតិ
លោក ប្រា​យុទ្ធ ព្រមាន​ចាប់ខ្លួន​អ្នកបើកបរ​យានយន្ត​បញ្ចេញ​ផ្សែង​បំពុល​
04, Oct 2019 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៣ ខែតុលា បាន​ព្រមាន​ចាប់ខ្លួន​អ្នកបើកបរ​យានយន្ត​ចាស់​ដែលមាន​ផ្សែងហុយ​ទៅ​បំពុលបរិយាកាស​។ លោក ប្រា​យុទ្ធ ព្រមាន​បែបនេះ​នាឱកាស​ចូលរួម​ពិធី​បង្ហាញ​គោលនយោបាយ​រដ្ឋ​ភិ​បាល​ទៅកាន់​ក្រុម​កសិករ​ថៃ​។​



​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ក៏ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការ​បំ​ភាយ​ផ្សែង​ពុល ដែល​បណ្តា​លពី​ពពួក​យានយន្ត​ចាស់ៗ​នេះ​ផងដែរ​។ នេះ​ជាការ​ព្រមាន​បន្ថែមទៀត​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ លោក​ប្រាប់​កសិករ​ថៃ​ថា ពួកគេ​ក៏​អាចជួយ​រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​រូបធាតុ​បំពុល​តូចៗ​មាននៅ​ក្នុង​បរិយាកាស​នេះ​បាន តាមរយៈ​កាត់បន្ថយ​ការដុត​សម្រាម ឬ​វត្ថុ​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​បរិយាកាស​មិន​ស្អាត​។​

​ការព្រមាន​របស់លោក ប្រា​យុទ្ធ ធ្វើឡើង​បន្ទាប់ពី​កម្រិត​ល្អងធូលី​ក្នុង​បរិយាកាស​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ខណ្ឌ​ជុំវិញ កើនឡើង និង​ធ្វើ​ឲ្យ​ខ្យល់​កាន់តែ​កខ្វក់​ធ្ងន់ធ្ងរ រហូត​លោក​ប្រាប់​ឲ្យ​ប្រជាជន និង​ទេសចរ​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។

​ចំណាត់ការ​នានា កំពុង​រៀបចំឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់​មិនមាន​សុវត្ថិភាព​នេះ​។ អគ្គនាយកដ្ឋាន​ការងារ​ឧស្សាហកម្ម លោក Prakob Vivitjinda បាន​និយាយថា អាជ្ញាធរ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចួលរួម​ជាមួយ​កងទ័ពអាកាស​ក្នុងការ​លុបបំបាត់​បញ្ហា​បំពុលបរិយាកាស ដោយ​ដាក់ពង្រាយ​ឧបករណ៍​វាស់​កម្រិត PM២.៥ នៅតាម​តំបន់​ដែលមាន​រោងចក្រ​ច្រើន និង​បញ្ជូន​ក្រុមអធិការកិច្ច​ដើម្បី​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​។​

​នាយកដ្ឋាន​ក៏​គ្រោង​នឹង​ដំឡើង​ឧបករណ៍​សម្អាត​ទឹក​កខ្វក់​បន្ថែមទៀត ដែល​អាច​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ជាង​៥​រយ​ម៉ែត្រគូប​ជា​រៀងរាល់ថ្ងៃ​ដើម្បី​សម្អាត​ខ្យល់​កខ្វក់​។ ការដំឡើង​ឧបករណ៍​នេះ​នាពេល​កន្លងមក បានបង្ហាញ​ថា​វាទ​ទួលបាន​ជោគជ័យ​រួចទៅហើយ​៕




© រក្សាសិទ្ធិដោយ thmeythmey.com