ជាតិ
សេដ្ឋកិច្ច
៩​ខែ​កន្លងមក បារាំង អង់គ្លេស ឆេ​ក និង​នូ​វែ​ល​សេ​ឡង់ ជា​ម៉ូយ​បន្លែ​ដ៏​ធំ​របស់​កម្ពុជា​
04, Oct 2019 , 9:19 pm        
រូបភាព
លោក រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ពិនិត្យបន្លែ​ដែល​ដាក់​លក់​លើទីផ្សារ។ រូបថត ក្រសួងកសិកម្ម​
លោក រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ពិនិត្យបន្លែ​ដែល​ដាក់​លក់​លើទីផ្សារ។ រូបថត ក្រសួងកសិកម្ម​
​ភ្នំពេញ​៖ រយៈពេល​៩​ខែ​ដំបូង ឆ្នាំ​២០១៩ នេះ កម្ពុជា បាន​នាំចេញ​បន្លែ​សុវត្ថិភាព​បាន​ជាង​១៣៥​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​គិត​ជា​មធ្យម មាន​បរិមាណ ០,៤២​តោន​ក្នុង​ថ្ងៃ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល​៩​ខែ ២​ថ្ងៃ​សម្រាប់​ឆ្នាំ​២០១៩​។​



​បារាំង សាធារណរដ្ឋ​ឆេ​ក អង់គ្លេស និង​នូ​វែ​ល​សេ​ឡង់ បាន​ក្លាយជា​អតិថិជន​នាំមុខគេ​ដែល​បាន​បញ្ជា​ទិញ​បន្លែ​សុវត្ថិភាព​ពី​កម្ពុជា​។ ពន្យល់​បន្ថែម​ពីលើ​របាយការណ៍​ក្រសួង លោក គៀន សុភា ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey ថា បន្លែ​ដែល​បាន​នាំចេញ​នៅ​ទីផ្សារ​អន្តរជាតិ​នោះ​មាន​ទាំង​បន្លែ​ដែល​ដាំ​ដោយ​ប្រជាកសិករ​តាម​ផ្ទះ​ធម្មតា និង​ក្រុមហ៊ុន ដែល​ពួកគេ​មាន​ទីផ្សារ​ស្រាប់​នៅ​បរទេស​។

​ក្នុងចំណោម​បន្លែ ១៣៥, ៥៤​តោន ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​នៅ​បារាំង សាធារណរដ្ឋ​ឆេ​ក អង់គ្លេស និង​នូ​វែ​ល​សេ​ឡង់ ល្ហុង ត្រប់ ត្រសក់ ម្រះ មាន​ចំនួន​ច្រើនជាងគេ រួមជាមួយ​បន្លែ​ស្លឹក​មួយចំនួន​ផងដែរ​។ ដោយឡែក កាលពី​ថ្ងៃទី​៣ ខែតុលា លទ្ធផល​នៃ​ការនាំចេញ​កសិផល​តាម​ច្រកចេញចូល​តែមួយ បង្ហាញថា បន្លែ​ប្រមាណ​១,៣៥​តោន ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​បារាំង​។​

​លោក គៀន សុភា អះអាង ថា​កម្ពុជា​អាច​ផលិត​បន្លែ​ចម្រុះ បានជា​មធ្យម​៥០០​ទៅ​៦០០​តោន​ក្នុង​មួយថ្ងៃ ក្នុងនោះ​មាន​បន្លែ​សុវត្ថិភាព​ចំនួន​៦០​តោន​។ ខេត្ត​ដែល​ផលិត​អាច​ផលិត​បន្លែ​បាន​ច្រើនជាងគេ មាន​បាត់ដំបង ត្បូងឃ្មុំ កណ្តាល និង​ខេត្តព្រៃវែង​។

​ទន្ទឹមនឹង​ការផលិត​បន្លែ​បាន​ប្រចាំ​ថ្ងៃនេះ កម្ពុជា​ក៏​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម ចន្លោះ​ពី​២០០​ទៅ​៤០០​តោន​ផងដែរ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​ចំនួន​សរុប​១,០៦៦​តោន​ក្នុង​មួយថ្ងៃ​។

«​ដោយឡែក ការនាំចេញ​បន្លែ​ទៅ​ទីផ្សារ​អន្តរជាតិ​នេះ គឺជា​ច្បាប់ពាណិជ្ជកម្ម​ដែលជា​ការដោះដូរ​ដោយ​មួយ ដោយ​ទីផ្សារ​អន្តរជាតិ​ឃើញ​បន្លែ​យើង​ល្អ​បាន​គេ​សម្រេច​បញ្ជា​ទិញ​បន្លែ​យើង​ក្នុងតម្លៃ​ល្អប្រសើរ​ណាមួយ​។ ក្រៅពី​ទីផ្សារ​អឺរ៉ុប សូម្បីតែ​ប្រទេស​វៀតណាម ក៏​បញ្ជា​ទិញ​បន្លែ​ប្រចាំថ្ងៃ​ពី​យើង​ផងដែរ​។ គ្រាន់តែ​ស្ថិតនៅ​ក្រៅផ្លូវការ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក គៀន សុភា​។

​ជាមួយគ្នានេះ​ផងដែរ លោក​បាន​អះអាង​ជនជាតិ​វៀតណាម​បាន​បញ្ជា​ទិញ​បន្លែ​ពី​ប្រជាកសិករ​នៅក្នុង​ស្រុក​កំពូល​ខេត្តកណ្តាល ចំនួន​១០​តោន​ក្នុង​មួយថ្ងៃ  និង​មាន​ការប្រមូលទិញ​បន្លែ ដែល​ផលិត​នៅ​ស្រុក​ខ្មែរ​ពី​តំបន់​ផ្សេងៗ​ផងដែរ ពិសេស​ទិញ​ពី​ប្រជាកសិករ​ដែល​រស់​នៅតាម​បន្ទ​ត់​ព្រំដែន​។

​កម្ពុជា​អាច​នាំ​បន្លែ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​បាន ដោយ​ទទួលបាន​តម្លៃ​ខ្ពស់ គឺជា​ការ​ដំណឹង​ល្អ ពិសេស​សម្រាប់​ប្រជាកសិករ​ដែល​អ្នក​ផលិត​ផ្ទាល់​តែម្តង​។ បច្ចុប្បន្ន​ថ្វី​ដ្បិត​ការផលិត​បន្លែ​របស់​ក​សិ​ករ​ស្រុក​មិនទាន់​គ្រប់​នឹង​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ដល់​កសិករ​ឲ្យ​កាន់តែ​បង្កើន​ការផលិត​បន្លែ ពិសេស​ដែលមាន​សុវត្ថិភាព​និង​ស្តង់ដារ​។ នេះ​ជាការ​លើកឡើង​របស់លោក ផាត សុវណ្ណ មន្ត្រី​កសិកម្ម​នៃ​អង្គការ GRET​។

​លោក​បាន​បន្ថែមថា ទន្ទឹមនឹង​ការបង្កើន​ការផលិត​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​របស់​ប្រជាកសិករ​នៅតាម​តំបន់​នីមួយៗ ក៏ត្រូវ​ទាមទារ​ការចូលរួម​ជា​ចាំបាច់​ពី​សំណាក់​រដ្ឋាភិបាល ពិសេស​ក្រសួង​ពាក់ព័ន្ធ​តែម្តង ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កសិករ​កំពុង​ជួបប្រទះ ដូចជា​ខ្វះ​ប្រភពទឹក​ស្រោចស្រព​ដំណាំ​ក្នុង​រដូវប្រាំង និង​បញ្ហា​ខ្វះ​ទីផ្សារ និង​ការផ្តល់​បច្ចេកទេស​នៃ​ការដាំដុះ​បន្លែ ជាដើម​៕

Tag:
 កសិកម្ម​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com