អន្តរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឲ្យយោបល់លោកស្រីការី ឡាំ ចុះចេញពីតំណែង លោក មហាធៀ (ឆ្វេង) ចាប់ដៃជាមួយ លោកស្រី ការី ឡាំ នៅជំនួបកំពូល APEC ឆ្នាំ២០១៨ នៅ Port Moresby (នាយកដ្ឋានព័ត៌មានម៉ាឡេស៊ី)
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បាននិយាយថា មេដឹកនាំហុងកុង លោកស្រី ការី ឡាំ គួរលាលែងពីតំណែង ខណៈបាតុកម្មក្នុងទីក្រុងនេះកាន់តែហិង្សា និងគ្មានបង្ហាញសញ្ញាចុះថមថយបន្តិចសោះ។ មេដឹកនាំរូបនេះ ព្រមានថា លទ្ធផលចុងក្រោយរបស់ហុងកុង គឺដូចអ្វីដែលបានកើតឡើងក្នុងទីលានធានអានមិន។
ឆ្លើយនឹងអ្នកសារព័ត៌មាន នាសន្និសីទព័ត៌មានមួយនាទីក្រុងគូឡាឡាំពួ នៅថ្ងៃសុក្រ ទី៤ តុលាលោក មហាធៀ លើកឡើងថា លោកស្រី ការី ឡាំ កំពុងជាប់គាំងចន្លោះជម្រើស២ដែលពិបាកសម្រេច។ មួយគឺដើរតាមមនសិការលោកស្រី ហើយមួយទៀតគឺ គោរពតាមបញ្ជាពីក្រុងប៉េកាំង។
ត្រង់ចំណុចនេះ មេដឹកនាំវ័យចាស់វង្សារូបនេះ លើកឡើងបែបនេះ៖«មនសិការលោកស្រី [ការី ឡាំ] ប្រាប់ថា ប្រជាជនហុងកុង គឺត្រឹមត្រូវក្នុងការបដិសេធច្បាប់ [បត្យាប័ន]។ ក៏ប៉ុន្តែលោកស្រី ដឹងពីលទ្ធផលនៃការបដិសេធច្បាប់នេះ។
សំដៅដល់ព្រឹត្តិការណ៍បង្ហូរឈាមនៅទីលានធានអានមិនក្នុងឆ្នាំ១៩៨៩ លោកនាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរូបនេះ បញ្ជាក់ថា លោកគិតថា នៅទីបំផុតទៅ ចិននឹងបញ្ជូនកងទ័ពចូលទីក្រុងហុងកុង ហើយចាត់វិធានការធ្ងន់ធ្ងរដើម្បីបំបែកក្រុមបាតុករ។ ក៏ប៉ុន្តែសម្រាប់រដ្ឋបាលលោកស្រី ការី ឡាំ លោកមហាធៀ យល់ឃើញថា ការចុះចេញពីតំណែងជាជម្រើសដ៏ល្អបំផុត។
ការលើកឡើងរបស់លោក មហាធៀ នេះ ធ្វើឡើងខណៈរដ្ឋាភិបាលហុងកុងមានផែនការ ដាក់បម្រាមការប្រើម៉ាសបិទមុខ។ ការហាមប្រាមនេះ ស្ថិតក្រោមច្បាប់បន្ទាន់ (emergency law) ដែលមានតាំងពីសម័យអាណានិគមអង់គ្លេសមកម្ល៉េះ ប៉ុន្តែពុំត្រូវបានប្រើឡើយក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយនេះ។
ចំណាត់ការថ្មីរបស់អាជ្ញាធរហុងកុងនេះដែរ ក៏កើតឡើងក្រោយពីបាតុករម្នាក់ត្រូវបានបាញ់ដោយសមត្ថកិច្ចក្នុងការតវ៉ាហិង្សា កាលពីយប់ថ្ងៃ១ តុលា ខណៈចិនបានរៀបចំខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋចិនក្នុងទីក្រុងប៉េកាំង។ ក្រោយមក បាតុករវ័យ១៨ឆ្នាំរូបនេះ ត្រូវបានប៉ូលិសចោទប្រកាន់ពីបទធ្វើកុបកម្ម និងប្រើហិង្សាលើសមត្ថកិច្ច៕
Tag:
ហុងកុង
មហាធៀ
ការីឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com