Gabriel Martinelli បង្ហាញទេពកោសល្យដ៏ល្អដោយស៊ុតបាល់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងជួយ Arsenal យកឈ្នះ Standard Liege ៤-០ ក្នុងការប្រកួត Europa League នៅរាត្រីថ្ងៃទី៣ តុលា។ Martinelli ធ្លាប់ជាយុវជនរបស់ Manchester United តែត្រូវក្រុមរហស្សនាមបិសាចក្រហមបោះបង់ចោល ដ្បិតធ្វើតេស្តិ៍មិនជាប់ រហូតទៅចូលរួមជាមួយកាំភ្លើងធំនៅ២ឆ្នាំបន្ទាប់។
យុវជនសញ្ចាតិប្រេស៊ីលវ័យ១៨ឆ្នាំ Martinelli កំពុងធ្វើឲ្យអ្នកគាំទ្រកាំភ្លើងធំមានការភ្ញាក់ផ្អើលតាមរយៈការបង្ហាញខ្លួន២ប្រកួតតែអាចស៊ុតបញ្ចូលទីបានដល់ទៅ ៤គ្រាប់។ ២គ្រាប់ដំបូងធ្វើបាននៅពេលរូបគេបង្ហាញខ្លួនឲ្យ Arsenal លើកទី១ ក្នុងជ័យជម្នះលើ Nottingham Forest ៥-០ នាជំនួបពាន EFL Cup កាលពីសប្តាហ៍មុន។
តាមរយៈទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នេះ អ្នកគាំទ្រ Arsenal បាននាំគ្នាបង្ហោះសារលើបណ្តាញសង្គម Twitter ដើម្បីត្រូលក្រុម Man Utd ដែលបោះបង់ឱកាសទទួលបានកីឡាករល្អដូចជា Gabriel Martinelli នេះដោយខ្លួនឯង។
Martinelli បានក្លាយជាកីឡាករពេញសិទ្ធិរបស់ Arsenal នៅដើមរដូវកាលនេះជាមួយកិច្ចព្រមព្រៀងតម្លៃ ៧,៥លានដុល្លារ ដែលនេះគួរតែជាឱកាសរបស់ក្រុមបិសាចក្រហមទៅវិញទេ។ មិនត្រឹមតែ Man Utd ឡើង ក្លិបយក្សអេស្ប៉ាញ Barcelona ក៏ធ្លាប់មានឱកាសទទួលបានរូបគេដែរ។ នេះមានន័យថា Arsenal បានផ្តួលក្លិបយក្សអឺរ៉ុបទាំង ២ ដើម្បីទទួលបាន Martinelli។
អ្នកគាំទ្រ Arsenal ម្នាក់សរសេរលើ Twitter ដើម្បីឌឺដងទៅ Man Utd ថា៖«អរគុណ Man Utd ដែលបានបដិសេធចុះហត្ថលេខាទទួកយក Martinelli នៅពេលគាត់ទៅសាកល្បងសមត្ថភាពនៅទីនោះ។ Man Utd ស៊ុតចំគោលដៅ ០ នៅយប់នេះ - Martinelli ទាត់ចូល២គ្រាប់ម្នាក់ឯង»។
Arsenal ទទួលបាន៦ពិន្ទុពេញពីការប្រកួតពីលើក ក្នុងវគ្គសន្សំពិន្ទុពូល F នៃក្របខណ្ឌពានលំដាប់ទី២អឺរ៉ុប។ ចំណែកនៅ Premier League វិញក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៏ស្ថិតនៅចំណាត់ថ្នាក់ទី៤ មាន១២ពិន្ទុ ខណៈដែលមាន Man Utd នៅលេខរៀងទី១០ មាន៩ពិន្ទុ ក្រោយការប្រកួត៧លើកដូចគ្នា៕