​ភាពយន្ត​៣​រឿង​នៅ​ទសវត្សរ​៦០​ដែល​ទិញ​ពី​ថៃ​មកវិញ នឹង​ចាក់​បញ្ចាំង​នៅ CKCC
ជាតិ
សិល្បះ
​ភាពយន្ត​៣​រឿង​នៅ​ទសវត្សរ​៦០​ដែល​ទិញ​ពី​ថៃ​មកវិញ នឹង​ចាក់​បញ្ចាំង​នៅ CKCC
04, Oct 2019 , 4:47 pm        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត​ខ្មែរ​ជំនាន់​ដើម​ក្នុងអំឡុង​ទសវត្ស​ទី​៦០ រឿង​ខ្យងស័ង្ខ កាកី និង​រឿង​ពិជ័យ​វង្សា ដែល​ត្រូវបាន​រក្សាទុក​នៅ​ថៃ ហើយ​ក្រុម​ភាពយន្ត​កម្ពុជា​ទើប​ទិញ​មកវិញ​នោះ នឹង​ចាក់​បញ្ចាំង​ឱ្យ​ទស្សនា​ដោយ​សេរី និង​ឥតគិតថ្លៃ ក្នុង​រយៈពេល​បី​ថ្ងៃ​។ ខ្សែភាពយន្ត​ខ្មែរ​ជំនាន់​ដើម​នេះ នឹង​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​២២​ដល់​២៤​តុលា ឆ្នាំ​២០១៩ នៅក្នុង​កម្មវិធី «​មួយ​ម៉ឺន​អាល័យ​» លើក​ទី​៥ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC)​។



​បើតាម​លោក យាង វណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា ការស្វែងរក​និង​ប្រមូល​ទិញ​ភាពយន្ត​ខ្មែរ​ជំនាន់​ដើមពី​បរទេស​វិញ​ដែល​បាន​បាត់បង់​ក្នុងសម័យ​ខ្មែរក្រហម គឺ​ដើម្បី​ចាក់​បញ្ចាំង​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ពិសេស​យុ​វន ដែល​ស្រលាញ់​វិស័យ​ភាពយន្ត​ខ្មែរ ឱ្យបាន​ទស្សនា​ទាំងអស់គ្នា និង​សិក្សា​ស្វែងយល់​អំពី​ខ្សែភាពយន្ត​ខ្មែរ​ពី​សម័យ​អតីតកាល​ដោយ​រក​ចំណុច​ណា​ល្អៗ​សម្រាប់​ធ្វើជា​បទពិសោធ​ន៍​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង និង​វិស័យ​ភាពយន្ត​ខ្មែរ​នាពេល​បច្ចុប្បន្ន​។ 

«​ការបង្កើត​ប្រព្រឹត្ត​ការណ៍​ការចាក់​បញ្ចាំងភាពយន្ត​ខ្មែរ​ជំនាន់​ដើម​ជា​រៀងរាល់​ឆ្នាំនេះ គឺ​ដើម្បី​ជំរុញ​ទឹកចិត្ត​យុវជន​ខ្មែរ​ទាំងអស់​ឱ្យ​ចេះ​ស្រលាញ់​និង​ឱ្យ​តម្លៃ​នូវ​អ្វី​ដែលជា​របស់​ខ្លួនឯង ជាពិសេស​របស់​ដែល​មនុស្ស​ជំនាន់​ដើម​បាន​បន្សល់​ទុកឱ្យ​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់​ចូលគ្នា​ចូលរួមចំណែក ដើម្បី​ស្វែងយល់ និង​ដឹងថា តើ​កម្ពុជា​យើង​មាន​អ្វី​? កម្ពុជា​សល់​អ្វីខ្លះ​ពី​សម័យ​សង្គ្រាម​? គ្មាន​អ្វីខ្លះ​? ហើយ​យើង​គួរ​បំពេញបន្ថែម​ដោយ​របៀប​ណា នៅពេលដែល​យើង​ឃើញ​ចន្លោះ​ខ្វះខាត​ក្នុង​វិស័យ​ភាពយន្ត​ភាព​យើង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក យាង វណ្ឌី ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៤​តុលា​។



​លោក​បាន​អះអាង​ដូច្នេះ គិត​ត្រឹម​ពេលនេះ​ភាពយន្ត​ខ្មែរ​ជំនាន់​ដើម ដែល​ក្រុមព្រះ​សូរិយា​បាន​ទិញ​ពី​ប្រទេស​ថៃ​ត្រឡប់មកវិញ​មាន​ចំនួន​១២​រឿង​។ ១២​រឿងនេះ ក្រៅពី​បី​រឿង​ខាងលើ​មានរឿង​បំណុល​, អា​ជ័យ​មេ​គ្រេ​ត​, រន្ទះ​គ្រួសារ​, ទ្រូង​អូន​រហែក​, ព្យុះ​តណ្ហា​, អ៉ី​ណាវ​បុស្បា​, វិ​ឡុង​មាស​, ក្រពើ​ឆា​វ៉ាន់ (​ជា​របាំ​) និង​រឿង​ព្រះ​នាង​ព​ម្ពា​សរជាតិ​។ រឿង​ទាំងនោះ ត្រូវបាន​ថៃ រក្សាទុក​នា​រយៈពេល​កន្លងមក​។​

​ជាមួយគ្នានេះ លោក ស៊ិន ចាន់​សា​យ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាសថា ឆ្នាំ​២០១៩​នេះ ជា​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​កំណើត​ភាពយន្ត​ខ្មែរ ក្រោម​ស្នាម ព្រះហស្ត ព្រះបាទ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៤៩​។  លោក​បាន​បន្តថា ក្រសួង​វប្ប​ធ៌ តែងតែ​គាំទ្រ​ជានិច្ច ក្នុងការ​ស្រាវជ្រាវ និង​ការប្រមូលទិញ​ភាពយន្ត​ខ្មែរ​ជំនាន់​ដើមពី​បរទេស​មកវិញ​របស់​ក្រុមព្រះ​សូរិយា ដើម្បី​បង្ហាញ និង​រក្សាទុក​សម្រាប់​ក្មេងជំនាន់ក្រោយ  ព្រោះ​នៅក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​ទាំងអស់​នា​សម័យ​នោះ មានតម្លៃ​ធំ​២ ដែល​យុវជន​ខ្មែរ​បច្ចុប្បន្ន គួរ​ចង់ចាំ​និង​ត្រូវ​មើល​ឱ្យឃើញ នោះ​គឺ​គុណ​តម្លៃ​សេដ្ឋកិច្ច និង​គុណ​តម្លៃ​វប្បធម៌​។



​ទីប្រឹក្សា​ក្រសួង​វប្បធម៌​រូបនេះ​បាន​និយាយ​ដូ​ច្ន​៖«​យើង​មិន​ត្រឹមតែ​ចូលរួម​ដើម្បី​ទស្សនា ដើម្បី​យើង​គាំទ្រ តែ​យើង​ដឹង​អត់​ដឹងថា​យើង​ទៅ​មើល​អ្វីខ្លះ​ក្នុង​ភាពយន្ត​។ យើង​ត្រូវ​ឱ្យឃើញ​ពី​គុណ​តម្លៃ​សេដ្ឋកិច្ច និង​គុណ​តម្លៃ​វប្បធម៌ ក្នុង​ភាពយន្ត​។ ពិសេស​នៅក្នុង​ភាពយន្ត​ខ្មែរ​យើង​ដែល​ផលិត​នៅ​ទសវត្សរ៍​ឆ្នាំ​៥០,៦០​និង​៧០ មានគុណ​តម្លៃ​ពីរ​នេះ​ធំធេង​ណាស់​»​។

​បើតាម លោក ចាន់​សា​យ៉ា គុណ​តម្លៃ​សេដ្ឋកិច្ច​ក្នុង​ភាពយន្ត​ខ្មែរ គឺ​ផលិតផល​មួយ​ដែល​អាចធ្វើឱ្យ​ពាណិជ្ជកម្ម ធ្វើ​អាជីវ​កម្មបាន ដែល​ទទួលបាន​ចំណូល​ខ្ពស់​បើ​ធៀប​ទៅនឹង​មុខរបរ​ដទៃទៀត ក្នុងសម័យ​នោះ​។ រីឯ​គុណ​តម្លៃ​វប្បធម៌​វិញ​គឺ​តែងតែ​ស្ថិតនៅក្នុង​ស្នាដៃ​ភាពយន្ត​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​។ «​បើ​យើង​មើល​ស្នាដៃ​ភាពយន្ត​ទាំងនោះ​នាពេល​បច្ចុប្បន្ន យើង​នឹង​ឃើញ​គុំណ​តម្លៃ​វប្បធម៌​យ៉ាងច្រើន​នៅក្នុង​ស្នាដៃ​ទាំងនោះ ដែល​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ដែលជា​របស់​យើង អរិយធម៌​របស់​យើង ផ្នត់គំនិត របៀបរបប​មនុស្សរ​ស់​នៅក្នុង​សម័យ​នោះ​។
យើង​គ្រាន់តែ​លឺ​គេ​និយាយថា​មនុស្ស​ក្នុង​ទសវត្សរ៍​នោះ ល្អ​នេះ ល្អ​នោះ ប៉ុន្តែ​បើ​យើង​បាន​មើល​ភាពយន្ត​ទាំងនោះ​ផ្ទាល់​ភ្នែក យើង​កាន់​តែមាន​អ្វី​ជា​អំ​ណះ​អំ​ណាន​យ៉ាង​គ្រប់គ្រាន់ ថា​គុណ​តម្លៃ​នៃ​វប្បធម៌​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​ទាំងនោះ​គឺមាន​ធំធេង​ណាស់ ដែល​យើង​យុវជន​ចុងក្រោយ ត្រូវ​មើល ត្រូវ​ស្រលាញ់ ត្រូវ​ថែរក្សា ការពារ លើក​ត​ម្កើ​ន និង​ឱ្យ​តម្លៃ​ជានិច្ច​»​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក លោក ចាន់​សា​យ៉ា​៕

លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា


Tag:
 ភាពយន្ត​
  មរតក​ដើម​
© រក្សាសិទ្ធិដោយ thmeythmey.com