ហ៊ុន ច័ន្ទ​រាជ្យ ៖«​បើ​ឈរ​វ៉ៃ ឡុង ឡា​សង្ឃឹម​ឈ្នះ​ច្រើន ប៉ុន្តែ​បើ​គេ​ឱប​បោក​យើង​យ៉ាប់​បន្តិច​»
ONE Championship
កីឡាជាតិ
ជាតិ
ហ៊ុន ច័ន្ទ​រាជ្យ ៖«​បើ​ឈរ​វ៉ៃ ឡុង ឡា​សង្ឃឹម​ឈ្នះ​ច្រើន ប៉ុន្តែ​បើ​គេ​ឱប​បោក​យើង​យ៉ាប់​បន្តិច​»
04, Oct 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ នៃ​ក្លិប Cambodian Top Team បាន​ឲ្យ​ដឹងថា ការប្រកួត​នៅ​សង្វៀន ONE: WARRIOR SERIES រវាង ឡុង ឡា និង កីឡាករ​ជប៉ុន Asuka Tsubaki សង្ឃឹម​ឈ្នះ និង​ល្អមើល​ជាក់​ជាមិនខាន​។ ផ្ទុយទៅវិញ បើសិន​គូបដិបក្ខ​ជប៉ុន​ប្រើ​ក្បាច់​ឱប​ច្រើន​នោះ​យើង​នឹង​យ៉ាប់ ហើយ​ការប្រកួត​ក៏​មិនសូវ​ល្អមើល​ដែរ​។​


 
​ឡុង ឡា  ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិប Cambodian Top Team នឹង​ជួប​អ្នកលេង​គុន​ចម្រុះ​ម្ចាស់ផ្ទះ Asuka Tsubaki មកពី​ក្លិប Trident Gym នៅ​សង្វៀន ONE: WARRIOR SERIES នា​យប់​ថ្ងៃទី ៥ ខែ តុលា ខាងមុខ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ 

​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ បាន​អះអាងថា ៖«​ឡុង ឡា ធ្លាប់​ហ្វឹកហាត់ MMA ជាមួយ​ខ្ញុំ​រយៈពេល ៣ ឆ្នាំ​មកហើយ ប៉ុន្តែ​ផ្អាក​មួយរយៈ​ចុងក្រោយ​។  លើក​នេះ​យើង​បាន​ហាត់​ត្រៀម​ប្រកួត ជាង ៣ សប្ដាហ៍​មកហើយ​។ ខ្ញុំ​បាន​បង្ហាត់​ក្បាច់​ចាប់ ក្បាច់​ឃ្លេ និង ដោះ​សម្រាប់ ឡុង ឡា រួចហើយ​។ អ្វី​សំខាន់​តើ​ពេល​នៅលើ​សង្វៀន ឡុង ឡា អាច​បត់​បែប ឬ គិត​ទាន់​តាម​សភាពការណ៍​ឬ​អត់​»​។



​ក្នុង​កំណត់ត្រា​កន្លងមក ឡុង ឡា មិនទាន់មាន​បទពិសោធន៍​លើស​ង្វៀន ONE ប៉ុន្តែ មានបទពិសោធន៍​ប្រកួត​ដាក់​ទ្រុង​ក្នុងស្រុក​ប្រហែល ៧​ដង និង ធ្លាប់​ប្រកួត​ក្បាច់គុន​ចម្រុះ​ដោយ​វាយ​កីឡាករ​ថៃ​ឲ្យ​សន្លប់​ទៀតផង​។ រីឯ គូប្រកួត​ជាតិ​ជប៉ុន Asuka Tsubaki ប្រកួត​លើស​ង្វៀន ONE បាន​ចំនួន ២ លើក​ក្នុងនោះ​ឈ្នះ ១ និង ចាញ់ ១ ដង​។ Asuka ឈ្នះ​ពិន្ទុ​កីឡាករ​ចិន ZHUOJIANGCUO LUO កាល​ខែ កុម្ភៈ ក្រោយ​ចាញ់​កីឡាករ អា​ស៊ែ​បៃ​ហ្ស​ង់ Anvar Amirli ក្នុង​ទឹក​ទី​១​កាល ខែតុលា ឆ្នាំ ២០១៨ នៅ​សិង្ហ​បុរី​។

​លោក ហ៊ុន ចន្ទ​រាជ្យ សង្កត់ធ្ងន់ថា ៖«​កីឡាករ​ជប៉ុន ខុសពី​កីឡាករ​ថៃ ដែល​ឡុង ឡា ធ្លាប់​វ៉ៃ​ឲ្យ​សន្លប់​។ Asuka ច្បាស់​ជា​ចូលចាប់ ឡុង ឡា ច្រើនជាង​ការប្រកួត​គុន​ខ្មែរ​ព្រោះ​គេ​ជំនាញ​ខាង​ចាប់​។ ប៉ុន្តែ​យើង​បាន​ត្រៀម​គ្រប់​ក្បាច់​ដើម្បី​បង្ហាញខ្លួន​ឲ្យ​ល្អ​នៅ​ជប៉ុន​។ ឡុង ឡា នឹង​បើក​ក្បាច់​ប្រយុទ្ធ​បែប MMA និង គុន​ខ្មែរ​បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​»​។

​បែបណា​ក្ដី កីឡាករ​វ័យ ១៩ ឆ្នាំ បាន​តាំងចិត្ត​យ៉ាង​មោះមុត និង យកចិត្តទុកដាក់​ក្នុងការ​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​លើកដំបូង នៅ​សង្វៀន ONE​។ ឡុង ឡា ធ្លាប់​បង្ហើប​ថា ខ្លួន​មិនសូវ​ពូក​ចាប់ ប៉ុន្តែ រូបគេ​ពូកែ​ខាង​គុន​ខ្មែរ ដែល​នឹងធ្វើ​ឲ្យ​គូប្រជែង​ញញើត​នឹង​ការចូលចាប់​។ ឡុង ឡា មិន​ត្រឹមតែ​ហាត់​ជាមួយ​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ប៉ុន្តែ​រូបគេ​ក៏​ធ្លាប់​ហាត់​ក្បាច់​យូ​ដូ មាន​បោក ឃ្លេ និង ចាប់ ជាមួយ​គ្រូបង្វឹក​យូ​ដូ​ជម្រើសជាតិ​លោក ឡា​ច វុទ្ធី ដែរ​។ លោក ហ៊ុន ច័ន្ទ​រាជ្យ អមដោយ​កូនសិស្ស ចាន់ សំអាត និង ឡុង ឡា នឹង​ចេញទៅ​ជប៉ុន​នា​យប់​ថ្ងៃទី​២ តុលា​។

​គួរ​ដឹងថា ឡុង ឡា ចូល​ហាត់​ប្រដាល់​តាំងពី​ឆ្នាំ ២០១២ មកក្រោម​ការ​បង្វឹករ​ប​ស់លោក ផល សុភា នៅ​ក្លិប​មួយនា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយក៏​ប្ដូរ​មក​ក្លិប អប់រំ​កាយ​ខេត្ត​ខេត្តឧត្ដរមានជ័យ​ដូចគ្នា​។ មួយរយៈ​ចុងក្រោយ​នេះ ឡុង ឡា មាន​ប្រជាប្រិយភាព​គួរសម​តាមរយៈ​ការប្រកួត​ញឹកញាប់​លើស​ង្វៀន​ក្នុងស្រុក និង ការ​ចេញទៅ​ប្រកួត​លើស​ង្វៀន​នៅ​ប្រទេស​ថៃ​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com